(ភ្នំពេញ)៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) និងជាប្រធានគណៈកម្មការរៀបចំការប្រគំតន្រ្តី អបអរសាទរខួបទី៤៥ ថ្ងៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងការធ្វើបទបង្ហាញ អំពីកម្មវិធីប្រគំតន្រ្តី ជូនដល់សិល្បករ សិល្បការិនី ផលិតករ និងក្រុមការងារសម្របសម្រួលរៀបចំកម្មវិធី និងពិធីជួបជុំអាហារសាមគ្គី។

កម្មវិធីនេះត្រូវបានរៀបចំឡើងដើម្បីចែករំលែក និងពន្យល់អំពីប្រធានបទ និងខ្លឹមសារសំខាន់ៗ នៃការប្រគំតន្រ្តី ក៏ដូចជាដើម្បីជួបជុំសំណេះសំណាល និងផ្សាភ្ជាប់ទំនាក់ទំនងរវាងក្រុមការងារទាំងអស់ សំដៅធ្វើឲ្យការរៀបចំការប្រគុំតន្រ្តីនាពេលខាងមុខ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ។

ថ្លែងក្នុងឱកាសនោះ លោក ហ៊ុន ម៉ានី បានធ្វើការថ្លែងអំណរគុណដល់ វីរសិល្បករ សិល្បករ សិល្បការិនី ក្រុមការងារ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលតែងតែបានស្ម័គ្រចិត្ត ចូលរួមជួយក្នុងកម្មវិធីនានារបស់ ស.ស.យ.ក. កន្លងមក និងនៅតែបន្តចូលរួមជាមួយបុព្វហេតុរបស់យើង។

លោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា ការរៀបចំការប្រគុំតន្រ្តីនេះ ទោះបីជាការរៀបចំដោយ ស.ស.យ.ក. តែគឺធ្វើឡើងដើម្បីអបអរសាទរទាំងអស់គ្នា ក្រោមស្មារតីរួមគឺ «កម្ពុជាក្នុងបេះដូងខ្ញុំ»

សូមរំលឹកថា ស.ស.យ.ក. គ្រោងនឹងរៀបចំការប្រគំតន្រ្តី ក្រោមប្រធានបទ «កម្ពុជាក្នុងបេះដូងខ្ញុំ» ដើម្បីជាការអបអរសាទរខួបលើកទី៤៥ នៃកំណើតសហភាពសហព័ន្ធយុវជនកម្ពុជា ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការប្រគុំតន្រ្តីដ៏ធំមួយនេះ ក៏នឹងមានរៀបចំដាក់តាំងបង្ហាញពិពរណ៍សកម្មភាពរបស់ស.ស.យ.ក.ទូទាំងប្រទេសព្រមទាំងមានស្តង់ម្ហូបអាហារមូលដ្ឋាន ដែលបើកទទួលស្វាគមន៍សាធារណជនពីគ្រប់ទិសទីផងដែរ៕