(កំពង់ចាម)៖ លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះ បានដឹកនាំដង្ហែអង្គកឋិនទានសាមគ្គី ចូលវត្តរស្មីសង្កែ ស្ថិតក្នងឃុំព្រៃឈរ ស្រុកព្រៃឈរ ខេត្តកំពង់ចាម ដោយបានប្រមូលបច្ច័យបាន ៥ម៉ឺនដល្លារ ប្រគេនព្រះសង្ឃ កសាងដំបូលវិហារ ។

ក្នុងឱកាសសំណេះសំណាលជាមួយពុទ្ធបរិស័ទ នៃអង្គកឋិនមហាសាមគ្គីនោះ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ប្រវត្តិរបស់វិហារ នៃវត្តរស្មីសង្កែនេះ គឺបានកសាងតាំងពីឆ្នាំ ១៩៨៤ ដោយមានការដឹកនាំកសាងដោយ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះវិហារវត្តនេះ មានអាយុកាលប្រមាណជា ៤០ឆ្នាំមកហើយ ដែលធ្វើឲ្យសំណង់មួយចំនួន ក្នុងទីវត្តអារាមនេះ រងការខូចខាត ។

លោកអភិបាលខេត្តបានបន្តថា ដោយមើលឃើញអំពីស្ថានភាពចាស់ទ្រុឌទ្រោម នៃសំណង់មួយចំនួន នៅក្នុងទីអារាមវត្តរស្មីសង្កែនោះ ទើបប្រធានក្រុមប្រឹក្សាខេត្ត លោក ខ្លូត ផន បានពិភាក្សា ជាមួយថ្នាក់ដឹកនាំខេត្ត ដើម្បីប្រមូលថវិកា យកទៅប្រគេនព្រះចៅអធិការវត្ត ធ្វើការជួសជុលសំណង់ដែលចាស់ទ្រុឌទ្រោមទាំងនោះ ជាពិសេសគឺដំបូលព្រះវិហារតែម្ដង។

ជាក់ស្ដែងនៅថ្ងៃនេះ ថ្នាក់ដឹកនាំខេត្តកំពង់ចាម ដោយមាន លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត ជាម្ចាស់ដើមបុណ្យ បានដឹកនាំមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ក្រោមឱវាទ ដង្ហែរកឋិនសាមគ្គី នឹងបាននាំមកនូវបច្ច័យចំនួន ៥ ម៉ឺនដុល្លារអាមេរិក យកមកប្រគេនព្រះសង្ឃ ដើម្បីសាងសង់បង្ហើយដំបូលព្រះវិហារ នៃវត្តរស្មីស្ទឹងសង្កែនេះ ៕