(ភ្នំពេញ)៖ នៅយប់ថ្ងៃអាទិត្យ ៧កើត ខែកត្ដិក ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជា ទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បានយាងមកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីបំពេញព្រះរាជទស្សនកិច្ចរយៈពេលមួយសប្តាហ៍នៅប្រទេសបារាំង។
តបតាមការយាងរបស់លោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង, ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យស្តេចយាងបំពេញព្រះរាជទស្សនកិច្ចទៅកាន់ទីក្រុងប៉ារីស ប្រទេសបារាំង កាលពីព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅនេះ។ ព្រះរាជដំណើរទស្សនកិច្ចរបស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូងទៅកាន់ប្រទេសបារាំងនាពេលនេះ មានព្រះរាជបេសកកម្មពិសេសចំនួនពីរ រួមមាន៖ ទី១) ការយាងបំពេញព្រះរាជទស្សនកិច្ចនៅបារាំង ដើម្បីលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងបារាំង, ទី២) យាងចូលរួមក្នុងសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីការអភិរក្សរមណីយ ដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ។
ព្រះមហាក្សត្រជាទីគោរពសក្ការៈ និងគណៈប្រតិភូជាន់ខ្ពស់បានយាង និងអញ្ជើញដល់អាកាសយាន្តដ្ឋានអន្តរជាតិប៉ារីសអ័រលី ប្រទេសបារាំងនៅវេលាម៉ោង២អាធាត្រថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ (ម៉ោងនៅកម្ពុជា) បន្ទាប់ពីចំណាយពេលយាងតាមព្រះទីនាំងយន្តហោះពិសេសអស់រយៈពេលប្រមាណ ១២ម៉ោង។ ព្រះរាជដំណើរយាងដល់អាកាសយានដ្ឋានអន្តរជាតិអ័រលី ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទទួលបានស្វាគមន៍ព្រះរាជដំណើរយ៉ាងខ្ពង់ខ្ពស់បំផុតពីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មបារាំង និងឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា អមដោយកងកិត្តិយសរបស់បារាំងផងដែរ។
បន្ទាប់ពីយាងដល់ទីក្រុងប៉ារីស ប្រទេសបារាំង នៅរសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះមហាក្សត្រខ្មែរស្តេចយាងជួបសវនាការជាមួយលោក អេម៉ានូអែល ម៉ាក្រុង ប្រធានាធិបតីបារាំង នៅវិមានអេលីហ្សេ។
ក្នុងព្រះរាជជំនួបសវនាការនោះ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានមានព្រះបន្ទូលរំលឹកអំពីជំនួបប្រកបដោយផ្លែផ្ការវាងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងលោកប្រធានាធិបតីបារាំង កាលពីខែធ្នូ ឆ្នាំ២០២២។ ព្រះករុណា ព្រះមហាក្សត្រ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះជំនួយគ្រប់រូបភាពដែល រដ្ឋាភិបាលបារាំងបានផ្ដល់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមនៅកម្ពុជា។ ជំនួយទាំងនោះបង្ហាញពីការយកចិត្ត ទុកដាក់របស់បារាំងចំពោះប្រទេសកម្ពុជា។
