(កំពត)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា ក្នុងរយៈពេល៨០ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គឺមានលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋជាង ៣លាននាក់ បានចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ថ្លែងក្នុងពិធីបើកយុទ្ធនាការបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» និងចុះអនុស្សារណៈយោគយល់គ្នាជាមួយរដ្ឋបាលខេត្តកំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ ព្រមទាំងសមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) ដើម្បីចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្តថា ក្នុងចំណោមប្រជាជនជាង៣លាននាក់នេះ ក្នុងនោះរួមលោកគ្រូ អ្នកគ្រូជាង ១១ ម៉ឺននាក់ សិស្សានុសិស្សជាង ២៨ម៉ឺននាក់ នៃសាលារៀនជាង ៦ពាន់សាលា និងកម្មករ/និយោជក ព្រះសងឃ្ឃ និងប្រជាពលរដ្ឋ នៅតាមបណ្តារោងចក្រ សហគ្រាស ទីវត្តអារាម និងសហគមនានា។

បន្ថែមពីនេះ លោកបណ្ឌិត អ៊ាង សុផល្លែត បានឱ្យដឹងថា ការប្រើប្រាស់សម្ភារប្លាស្ទិកនៅលើពិភពលោក បាននឹងកំពុងបង្កជាបញ្ហាដល់បរិស្ថាន និងសុខុមាល ភាព មនុស្ស សត្វលើភពផែនដី។ មកទល់ឆ្នាំ២០២២ នៅទូទាំងពិភពលោកបានផលិត និងប្រើប្រាស់សម្ភារប្លាស្ទិកជាង ៩.៥ពាន់លានតោន ក្នុងអត្រាកំណើន ៣% ជារៀងរាល់ឆ្នាំ។ ក្រោយពីការប្រើប្រាស់ សំណល់ ប្លាស្ទិកប្រមាណ ៩% នៃបរិមាណសំណល់ប្លាស្ទិកសរុប ដែលបានយកមកកែច្នៃផលិតឡើងវិញ រីឯសំណល់ប្លាស្ទិក ៩១%ទៀត ត្រូវបានយកទៅទីលានទុកដាក់សំរាម ឬដុតចោល និងចោលរាយប៉ាយតាមទីវាលរួចបន្តធ្លាក់ចូលទៅក្នុងប្រភពទឹកហូរចាក់ចូលទៅក្នុងសមុទ្រប្រមាណជាង ៨លានតោនក្នុង១ឆ្នាំ។

លោករដ្ឋមន្ត្រី បានបន្តថា ដោយឡែកនៅកម្ពុជាកត្តារីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ គួបផ្សំនឹងភាពស៊ីវិល័យរបស់សង្គមនិងការរស់នៅបានធ្វើឱ្យការប្រើប្រាស់សម្ភារប្លាស្ទិកមានកើនឡើងក្នុងកម្រិតខ្ពស់ ពិសេសថង់ប្លាស្ទិកដែលប្រជាជនកម្ពុជា ម្នាក់ប្រើថង់ប្លាស្ទិកជាមធ្យម ៤ថង់ក្នុង១ថ្ងៃ គឺប្រមាណជា ៥៥លានថង់ប្លាសិកប្រើប្រាស់ក្នុង១ថ្ងៃនៅកម្ពុជា។ ក្រៅពីថង់ប្លាស្ទិក នៅមានសម្ភារប្លាស្ទិកប្រើក្នុងសេវាអាហារ និងភេសជ្ជៈដូចជា៖ ចាន ប្រអប់ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបញ្ជាក់ថា សម្ភារប្លាស្ទិក ដែលប្រើរួចត្រូវបានចោលលាយឡំជាមួយសំរាមសំណល់រឹងទីប្រជុំជន និងមានភាពរាយប៉ាយ នៅតាមទីវាល និងប្រភពទឹកស្ទើរគ្រប់ទីកន្លែង។ ដើម្បីឆ្លើយតបនឹងកំណើនខ្លាំងនៃការប្រើប្រាស់សម្ភារប្លាស្ទិកពិសេសថង់ប្លាស្ទិក ក៏ដូចជាដោះស្រាយ បញ្ហាបំពុលដោយប្លាស្ទិកនាពេលកន្លងមកនេះក្រសួងបរិស្ថាន ដោយមានកិច្ចសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធបានដាក់ចេញវិធានការនានាដូចជា៖ ការរឹតបន្តឹងលើការនាំចូលការផលិត និងការប្រើប្រាស់ថង់ប្លាស្ទិក តាមរយៈការកំណត់លក្ខខណ្ឌអនុញ្ញាតការបង្កើនអាករពិសេសលើការនាំចូល ការគិតថ្លៃ ៤០០រៀលក្នុង ១ថង់ លើអ្នកប្រើថង់ប្លាស្ទិកនៅតាមផ្សារទំនើបរួមនឹងវិធានការអប់រំ ផ្សព្វផ្សាយក្នុងគោលបំណងឱ្យមានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក។

ទន្ទឹមនឹងនេះដែរ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ដើម្បីបន្តដាក់ចេញ និងអនុវត្តវិធានការកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រសួងបរិស្ថាន នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧នេះ បានកំណត់ទិសដៅការងារជាអាទិភាព គឺការលើកកម្ពស់ការយល់ដឹង និងការចូលរួមរបស់ប្រជាពលរដ្ឋសំដៅផ្លាស់ប្តូរឥរិយាបទ និងទម្លាប់ការរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងការរស់នៅស្អាត បរិស្ថានបៃតង និងអព្យាក្រឹត្យកាបូន។ គោលដៅនៃការអប់រំ គឺផ្តោតលើការអប់រំសិស្សានុសិស្ស នៅតាមសាលាចំណេះដឹងទូទៅមុនគេ ដែលជាកោសិកាថ្មីរបស់សង្គម ហើយមានលទ្ធភាពក្នុងការជួយពង្រីកការអប់រំ ដល់សមាជិកគ្រួសារ និងសង្គមផងដែរ។

ក្រសួងបរិស្ថានបានកំណត់យកថ្ងៃ១ កញ្ញា ឆ្នាំ២០២៣ ជាថ្ងៃចាប់ផ្តើមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលផ្តើមចេញពីសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូ នៅតាមបណ្តាសាលារៀនទាំងអស់ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដោយចាប់ផ្តើមពីការមិនប្រើប្រាស់ថង់ប្លាស្ទិកយ៉ាងតិច១ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីរួមចំណែកក្នុងការកាត់បន្ថយការបង្កើត និងការចោលសំរាមតាមសាលារៀនតាមលំនៅស្ថាន និងនៅក្នុងភូមិ ឃុំរបស់ពួកគេរហូតដល់បានផ្លាស់ប្តូរទម្លាប់ឈប់ប្រើប្រាស់ថង់ប្លាស្ទិកទាំងស្រុងនាពេលអនាគត៕