(ភ្នំពេញ)៖ ករណីអគ្គិភ័យបានឆាបឆេះផ្ទះប្រជាពលរដ្ឋ មួយកន្លែង បានបង្កការភ្ញាក់ផ្អើល នៅវេលាម៉ោង ១១និង៣០នាទីព្រឹក ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលស្ថិតនៅចំណុចផ្ទះលេខ១៨ ផ្លូវ១៨ ក្រុម២១ ភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យបណ្តាញព័ត៌មាន Fresh News ដឹងថា ដោយមានការអនុវត្តតាមបទបញ្ជារបស់ ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានណែនាំដល់កម្លាំងជំនាញការិយាល័យនគរបាលបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ ត្រូវធ្វើការយកចិត្តទុកដាក់ខ្ពស់នៅក្នុងប្រតិបត្តិការជួយសង្គ្រោះប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានដឹកនាំបញ្ជាផ្ទាល់ដល់កងម្លាំងពន្លត់អគ្គិភ័យដែលប្រចាំការនៅគោលដៅ ដើម្បីចេញទៅជួយអន្តរាគមន៍បាញ់ទឹកពន្លត់ឲ្យទាន់ពេលវេលា កុំឲ្យមានការឆាបឆេះបន្តដល់ផ្ទះប្រជាពលរដ្ឋដែលនៅក្បែរនោះ។ ដោយនៅក្នុងប្រតិបត្តិការខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន០៨គ្រឿង ក្នុងនោះរួមមាន រថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យរាជធានីភ្នំពេញ ចំនួន០៥គ្រឿង ប្រើប្រាស់ទឹកអស់០៥ឡាន ស្មេីរនឹង២០ម៉ែត្រគូប, រថយន្តជំនួយមកពីក្រសួងមហាផ្ទៃ ចំនួន០២គ្រឿង ពុំបានប្រេីប្រាស់ទឹក និងរថយន្តក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រេីប្រាស់ទឹកអស់០១ឡាន ស្មេីរនឹង០៦ម៉ែត្រគូប។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ថា ចំពោះករណីគ្រោះអគ្គិភ័យខាងលើនេះ ជាប្រភេទសំណង់ ថ្មបេតុង ទំហំ (៤ម៉ែត្រ គុណ ១៥ម៉ែត្រ) បានបណ្តាលឲ្យឆេះខូចខាតផ្ទះល្វែង ១ខ្នង, ឧបករណ៍បញ្ចូលហ្គាស, សម្ភារៈសម្រាប់ជួសជុលម៉ាញ៉េ រួមទាំងសម្ភារៈប្រេីប្រាស់ប្រចាំថ្ងៃអស់ទាំងស្រុង និងពុំបានបណ្តាលឲ្យឆេះរាលដាលដល់ផ្ទះអ្នកក្បែរខាងឡេីយ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបញ្ជាក់ជូនបន្ថែមទៀតថា ចំពោះករណីខាងលើនេះ កម្លាំងសមត្ថកិច្ចជំនាញ បានធ្វើការគ្រប់គ្រង់ទាំងស្រុងនៅវេលាម៉ោង ១២និង៣០នាទីថ្ងៃត្រង់ថ្ងៃទីខែឆ្នាំដដែល។ ដោយក្នុងហេតុការណ៍នេះ គឺមិនបានបណ្តាលឲ្យអ្នកណាម្នាក់រងរបួសនោះឡេីយ រីឯមូលហេតុ បណ្តាលមកពីការធ្លាយហ្គាសបង្កជាអគ្គិភ័យ៕