(កំពង់ធំ)៖ ក្នុងពិធីដង្ហែអង្គកឋិនទានមានវត្តមាន លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងឧកញ៉ា គុយ លាងគី លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ និងលោកស្រី លោក អ៊ី សុខឃី អគ្គស្នងការរងនគរបាលជាតិ លោក លោកស្រី និងពុទ្ធបរិស័ទចំណុះជើងវត្ត មានសទ្ធាជ្រះថ្លាបានប្រមូលបច្ច័យ២៧០លានរៀល ដង្ហែរទៅកាន់វត្តឥន្ទ្រីយ៍សំវរៈ ហៅវត្តកំពង់ធំ រសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ស្ថិតនៅភូមិក្តី សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។

លោក ងួន រតនៈ បានបញ្ជាក់ថា ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណះដែលកាន់ព្រះពុទ្ធសាសនាប្រាកដក្នុងចិត្តមកថាកាលដែលមានលទ្ធភាព និងធនធានធ្វើពិធីបុណ្យដង្ហែអង្គ កឋិនទានទៅប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាតាមទីអារាមនានានោះ នឹងទទួលបានអនិសង្ឃទាំងក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិ ជាពិសេសបានបញ្ជូនមហាកុសលទៅដល់បុព្វការីជនដែលបានធ្វើមរណកាលទៅកាន់លោកខាងមុខហើយនោះ។

លោកបន្តទៀតថា យើងទាំងអស់គ្នាមានឧិកាសជួបជុំធ្វើបុណ្យទាននាពេលនេះ គឺដោយសារមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណនៃអាណត្តិទី៧របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី។

លោកស្រី ឃួន ឃុនឌី លើកឡើងថា បុណ្យកឋិនទាននេះ ក៏ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឱ្យកាន់តែរុងរឿងនឹងគង់វង្សយូអង្វែងម៉្យាងទៀតក៏បានបង្ហាញឱ្យឃើញពីការជួបជុំរបស់ពុទ្ធបរិស័ទជិតឆ្ងាយដោយក្តីជ្រះថ្លានឹងបង្កើនសាមគ្គីភាពរវាងប្រជាពលរដ្ឋ នឹងអាជ្ញាធរក្នុងការរួមចំណែកអភិវឌ្ឍន៏ឱ្យកាន់តែរីកចម្រើន។

តាមទំនៀមទម្លាប់ជនណាបានធ្វើបុណ្យកឋិនទានដែលនាំអោយភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាងឈ្មោះថាជាអ្នកឱ្យសេចក្តីសុខដល់អ្នកដទៃក្នុងបច្ចុប្បន្នជាតិ ហើយកម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិសទ្ធ័ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណខន្ធយុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ៕