(ភ្នំពេញ)៖ សមាគមជប៉ុន ប្រចាំកម្ពុជា នៅរាត្រីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំពិធីអុជកាំជ្រួចជប៉ុន នៅមុខព្រះបរមរាជវាំង ដើម្បីអបអរសាទរទំនាក់ទំនងខួប ៧០ឆ្នាំ (១៩៥៣-២០២៣) រវាងប្រទេសទាំងពីរ។ ពិធីអុជកាំជ្រួចនេះមានរយៈពេល ១ម៉ោង ១០នាទី ដោយចាប់ផ្តើមវេលាម៉ោង ៧៖០០នាទី ដល់៨៖១០នាទី។

គួរឱ្យដឹងថា ក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីកកំពង់ផែក្រុងព្រះសីហនុ នាពេលកន្លងទៅ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី បាន​ថ្លែងថា លោក ហ្វ៊ូមីអាគិ តាកាហាស្សី អតីតឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា ដែលបច្ចុប្បន្នជាប្រធានសមាគមកម្ពុជា-ជប៉ុន បានស្នើសុំនាំកាំជ្រួចពីជប៉ុន មកបាញ់នៅមុខព្រះបរមរាជវាំង ក្នុងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដើម្បីអបអរសាទរខួប៧០ឆ្នាំ នៃទំនាក់ទំនងប្រទេសកម្ពុជា-ជប៉ុន។

សំណើនេះត្រូវបានសម្តេចតេជោ ហ៊ុន សែន អនុញ្ញាតព្រោះការបាញ់កាំជ្រួចនៅមុខព្រះបរមរាជវាំង ជាការបង្ហាញពីភាពសប្បាយរីករាយ ក្នុងខួបអនុស្សាវរីយ៍ ៧០ឆ្នាំនៃទំនាក់ទំនងប្រទេសទាំងពីរ។

 សម្រាប់ខួប៧០ឆ្នាំ នៃទំនាក់ទំនងការទូតរវាងប្រទេសកម្ពុជា និងប្រទេសជប៉ុន គ្រោងនឹងរៀបចំឱ្យមានព្រឹត្តិការណ៍ធំៗជាច្រើន ដោយមានទាំងការសម្ដែងសិល្បៈ បង្ហាញពីវប្បធម៌របស់ប្រទេសជប៉ុនផងដែរ៕