(កំពត)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងរិស្ថាន ការចូលរួមអនុវត្តយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» របស់ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាង ៣លាននាក់ គឺជាសក្ខីភាពនៃការគាំទ្រនិងការជំរុញអនុវត្ត កម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៨ ដែលបានចាត់ទុកការកែទម្រង់ការគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថានជាការងារអាទិភាពមួយ ក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល។

ហើយបានដាក់បញ្ចូលនូវក្របខណ្ឌការងាររបស់ក្រសួងបរិស្ថានចំនួន៥ រួមមាន៖ ការកាត់បន្ថយការបំពុលបរិស្ថាន, ការពង្រឹងការគ្រប់គ្រងតំបន់ការពារ ធម្មជាតិ, ការអប់រំផ្សព្វផ្សាយបរិស្ថាន និងការប្រែប្រួលអាកាសធាតុ, ទំនើបកម្មរដ្ឋបាល និងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការលើកកម្ពស់ការទូតបៃតង។

ជាក់ស្តែងគិតមកដល់នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានរដ្ឋបាលខេត្តចំនួន១៣ រួមជាមួយស្ថាប័នធំៗចំនួន៥ហើយដែល បានចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានរួមមាន៖ កាកបាទក្រហមកម្ពុជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), អង្គការស្បៀងអាហារពិភពលោក (UNFAO) ,សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។ ដោយឡែកគិតពីថ្ងៃបើយយុទ្ធនាការនេះ ដែលមានរយៈពេល៨០ថ្ងៃ មានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៣លាននាក់ បានចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ដើម្បីឈានទៅសម្រេចបាននូវក្របខណ្ឌការងារទាំង៥នេះ ក្រសួងបរិស្ថានបានដាក់ចេញនូវការងារអាទិភាពចំនួន៣ ដែលត្រូវជំរុញក្នុងរយៈពេល ១០០ថ្ងៃដំបូងរួមមានទី១៖ ការប្រយុទ្ធប្រឆាំងនឹងសំរាមសំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក, ទី២៖ ការប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដែលយកចិត្តទុកជាសំខាន់ គឺជំរុញការបណ្តុះ និងដាំកូនឈើសំដៅបង្កើនគម្របព្រៃឱ្យដល់៦០% នៅឆ្នាំ២០៥០ និងទី៣៖ ការបង្កើនទេសចរណ៍ធម្មជាតិ និងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន សំដៅធានាបាននូវសហគមន៍ចីរភាព និងអព្យាក្រឹត្យកាបូន។

ជាមួយគ្នានេះក្នុងការប្រយុទ្ធប្រឆាំងនឹងសំរាមសំណល់រឹងទីប្រជុំជន ជាពិសេសសំណល់ប្លាស្ទិក ក្រសួងបរិស្ថាន នឹងបន្តពង្រឹងកិច្ចសហការជាមួយគ្រប់ភាគីពាក់ព័ន្ធជាពិសេសជាមួយរដ្ឋបាលថ្នាក់ក្រោមជាតិយកចិត្តទុកដាក់ជាអាទិភាពលើការពង្រឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនសំណល់ប្លាស្ទិក និង សំណល់គ្រោះថ្នាក់ដោយធានាឱ្យគ្រប់ទីប្រជុំជន សហគមន៍ សាលារៀន មានសេវាប្រមូល ដឹកជញ្ជូន និងទីលានទុកដាក់សំរាមប្រកបដោយប្រសិទ្ធភាព និងការចូលរួមគាំទ្រពីប្រជាពលរដ្ឋ និងគ្រប់ភាគីពាក់ព័ន្ធ។

បន្ថែមពីនេះ លោករដ្ឋមន្ត្រី មានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថាស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះប្រជាលរដ្ឋទាំងអស់ដែលបានចូលរួមក្នុងយុទ្ធនាការនេះ និងជួយបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច ១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១ សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានសំណល់ប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង ការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន៕