ព្រះមហាក្សត្រខ្មែរ ក៏បានថ្លែងអំណរគុណចំពោះបារាំង ដែលបានដើរតួនាទីសំខាន់ក្នុងការ បន្តយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គររយៈពេល១០ ឆ្នាំបន្ថែមទៀត (២០២៣-២០៣២) ដែលយន្តការនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៣ ក្រោមការផ្តួចផ្តើម និងអំពាវនាវ នៃព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។ គំនិតផ្ដួចផ្ដើមនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាគ្រប់ជំនាន់ចាត់ទុកជាអាទិភាព ទាំងក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ទាំងរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ព្រះករុណា ព្រះមហាក្សត្រ ក៏បានសំដែងនូវក្តីរំពឹងយ៉ាងខ្លាំងចំពោះ (១) គម្រោង នៃការសិក្សាការជួសជុល និងការពង្រីកសារមនី្ទរជាតិដោយ អ្នកជំនាញរបស់ បារាំង, (២) កិច្ចសហប្រតិបត្តិការរវាងសារមនី្ទរជាតិ និងសារមន្ទីរ Guimet និង (៣) ការជួសជុលរូបព្រះវិស្ណុផ្ទុំធ្វើពីសំរិទ្ធ រួមទាំងការតាំងបង្ហាញវត្ថុបុរាណខ្មែរនៅប្រទេសបារាំង និងសារមន្ទីរនានា។
លោកប្រធានាធិបតីបារាំង បានបញ្ជាក់ពីការប្តេជ្ញារបស់រដ្ឋាភិបាលបារាំងក្នុង ការបន្តជួយដល់វិស័យនានា ពិសេសវិស័យសុខាភិបាលនៅកម្ពុជា តាមរយៈការជួយដល់ការបណ្ដុះបណ្ដាលធនធានមនុស្ស ការគាំទ្រដល់កម្មវិធីបង្ការជំងឺឆ្លងពីសត្វទៅមនុស្ស ការវះកាត់ពីចម្ងាយ (Tele-Chirurgie) និងការប្រើប្រាស់បញ្ញាសិប្បនិម្មិតនៅក្នុងវិស័យនេះ។
លោកប្រធានាធិបតីបារាំង បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលបារាំងក្នុងការជួយដល់វិស័យវប្បធម៌ ជាពិសេស គម្រោងការជួសជុល និងការពង្រីកសារមនី្ទរជាតិ និងគម្រោងជួសជុលរូបព្រះវិស្ណុ ធ្វើពីសំរឹទ្ធ ដើម្បីយកមកតាំងនៅប្រទេសបារាំង ជាមួយវត្ថុបុរាណមួយចំនួនទៀត។
លោកប្រធានាធិបតី បានចាត់ទុកថា ជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ គឺជាគំរូនៃពហុភាគីនិយម។
តបនឹងព្រះរាជសំណើរបស់ព្រះករុណា ព្រះមហាក្សត្រ លោកប្រធានាធិបតីបារាំង បានសន្យាថា នឹងបញ្ជូនអ្នកបច្ចេកទេសមកសិក្សា និងជួសជុលព្រះរាជដំណាក់ Pavillon Napoleon III នៅក្នុងបរិវេណព្រះបរមរាជវាំង។
ដោយបានដឹងថាកម្ពុជាមានឆន្ទៈក្នុងការទទួលរៀបចំព្រឹត្តិការណ៍សំខាន់មួយរបស់អង្គការហ្វ្រង់កូហ្វូនី លោកប្រធានាធិបតីបារាំង បានលើកទឹកចិត្តឱ្យកម្ពុជាធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយបានសន្យាថា បារាំងនឹងគាំទ្របេក្ខភាពកម្ពុជា។
ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះបន្ទូលថា កម្ពុជាពិតជាមានមោទនភាពនឹងដាក់បេក្ខភាពរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីនៅឆ្នាំ២០២៦ ហើយព្រះអង្គទ្រង់មានព្រះរាជតម្រិះថា ការគាំទ្ររបស់បារាំង មានតម្លៃយ៉ាងខ្លាំង ព្រោះកិច្ចគាំទ្រនេះ នឹងឆ្លុះបញ្ចាំងពីឆន្ទៈក្នុងការពង្រឹងវត្តមានដ៏មានសារៈសំខាន់របស់ បារាំងនៅអាស៊ី។
