(ភ្នំពេញ)៖ សូមចូលរួមទស្សនានូវការតាំងបង្ហាញផ្ទាំងផ្សព្វផ្សាយ (Posters) និងការធ្វើបទបង្ហាញ (Presentation) របស់ក្រុមសិស្សានុសិស្សដែលត្រូវបានជ្រើសរើស ក្នុងព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស៖ ការសិក្សាដោយការបង្កើតវត្ថុគម្រូ «បំណងប្រាថ្នា» ដែលនឹងប្រារព្ធឡើងនៅអាគារ CKCC នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចាប់ពីម៉ោង៩ព្រឹក ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ខាងមុខនេះ។

ព្រឹត្តិការណ៍ប្រកួតសិស្សឆ្នើមទូទាំងប្រទេស៖ ការសិក្សាដោយការបង្កើតវត្ថុគម្រូ «បំណងប្រាថ្នា» រៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា ដោយផ្តោតលើការបណ្តុះសមត្ថភាពផ្នែកស្រាវជ្រាវនិងការបង្កើតគម្រោង ដោយសិស្សនៅកម្រិតមធ្យមសិក្សា មកពីសាលារដ្ឋនិងឯកជន ដោយឆ្លងកាត់ដំណាក់កាលដូចខាងក្រោម ៖

១៖ ដំណាក់កាលទី១៖ ការចុះឈ្មោះ ការបង្ហាញវិស័យទាក់ទងនឹងការស្រាវជ្រាវ (Interest Areas) និងការបង្ហាញប្រធានបទ ចាប់ផ្តើមនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៣ (បេក្ខជនចូលរួមសរុប១ ៧២៣នាក់ ដែលភាគច្រើនមកពីសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ វិទ្យាល័យព្រែកលៀប សាលារៀនសុវណ្ណភូមិ សាលាប៊ែលធីអន្តរជាតិ និងសាលាអន្តរជាតិ ស៊ីអាយអេហ្វឺសត៍)

២៖ ដំណាក់កាលទី២៖ ការស្វែងរកដៃគូ ការបង្កើតក្រុម និងការ Submit ឯកសារទស្សនាទានបញ្ចប់នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២៣ (បានទទួលឯកសារទស្សនាទានពី១៦១ ក្រុម)

៣៖ ដំណាក់កាលទី៣៖ ការកែលម្អលើឯកសារទស្សនាទាន និងការផ្តល់យោបល់ពី Mentor (ការចូលរួមរបស់សិស្សបានជម្រុះមកនៅត្រឹម៦២ក្រុម)

៤៖ ដំណាក់កាលទី៤៖ ការតាំងបង្ហាញផ្ទាំងផ្សព្វផ្សាយ (Posters) និងការធ្វើបទបង្ហាញ (Presentation) ជាសាធារណៈរបស់ក្រុមសិស្សានុសិស្ស ដែលនៅសល់៦២ក្រុមចុងក្រោយ

សូមចូលរួមដើម្បីផ្តល់ឱវាទដល់ពួកគេដោយផ្ទាល់ ឬអាចផ្តល់ Mentorship ជូនពួកគេជាបន្ត។ ពុំមានការបើកកម្មវិធីជាផ្លូវការ ឬគណៈអធិបតីទេ គឺមានតែការទស្សនាដោយសេរី និងការចោទសួរដោយផ្ទាល់ទៅកាន់ក្រុមសិស្សនីមួយៗ៕