(សៀមរាប)៖ អង្គកឋិនទានមហាសាមគ្គីរបស់សប្បុរសជន និងប្រជាពុទ្ឋបរិស័ទជិតឆ្ងាយក្រោមគំនិតផ្តួចផ្តើមឡើងដោយអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ និងលោក ប៊ុន ថាឬទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និងលោកស្រី ព្រមទាំងលោកស្នង ការនគរបាលខេត្ត អាជ្ញាធរក្រុងសៀមរាប មន្ត្រីរាជការ និងប្រជាពុទ្ធបរិស័យចំណុះជើងវត្ត បានដង្ហែរទៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ប្រមូលបច្ច័យទៅកសាងសមទ្ធិផលក្នុងវត្ត នៅរសៀលថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ប្រមូលបច្ច័យបានចំនួន៤២,៧៥០,០០០រៀល។  

អង្គកឋិនទានមហាសាមគ្គី បានដង្ហែប្រទក្សិណ៣ជុំព្រះវិហារ ដោយមានការចូលរួមពីម្ចាស់ត្រ័យ ដូនជី តាជី និងប្រជាពុទ្ធបរិស័ទមកពីគ្រប់ទិសទីយ៉ាងច្រើនកុះករ ប្រកបដោយភាពអធិកអធមក្រៃលែង។  

តាមការបញ្ជាក់របស់លោកតាអាចារ្យវត្ត បានឲ្យដឹងអំពីអត្ថន័យ នៃបុណ្យអង្គកឋិនទានថា តាមទំនៀមទម្លាប់ប្រពៃណីព្រះពុទ្ធសាសនា និងការគោរពបូជារបស់ប្រជាពលរដ្ឋខ្មែរតាំងពីយូរណាស់មកហើយ បុណ្យកឋិនទានធ្វើបានតែរយៈពេល២៩ថ្ងៃប៉ុណ្ណោះ ចាប់ពីថ្ងៃ១រោច ខែអស្សុជ ដល់ថ្ងៃ១៥កើត ខែកត្តិក ដែលការប្រគេនព្រះសង្ឃក្រាលគ្រងនៅថ្ងៃណាមួយក៏បានដែរ ហើយវត្តមួយធ្វើកឋិនទានបានតែម្ដងទេក្នុងមួយឆ្នាំ។ 

លោកអាចារ្យបន្តថា កឋិន គឺជាសំពត់ដែលទាយក-ទាយិកា នាំយកគ្រឿងស្លៀកដណ្ដប់ ដែលដេរភ្ជាប់ដោយចេសមានឈ្មោះថា ( ចីវរ ) ទៅប្រគេនចំពោះភិក្ខុសង្ឃ ដែលបានគង់ចាំព្រះវស្សាអស់រយៈពេល៣ខែរួចមកហើយ ចំពោះបុគ្គលដែលធ្វើ គប្បីធ្វើឲ្យត្រូវតាមរបៀបវិន័យព្រះពុទ្ធដែរ ទើបកើតជាកឋិនពេញលក្ខណៈ។ ចំណែកអានិសង្ស គឺទាយកអ្នកធ្វើកឋិនបានអានិសង្សច្រើន ឯភិក្ខុសង្ឃអ្នកទទួលក្រាលគ្រង និង អនុមោទនា ក៏បានអានិសង្ស៥យ៉ាងដែរ។

ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក មានសង្ឃដិកាថា អង្គកឋិនទានសម្រាប់វត្តឆ្នាំនេះ កើតឡើងដោយហេតុ៤យ៉ាងគឺ
ទី១-ដោយសារជីដូនជីតា ប្រជាពុទ្ឋបរិស័ទបានស្តាប់ព្រះធម៌ ព្រះវិន័យ ព្រះពុទ្ឋសាសនា បានដឹងថា កឋិនទាន ជាកាលទានមានផលវិសេសជាងទានទាំងពួង ព្រោះបានផលដល់ទាយកម្ចាស់ទានផង បានអានិសង្ឍដល់ភិក្ខុជាបដិគ្គាហកៈអ្នកទទួលក្រាលគ្រង និងអ្នកអនុមោទនាផង។
ទី២-ដោយហេតុបានឃើញព្រះសង្ឃគង់ចាំវស្សាក្នុងវត្តបានរៀនសូត្រធម៌វិន័យ ប្រព្រឹត្តត្រឹមត្រូវតាមច្បាប់ព្រះពុទ្ឋសាសនា។
ទី៣-ដោយប្រជាពុទ្ឋបរិស័បានមើលឃើញអំពីហេដ្ឋារចនាសម្ព័ន្ឋវត្តមានអាយុកាលចំណាស់ និងរងនូវភាពទ្រុឌទ្រោមជាអន្លើៗ ខ្វះខាតទីសេនាសេនៈសម្រាប់ព្រះសង្ឃ។
ទី៤-ប្រជាពុទ្ឋបរិស័ទ បានឈ្វេងយល់ នូវអាយុសង្ខាររបស់ខ្លួនមិនទៀង និងមិនស្ថិតស្ថេរឡើយ ក៏នាំគ្នាសន្សំបុណ្យទានសម្រាប់ជាតិមុខរបស់ពួកគាត់រៀងៗខ្លួន។

ព្រះចៅអធិការ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះពុទ្ធបរិស័ទ សំខាន់ម្ចាស់ផ្តើមបុណ្យទាំងអស់ ដែលបាននាំយកត្រ័យចីវរ មកប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងវត្តប្រាសាទគោកចកនេះ។ ព្រះអង្គបានមានសង្ឃដិកាថា កឋិនទានមហាសាមគ្គីនេះ ប្រមូលបច្ច័យ សម្រាប់យកមកកសាងសមទ្ធិផលក្នុងវត្តនេះមានចំនួន៤២,៧៥០,០០០រៀល។

ព្រះចៅអធិការ ក៏សូមឲ្យវត្ថុស័ក្តិសិទ្ធិក្នុងលោក ពិសេសបារមីព្រះអង្គចេកព្រះអង្គចម យាមទេព តាដំបងដែក លោកតារាជ តាពេជ្ជ បារមីទេវតាគង់ប្រថាប់ថែរក្សានៅតាមប្រាង្គប្រាសាទនៅលើទឹកដីអង្គរ តាមជួយបីបាច់ថែរក្សាបងប្អូន ថ្នាក់ដឹកនាំទាំងអស់គ្រប់ទិវារាត្រីផង​ដែរ៕