ក្នុងព្រះរាជសវនាការនោះ លោកប្រធានាធិបតីបារាំង សូមយាងព្រះករុណា ព្រះមហាក្សត្រ ចូលរួមក្នុងកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី១៩ នៅទីក្រុងប៉ារីស នាថ្ងៃទី៤-៥ ខែតុលា ឆ្នាំ២០២៤។ ព្រះករុណា ព្រះមហាក្សត្រ បានអញ្ជើញ លោកប្រធានាធិបតីបារាំង និង លោកជំទាវចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នៅឆ្នាំ២០២៦ នៅកម្ពុជាផងដែរ។ លោកប្រធានាធិបតី បានបញ្ជាក់នូវសេចក្តីរីករាយក្នុងការចូលរួម។
នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានយាងចូលរួមសន្និសីទអន្តររដ្ឋាភិបាលើកទី៤ ស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ ដែលរៀបចំឡើងនៅទីស្នាក់ការអង្គការយូណេស្កូ នាទីក្រុងប៉ារីស។
នៅទីស្នាក់ការអង្គការយូណេស្កូ ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង បានសព្វព្រះរាជហឫទ័យយាងជួបសវនាការជាមួយលោកស្រី អូដ្រេ អាហ៊្សូឡាយ អគ្គនាយិកាអង្គការយូណេស្កូ។ ក្នុងព្រះរាជសវនាការនោះ ព្រះមហាក្សត្រខ្មែរ បានមានព្រះរាជបន្ទូល ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការយូណេស្កូ ដែលបានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនាពេលកន្លងមក។ ព្រះករុណា ព្រះមហាក្សត្រ បានគូសបញ្ជាក់នូវតួនាទីយ៉ាងសំខាន់របស់អង្គការយូណេស្កូ នៅកម្ពុជា និងជោគជ័យនៃយន្តការអន្តររដ្ឋាភិបាលស្តីពីការអភិរក្សរមណីយដ្ឋានប្រវត្តិសាស្ត្រតំបន់អង្គរ (ICC Angkor) ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៣ ក្រោមព្រះរាជតម្រិះផ្តួចផ្តើម និងព្រះរាជអំពាវនាវរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ «ព្រះបរមរតនកោដ្ឋ»។
ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលលើកឡើងពីចំណុចសំខាន់ៗដែលជាគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតទៅលើការអប់រំ និងបណ្តុះបណ្តាលធនធានមនុស្ស ជាពិសេសលើជំនាញដូនតាខ្មែរ ការប្រយុទ្ធប្រឆាំងនឹងការជួញដូរវត្ថុបុរាណ ការត្រៀមរៀបចំចុះបញ្ជី បេតិកភណ្ឌនូវមរតករូបី និងអរូបីរបស់កម្ពុជានាពេលអនាគត ការបង្កើតក្របខ័ណ្ឌច្បាប់ ដើម្បីរក្សាការពារ នូវតម្លៃអង្គរ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ និងបានស្នើសុំអង្គការយូណេស្កូបញ្ជូនអ្នកជំនាញ បច្ចេកទេសមកកម្ពុជា ដើម្បីផ្ដល់ការគាំទ្រ និងកិច្ចសហប្រតិបត្តិការលើការងារទាំងនេះ។
ជាកិច្ចឆ្លើយតប លោកស្រី អូដ្រេ អាហ៊្សូឡាយ បានគាំទ្រព្រះរាជសំណើទាំងឡាយរបស់ ព្រះករុណា ព្រះមហាក្សត្រ ព្រមទាំងប្តេជ្ញាពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការលើវិស័យនានា ដែលជាសមត្ថភាព និងជាកាតព្វកិច្ចរបស់អង្គការយូណេស្កូ ដើម្បីលើកកម្ពស់គុណតម្លៃនៃបេតិកភណ្ឌមនុស្សជាតិ ថែរក្សាការពារ សហគមន៍មូលដ្ឋាន រក្សាលំនឹងរំហូរទេសចរតាមរយៈការគ្រប់គ្រងឆ្លាតវៃ ក៏ដូចជាថែរក្សានូវតម្លៃសក្ការៈនៃរមណីយដ្ឋានប្រាសាទអង្គរ និងតំបន់បេតិកភណ្ឌផ្សេងៗទៀត។
