(តាកែវ)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្រី ឆាយ សាលីន តំណាងនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលផែនប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន បានផ្ដួចផ្ដើមកសាងឡើងនូវអង្គកឋិនទានដ៏ធំមួយ ប្រកបដោយសទ្ធាដ៏ប្រសើរជ្រះថ្លាក្រៃលែង ចំពោះព្រះពុទ្ធសាសនា ដើម្បីវេរប្រគេនព្រះសង្ឃគង់នៅវត្ត សោមុនីវ័ន្ត ហៅវត្តត្រពាំងបឹង ស្ថិតនៅឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ។

ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានលើកឡើងថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ដែលមានសម្តេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី នៃកម្ពុជា នីតិកាលទី៧ បានធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ រួមទាំងវិស័យសាសនា ក្នុងនោះ ប្រជាពលរដ្ឋរស់នៅយ៉ាងសុខសាន្តប្រកបមុខរបរចិញ្ចឹមជីវិតដោយសេរី មានការសាមគ្គីគ្នាជាធ្លុងមួយឯកភាពជាតិ ខ្មែរជួយខ្មែរយ៉ាងសុខដុមរមនាផ្ដល់តែភាពញញឹមមានសុភមង្គលគ្រប់ក្រុមគ្រួសារក្រោមម្លប់សន្តិភាព ។

លោកក៏បានក្រើនរំលឹកដល់ប្អូនៗជាសិស្សានុស្ស យុវជន ដាច់ខាតត្រូវជៀសឆ្ងាយពីអំពើអបាយមុខផ្សេងៗ ជាពិសេសបញ្ហាគ្រឿងញៀន ដោយក្នុងពេលថ្មីៗនេះមានករណីជាច្រើនពាក់ពន្ធ័និងបញ្ហាគ្រឿងញៀនបាននិងកំពុងបង្កភាពចលាចលក្នុងសង្គម។

លោកបានបន្តថា ព្រះវិហារនៅវត្តសោមុនីវ័ន្ត ហៅវត្តត្រពាំងបឹង មានសភាពតូច និងចាស់ទ្រុឌទ្រោម ដែលជាហេតុដែលធ្វើឲ្យពុទ្ធបរិស័ទ្ធមានការលំបាកក្នុងការប្រារព្ធពិធីសាសនាផ្សេងៗ ដូច្នេះឯកឧត្ដម និងបន្តជួយកសាងព្រះវិហារនេះអោយបានរួចរាល់យ៉ាងយូរ ៥ឆ្នាំទៀត។

នៅក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងលោកស្រីឆាយ សាលីន តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាល ទទួលផែនប្រយុទ្ធប្រឆាំងគ្រឿងញៀន បានវេរប្រគេនបច្ច័យសង្កត់ត្រៃយ៍ បានមកពីការចូលរួមពីពុទ្ធបរិស័ទ សរុបចំនួនជាង៧៣លានរៀល វេប្រគេនដល់ព្រះសង្ឃគង់ចាំក្នុងពុទ្ធសីមាអស់កាលត្រីមាស ក្នុងវត្តសោមុនីវ័ន្តហៅវត្ត ត្រពាំងបឹង ក្នុងនោះបច្ច័យរបស់ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ និងលោកស្រីឆាយ សាលីន ចំនួន៣៩លាន៩សែន៩ម៉ឺន៩៩០០រៀលផងដែរ៕