(ភ្នំពេញ)៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​ បានថ្លែង​អំណរ​គុណ​ដល់សាធារណជន, អ្នកវិភាគ និងអ្នកជំនាញនានា, បណ្តាញសារព័ត៌មាន, អាជ្ញាធរមូលដ្ឋាន, ផលិតកម្ម Galaxy Navatra, តារាចម្រៀង, តារាសម្តែង, សិល្បករ សិល្បការិនី, និង​មន្ត្រី​គ្រប់ជាន់​ថ្នាក់​របស់​ខ្លួន​ដែល​បានជួយផ្សព្វផ្សាយ និងពន្យល់សាធារណជនជាពិសេសក្រុមគោលដៅ អំពីឱកាសទទួលបានរបបថែទាំសុខភាព និងឱកាសបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ។ នេះបើតាមការបង្ហោះលើបណ្តាញសង្គមផ្លូវការរបស់លោកកាលពីយប់ថ្ងៃទី១៨ ខែវិច្ឆិកានេះ។

សេចក្តីថ្លែងអំណរគុណរបស់លោករដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានធ្វើឡើងបន្ទាប់ពីមានអ្នកវិភាគ សាធារណជន ផលិតកម្មចម្រៀង សិល្បៈករ និងមន្ត្រី រួមទាំងអ្នកមានឥទ្ធិពលលើបណ្តាញសង្គម (influencer)ជាច្រើន បានជួយផ្សព្វផ្សាយ និងពន្យល់ដល់យុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ ដើម្បីទទួលបានអត្ថប្រយោជន៍នៃកម្មវិធីទាំងពីរដែលបានប្រកាសដាក់ឱ្យអនុវត្តដោយ សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៤កន្លងទៅ។

លោករដ្ឋមន្ត្រី បានសង្កត់ធ្ងន់ថា៖ «ខ្ញុំសូមថ្លែងអំណរគុណ និងដោយក្តីគោរព ស្រឡាញ់ ដឹងគុណ និងសូមមេត្តាទទួលយកនូវការគោរពអរគុណពីខ្ញុំ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ»

នៅលើបណ្តាញសង្គមរបស់លោកខ្លួន ក្រៅពីពន្យល់លំអិតនៃកម្មវិធី និង​អត្ថប្រយោជន៍​សម្រាប់​មុខ​សញ្ញាគោលដៅ​នីមួយៗរួចហើយនោះ លោករដ្ឋមន្ត្រី ក៏បាន​បន្តអំពាវនាវ​ដល់បុគ្គល​ស្វ័យនិយោជន៍(អ្នកប្រកបរបរខ្លួនឯង) និងយុវជនក្រុមគោលដល់មកពីគ្រួសារក្រីក្រ និងងាយ​រង​ហានិភ័យ ទៅចុះឈ្មោះ​ដើម្បី​ទទួល​បានអត្ថប្រយោជន៍​ជាលក្ខណៈប្រវត្តិសាស្ត្រនេះ។

លោកមានប្រសាសន៍ថា៖ «តាមរយៈការចូលរួមជួយផ្សព្វផ្សាយ និងពន្យល់យ៉ាងទូលំទូលាយនេះ ខ្ញុំមានជំនឿយ៉ាងមុតមាំថា បងប្អូនប្រជាពលរដ្ឋ ដែលជាមុខសញ្ញា​ត្រូវទទួលអត្ថប្រយោជន៍​ពីកម្មវិធី​ទាំងពីរ​ខាងលើនេះនឹងទទួលបានព័ត៌មាន ហើយទៅចុះឈ្មោះ​ដើម្បីទទួលបាន​អត្ថប្រយោជន៍​ដ៏វិសេស​វិសាលនេះ»

ទោះបីជាបែបណាក៏ដោយដើម្បីឱ្យកម្មវិធីទាំងពីរនេះមានផ្លែផ្កា និងជោគជ័យ ការជួយផ្សព្វផ្សាយ ការជួយពន្យល់ណែនាំ និងការចែករំលែកបន្តទៅទៀតពីអ្នកដែលមានសមាណចិត្តទាំងអស់ នឹងអាចជួយកែប្រែវាសនាមនុស្ស១នាក់ ឬ១គ្រួសារ ហើយក៏ជាការរួមចំណែកជួយកាត់បន្ថយភាពក្រីក្រ និងជួយអភិវឌ្ឍសង្គមជាតិ ដែលជាគោលដៅចុងក្រោយរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ។ នេះបើតាមបណ្តាញសង្គមផ្លូវការរបស់លោករដ្ឋមន្ត្រីដដែល៕