(កំពង់ធំ)៖ តំណាងលោកទេសរដ្ឋមន្ត្រី ថោង ខុន ប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាណយ៍និងស្រុកតាំងគោក មានលោក ជា បូរ៉ា អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ និងលោក ប៉ាក់ សុខុម អនុប្រធានក្រុមការងារគណបក្សចុះជួយស្រុកបារាយណ៍ បានចុះសំណេះសំណាលជាមួយគណៈកម្មការនិងកីឡាករចំណុះទូកងចំនួន២គ្រឿង មានទូកង «ធនសក្តិតេជោសែនជ័យបារមីវត្តបាណក» និងទូកង «ចតុលោកតេជោសែនជ័យ» មុនចេញដំណើរទៅប្រកួតក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នៅរាជធានីភ្នំពេញ។

គួរជម្រាបថា ព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក នឹងប្រារព្ធឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២៦-២៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ធូ សេង តំណាងគណៈកម្មការទូកងទាំងពីរ បានឱ្យដឹងថា ទូកងទាំង២នៅស្រុកបារាយណ៍នេះទទួលបានការឧបត្ថម្ភគាំទ្រពីលោកទេសរដ្ឋមន្ត្រី ថោង ខុន។ ទូកង «ធនសក្តិតេជោសែនជ័យបារមីវត្តបាណក» មានចំណុះ៦៨នាក់ ត្រូវបានកសាងនៅឆ្នាំ២០១២ និងបានចូលរួមប្រកួតនៅភ្នំពេញតាំងពីឆ្នាំ២០១៣-២០១៩។ ទូកង «ចតុលោកតេជោសែនជ័យ» មានចំណុះ៧៣នាក់ ត្រូវបានកសាងឡើងនៅឆ្នាំ២០០៧ និងបានចូលរួមប្រកួតតាំងពីឆ្នាំ២០០៧-២០១៩។

លោក ធូ សេង បានបន្តថា សរុបការចំណាយក្នងដំណាក់កាលទី១ ដែលលោកទេសរដ្ឋមន្រ្តី និងក្រុមការងារ ព្រមទាំងសប្បុរសជនបានឧបត្ថម្ភមានប្រមាណ១៤,៥០០ដុល្លាររួចហើយ ដោយពុំទាន់គិតពីការចំណាយបន្តទៀតនៅរាជធានីភ្នំពេញ។

នាពិធីសំណេះសំណាលនោះ លោក ជា បូរ៉ា បានស្នើឱ្យក្រុមកីឡាករទូកទាំងពីរបន្តការហ្វឹកហាត់ឱ្យបានជាប់លាប់ហ្មត់ចត់ ដើម្បីពង្រឹងកាយសម្បទា និងបច្ចេកទេស។ សូមឱ្យគណៈកម្មការទូកទាំង២ត្រៀមលក្ខណៈដើម្បីដឹកជញ្ជូនក្រុមកីឡាករតាមរថយន្ត និងអូសសណ្ដោងទូកតាមផ្លូវគោកតាមស្ថានភាពជាក់ស្តែងមករាជធានីភ្នំពេញ។

លោកបានបន្តថា ពេលមកដល់រាជធានីភ្នំពេញ សូមឱ្យក្រុមការងារ និងគណៈកម្មការយកចិត្តទុកដាក់លើការស្នាក់នៅ ការហូបចុក និងសុខភាពរបស់ក្រុមកីឡាករទូកទាំងពីរ។ ម្យ៉ាងទៀត សូមឱ្យក្រុមកីឡាករទូកត្រៀមកម្លាំងដើម្បីធ្វើការហ្វឹកហាត់នៅភ្នំពេញឱ្យបានហ្មត់ចត់ត្រឹមត្រូវ។ គណៈកម្មការ និងក្រុមកីឡាករទូកទាំងអស់គោរពវិន័យ បទបញ្ជា មានសាមគ្គីភាព ឯកភាពផ្ទៃក្នុងល្អ និងចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក ពិសេសត្រូវខិតខំហ្វឹកហាត់ និងរួមកម្លាំងសាមគ្គីគ្នា ដើម្បីធ្វើយ៉ាងណាឱ្យទូកទាំងពីរដណ្តើមជ័យជម្នះទាំង៣ថ្ងៃជាប់ៗគ្នា ពិសេសមានល្បឿនកាន់តែលឿនជាងមុន រក្សាការពារខ្សែក្រវាត់ក្នុងផែនលេខ១ និងលើកមុខមាត់ កិត្តិយសសម្រាប់ស្រុក ខេត្ត។

លោក ជា បូរ៉ា បានលើកឡើងថា ក្នុងការប្រកួត ចាញ់ឈ្នះជារឿងធម្មតា សំខាន់ក្រុមកីឡាករត្រូវមានរួមសាមគ្គីគ្នា ចិត្តមួយថ្លើមមួយ ស្ដាប់មេបញ្ជាការទូកង ត្រូវថែរក្សាសុខភាព ហាត់សមបន្ថែមនៅលើទន្លេ រក្សាសាមគ្គីទាំងគណៈកម្មការទូក កីឡាករ ចុងភៅ។ពេលប្រកួត ត្រូវប្រើកម្លាំងសរុប ប្រមូលកម្លាំងឱ្យស្រុះគ្នា ទើបអាចដណ្ដើមបានជ័យជម្នះក្នុងការប្រកួត។

លោក ប៉ាក់ សុខុម ក៏បានចូលរួមក្រើនរំឭកឱ្យគណៈកម្មការទូកង កីឡាករត្រូវមើលថែពីសុខភាព សន្សំកម្លាំងឱ្យបានគ្រប់គ្រាន់ ជៀសវាងការកើតមានបញ្ហា ឬគ្រោះថ្នាក់ណាមួយដែលកើតចេញពីការធ្វេសប្រហែស។

ជំនួសឱ្យលោកទេសរដ្ឋមន្ត្រី ថោង ខុន, លោក ជា បូរ៉ា និងលោក ប៉ាក់ សុខុម ក៏បានប្រគល់អំណោយចែកជូនគណៈកម្មការ និងក្រុមកីឡាករទូកទាំងពីរ រួមមាន៖ សាប៊ូកក់សក់២០០ដុំ ពេទ្យ៦០០បន្ទះ ថវិកា១០លានរៀល ដោយក្នុង១នាក់ទទួលបាន៥ម៉ឺនរៀល៕