(កំពង់ឆ្នាំង)៖ របាំង លប លូស្បៃ មុង ដែលមានពណ៌ចម្រុះជាង២០របាំង ត្រូវបានក្រុមឈ្មួញដាក់ស្ទាក់ចាប់ត្រីនៅក្នុងរដូវសម្រកនេះនៅក្នុងចំណុចបឹងធំ ក្រោយវត្តកំពង់បាស្រូវ ស្ថិតក្នុងភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជល់គីរី ខេត្តកំពង់ឆ្នាំង។

បើតាមការឲ្យដឹងពីប្រជាពលរដ្ឋដែលបានដឹកនាំក្រុ មការងារអ្នកសារព័ត៌មានចុះទៅថតផ្ដិតយករូបភាពនៅចំណុចទីតាំងខាងលើនេះ បានបញ្ជាក់ប្រាប់នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឲ្យដឹងថា របាំងលបលូស្បៃមុងដែលត្រូវបានក្រុមឈ្មួញដាក់ស្ទាក់ចាប់ត្រីខាង លើនេះ គឺស្ថិតនៅចំណុចបឹងធំ ដែលបឹងនេះបម្រើប្រយោជន៍ដល់ប្រជានេសាទចំនួន២ខេត្ត គឺខេត្តកំពង់ចាម និងខេត្តកំពង់ឆ្នាំង។ បច្ចុប្បន្នត្រូវបានក្រុមឈ្មួញដាក់របាំងលបលូស្បៃមុងដែលមានប្រវែងចាប់ពី៣០០ទៅ៥០០ម៉ែត្រលាតសន្ធឹងខ្វាត់ខ្វែងពេញផ្ទៃបឹង ដែលជាប្រការមួយធ្វើឲ្យហ្វូងត្រីមិនអាចចរាចរណ៍បាន។

ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងទៀតថា នៅចំណុចបឹងធំនេះផងដែរ ក៏មានព្រែកចំនួន២ខ្សែ(ប្រឡាយចាស់)ដោយមានគម្លាតចម្ងាយពីព្រែកមួយទៅព្រែកមួយប្រមាណជា៥០០ម៉ែត្រ ដោយឡែកនៅរដូវសម្រកទឹកហូរចាក់មកតាមព្រែកទាំង២នេះ ចូលមកក្នុងបឹងធំ និងហូរចេញពីបឹងធំតាមព្រែកធំមួយទៀតឈ្មោះ ព្រែកកំពង់បាស្រូវ ហូរចូលទៅក្នុងទន្លេវិញ ចំណែកព្រែកឬ ប្រឡាយចាស់ ទាំង២ខាងលើនេះ ប្រភពទឹកដែលត្រូវហូរចូលមកក្នុងបឹងធំនេះ ពីក្បាលទឹកខាងលើ គឺមានទំហំផ្ទៃទឹកធំធេងណាស់ រហូតរាប់សិបគីឡូម៉ែត្រការ៉េ ក្នុងនោះក៏មានតំបន់បឹងអភិរក្សពូជត្រីបឹងប្រាមួយផងដែរ។ ចំណែកព្រែកទាំង២នេះ រួមទាំងព្រែកកំពង់បាស្រូវដែលហូរចាក់ពីបឹងចូលទន្លេនេះដែរ នៅរាល់រដូវសម្រកឈ្មួញតែង តែបានដាក់របាំងផ្ជិតព្រែកស្ទាក់ចាប់ត្រីនៅគ្រប់រដូវ សម្រក ដែលធ្វើឱ្យហ្វូងត្រីទាំងនោះមិនអាចនាំកូន ចៅរបស់វាចុះមករកទន្លេដែលជាទីទឹកជ្រៅសម្រាប់ចិញ្ចឹមកូនចៅបន្តពូជពង្សបាននោះឡើយ។

លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង និងលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រក្ខាប្រមាញ់និងនេសាទខេត្ត ក៏បានបញ្ជាឲ្យកម្លាំងចម្រុះស្រុកជល់គីរី កាប់បំផ្លាញចោលនូវឧប ករណ៍នេសាទល្មើសច្បាប់ខាងលើនេះនៅថ្ងៃដដែលនេះផងដែរ។

ដោយឡែកលោកព្រះរាជអាជ្ញា ក៏បានបញ្ជាក់ដែរថា បើថ្ងៃនេះកម្លាំងចម្រុះរបស់ស្រុកបង្ក្រាប និងធ្វើការរុះរើមិនអស់ ថ្ងៃស្អែកលោកនឹងបញ្ជាឲ្យកម្លាំងចម្រុះរបស់ខេត្ត សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ចុះរុះរើនិងកាប់បំផ្លាញចោលមួយថ្ងៃទៀត ដោយធ្វើយ៉ាងណាត្រូវបង្ក្រាបឲ្យអស់មិនអនុញ្ញាតឲ្យកើតមានជាដាច់ខាតចំពោះឧបករ ណ៍នេសាទល្មើសច្បាប់ប្រើដោយរបាំងស្បៃមុងដូចខាងលើនេះនោះឡើយ៕