បន្ទាប់មកនាពិធីបើកសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្ដីពីអង្គរ នៅក្នុងព្រះរាជសុន្ទរកថាគន្លឹះ ព្រះករុណា ព្រះមហាក្សត្រ បានមានព្រះរាជបន្ទូលរំលឹកពីកិច្ចខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបំពេញការងារអស់រយៈពេលជាង៣០ឆ្នាំ ដើម្បីការពារ ជួសជុល និងគ្រប់គ្រងរមណីយដ្ឋាន វប្បធម៌ប្រវត្តិសាស្ត្រទាំងអស់នៃព្រះរាជាណាចក្រកម្ពុជា ដែលបានចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក និងបានលើកឡើងពីការធានាបន្តនិរន្តរភាពការងារទាំងនេះ របស់រាជរដ្ឋាភិបាលថ្មីក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។
ព្រះករុណា ព្រះមហាក្សត្រ បានសព្វព្រះរាជហឫទ័យថ្លែងអំណរគុណចំពោះសហប្រធានបារាំង និងជប៉ុន ព្រមទាំងប្រទេសសមាជិកទាំងអស់ នៃ ICC Angkor ជាពិសេសប្រទេសអាល្លឺម៉ង់ ប្រទេសចិន កូរ៉េខាងត្បូង ឥណ្ឌា អ៉ីតាលី សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអង្គការយូណេស្កូ ដែលបានផ្តល់នូវគំរូនៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏អស្ចារ្យប្រកបដោយប្រសិទ្ធភាព និងសាទរការបន្តអាណត្តិរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ ក្នុងទម្រង់បច្ចុប្បន្នសម្រាប់រយៈពេល១០ឆ្នាំបន្តទៀត។ ព្រះករុណា ព្រះមហាក្សត្រក៏បានសព្វព្រះរាជហឫទ័យ ថ្លែងអំណរគុណចំពោះអគ្គនាយក-អគ្គនាយិកាកន្លងទៅ និងបច្ចុប្បន្នរបស់អង្គការយូណេស្កូ សម្រាប់ការ ដឹកនាំពោរពេញដោយក្តីស្រឡាញ់ពិតប្រាកដចំពោះកម្ពុជា។ ព្រះករុណា ព្រះមហាក្សត្រ បានសំដែងនូវ ព្រះទ័យសោមនស្សរីករាយផងដែរ ចំពោះការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក កាលពីពេលថ្មីៗនេះ។
ព្រះករុណា ព្រះមហាក្សត្រ ក៏បានសព្វព្រះរាជហឫទ័យថ្លែងព្រះរាជបន្ទូលស្វាគមន៍ចំពោះសេចក្តីសម្រេចរបស់សម្តេចធិបតីនាយករដ្ឋមន្ត្រី ដែលបានបង្ហាញពីឆន្ទៈយ៉ាងមោះមុតក្នុងការផ្តល់អាទិភាពលើវិស័យអប់រំ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅក្នុងផែនការសកម្មភាពរបស់រាជរដ្ឋាភិបាល និងបានអំពាវនាវ ដល់អង្គការយូណេស្កូឱ្យចូលរួមចំណែកក្នុងការបង្កើតកម្មវិធីបណ្តុះបណ្តាលថ្មីៗ។
សន្និសីទអន្តររដ្ឋាភិបាលលើកទី៤ស្ដីពីរមណីយដ្ឋានអង្គរ-សំបូរព្រៃគុក
(ICC-Angkor) ដែលរៀបចំក្រោមព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោកស្រី អូដ្រេ អាហ៊្សូឡាយ អគ្គ នាយិកាអង្គការយូណេស្កូ លោកស្រី រីម៉ា អាប់ឌុល ម៉ាឡាក់ រដ្ឋមន្ត្រីក្រសួងវប្បធម៌បារាំង លោក កុមុរ៉ា ម៉ាសាហ៉ីរ៉ុ Komura អនុរដ្ឋមន្ត្រីក្រសួងកិច្ចការបរទេសនៃប្រទេសជប៉ុន លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ប្រទេសជាសមាជិកនៃគណៈកម្មាធិការអាយស៊ីស៊ី-អង្គរ និងបណ្តាប្រទេសជាមិត្ត ផ្សេងៗទៀត បានអនុម័តសេចក្តីប្រកាសរួម ស្តីពីលទ្ធផលសន្និសីទអន្តររដ្ឋាភិបាលលើកទី៤នេះ ចំនួន១៩ចំណុច ដោយបានសម្តែងការគោរពដឹងគុណ ថ្វាយព្រះករុណា ព្រះមហាវីរក្សត្រ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានខិតខំបូជានូវព្រះបញ្ញាញាណ និងឆន្ទៈមោះមុតក្នុងកិច្ចគាំពារនិងថែរក្សាអង្គរ ជាមរតករបស់បុព្វបុរសខ្មែរ តំណាងអត្តសញ្ញាណជាតិ និងជាបេតិកភណ្ឌពិភពលោកនៃមនុស្សជាតិ និងបានសម្តែងនូវគារវភក្តីភាពប្រកបដោយក្តីគោរពដ៏ខ្ពង់ខ្ពស់បំផុតថ្វាយចំពោះ ព្រះករុណាព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះប្រធានកិត្តិយួនគណៈកម្ម អាយស៊ីស៊ីអង្គរ ដែលព្រះអង្គជានិច្ចជាកាលបានដឹកនាំ គាំទ្រនូវរាល់កិច្ចការនានាក្នុងថ្នាំរគាំពារនិងថែរក្សាអង្គរ ព្រមទាំងបេតិកភណ្ឌវប្បធម៌របស់ជាតិទាំងមូល។
អង្គសន្និសីទ ក៏បានសម្តែងការអបអរសាទរដល់រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាអតីតនាយករដ្ឋមន្ត្រី ព្រមទាំងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានដាក់ចេញគោលនយោបាយវប្បធម៌ និងការ ដឹកនាំអនុវត្តឥតងាករេចំពោះកិច្ចគាំពារ ថែរក្សា គ្រប់គ្រងរមណីយដ្ឋានអង្គររយៈពេល៣០ឆ្នាំកន្លងមក និងបន្ត ធានាឱ្យបាននូវការលើកកម្ពស់តម្លៃលេចធ្លោជាសាកល សភាពដើម និងបូរណភាពនៃរមណីយដ្ឋានអង្គរ។
អង្គសន្និសីទ ក៏បានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរួមគ្នាក្នុងកិច្ចគាំពារ និងអភិរក្សាបានយ៉ាងល្អចំពោះរមណីដ្ឋានអង្គរសម្បត្តិបេតិកភណ្ឌមនុស្សជាតិលើពិភពលោក ដែលមិនអាចកាត់ថ្លៃបាន។ អង្គសន្នសីទ ក៏បានដាក់ចេញនូវការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការថែរក្សារមណីយដ្ឋានអង្គរ ក៏ដូចជាប្រាសាទសំបូរព្រៃគុក ឱ្យបន្តស្ថិតស្ថេរជាចេរកាល។
ក្នុងព្រះរាជបេសកកម្មដ៏មានតម្លៃនៅទីក្រុងប៉ារីស ប្រទេសបារាំងនេះ ព្រះករុណា ព្រះមហាក្សត្រខ្មែរ ក៏បានសព្វព្រះរាជហឫទ័យព្រះបរមរាជានុញ្ញាតឱ្យលោក កុមូរ៉ា ម៉ាសាហ៉ីរ៉ុ អនុរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការបរទេសនៃប្រទេសជប៉ុន និងសហការី ចូលក្រាបថ្វាយបង្គំគាល់។
ព្រះករុណា ព្រះមហាក្សត្រ សព្វព្រះរាជហឫទ័យថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះប្រទេសជប៉ុន ដែលបានបំពេញតួនាទីយ៉ាងសកម្មជាសហប្រធាន ICC អង្គរ ក្នុងការជួសជុលប្រាង្គប្រាសាទនានា នៅតំបន់រមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គក៏បានសព្វព្រះរាជហឫទ័យស្តេចយាងបំពេញទស្សនកិច្ចនាប្រាសាទ ហ្វុងតែនណេប្លូ (Fontainebleau) ស្ថិតនៅទីក្រុង Fontainebleau ដែលមានសម្ព័ន្ធមេត្រីភាពជាមួយទីក្រុងសៀមរាប។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក៏បានសព្វព្រះរាជហឫទ័យយាងទតបណ្ណាសារនៃព្រះករុណា ព្រះបរមរតនកោដ្ឋ នាប្រទេសបារាំងផងដែរ៕