(បាត់ដំបង)៖ អង្គកឋិនទានរបស់រដ្ឋបាលខេត្តបាត់ដំបង បានដង្ហែវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សា នៅវត្តឯក
រង្សីយារាម ហៅឯករង្សី នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ដឹកនាំដោយលោក សុខ លូ អភិបាលខេត្តបាត់ដំបង និងលោកស្រី ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អភិបាលក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរអង្គភាព ព្រមទាំងមន្ត្រីរាជការជិតឆ្ងាយទាំងអស់ បានអញ្ជើញចូលរួមដង្ហែ បុណ្យកឋិនទានសាមគ្គី របស់រដ្ឋបាលខេត្តបាត់ដំបងនេះ ស្ថិតនៅក្នុង ភូមិព្រែកនរិន្ទ ឃុំព្រែកនរិន្ទ ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៨ វិច្ឆិកា មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលខេត្ត រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្រោមការផ្តួចផ្តើមពីលោក សុខ លូ អភិបាលខេត្ត និងលោកស្រី និងលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត បានធ្វើអង្គកឋិនសាមគ្គីមួយនេះដោយបានជួបជុំពុទ្ធបរិស័ទរៀបចំពិធីក្រុងពាលីនមសិការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃ
ចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅសាលាខេត្តបាត់ដំបង។

យោងតាមប្រពៃណីព្រះពុទ្ធសាសនានាសម័យពុទ្ធកាលមកបានបង្ហាញថា ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះគឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថា ជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែ ដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។

លោក សុខ លូ បានថ្លែងថា យើងទាំងអស់គ្នា មានឧិកាសជួបជុំធ្វើបុណ្យទាននាពេលនេះ គឺដោយសារយើងមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់នយោបា
យបញ្ចកោណ នៃអាណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

បើតាមទំនៀមទំលាប់ តាំងពីសម័យពុទ្ធកាលមកបានពោលថា ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោកក្នុងអនាគត។

កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ្ធ ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីដែលបាន
ពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

បច្ច័យដែលប្រមូលបានពីអង្គកឋិនទានទាំងអស់នេះ បានវេរប្រគេនព្រះសង្ឃ ក្នុងពទ្ធសីមា វត្តឯករង្សីយារាម ហៅ ឯករង្សី ដើម្បីបន្តកសាងព្រះវិហារ និងសមិទ្ធផលនានា នៅក្នុងទីអារាមនេះ។ ក្រៅពីនេះបច្ច័យខាងលើ ក៏មានបច្ច័យចំនួនប្រគេនដល់ព្រះចៅអធិការវត្ត គ្រូសូត្រស្តាំ គ្រូសូត្រឆ្វេង និងព្រះសង្ឃដែលគង់នៅក្នុងវត្តទាំងអស់ផងដែរ៕