(កំពត)៖ ខេត្តចំនួន៦ទៀត រួមមានរដ្ឋបាលខេត្តកំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ ព្រមទាំងសមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងចុះអនុស្សារណៈយោគយល់គ្នា (MOU) ជាមួយក្រសួងបរិស្ថាន និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នៅតាមសាលារៀនទូទាំង៤៣៨សាលា ដែលមានគ្រូសរុប៥៨២៦នាក់ និងសិស្សានុសិស្សចំនួន១៣១,២០៣នាក់។

ពិធីនេះបានធ្វើឡើងក្រោមអធិបតីភាពលោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅក្រុងកំពត ដោយមានការចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា សមាជិករាជរដ្ឋាភិបាល ឯកអគ្គរដ្ឋទូតឡាវប្រចាំកម្ពុជា តំណាងក្រសួងស្ថាប័នពាក់ព័ន្ធ អភិបាលខេត្តទាំង៦ ព្រមទាំងមន្ត្រីរាជការ ប្រជាពលរដ្ឋ វិស័យឯកជន និងសិស្សានុសិស្សយ៉ាងច្រើនកុះករ។

គិតពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរដ្ឋបាលខេត្តចំនួន១៣ រួមជាមួយស្ថាប័នជាតិធំៗចំនួនរួមមាន៖ ស្ថាប័នកាកបាទក្រហមកម្ពុជា, សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) បានចុះអនុស្សារណៈយោគយល់ និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ជាមួយក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា បើបូករួមជាមួយខេត្តចំនួន៦ទៀត ដែលចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅថ្ងៃនេះមានខេត្តចំនួន១៣ដែលក្នុងនេះរួមមានដូចជា៖ខេត្តកំពង់ឆ្នាំង កណ្តាល, ពោធិ៍សាត់ ,ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី,កំពត កែប, ព្រះសីហនុ កោះកុង, កំពង់ស្ពឺ, តាកែវ។

ដោយឡែកស្ថាប័នធំៗចំនួន៥ហើយដែល បាននិងគ្រោងចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានផងដែររួមមាន កាកបាទក្រហមកម្ពុជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), អង្គការស្បៀងអាហារពិភពលោក (UNFAO) ,សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

នាឱកាសនោះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត សម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួង ស្ថាប័ន ពាក់ព័ន្ធ រដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ និងបណ្តាដៃគូអភិវឌ្ឍន៍ដែលជានិច្ចជាកាលបានផ្តល់កិច្ចសហការល្អជាមួយក្រសួងបរិស្ថាន។

លោកបណ្ឌិតបានឱ្យដឹងថា នៅកម្ពុជាកត្តារីកចម្រើននៃសេដ្ឋកិច្ចជាតិ កំណើនជីវភាពរបស់ប្រជាពលរដ្ឋ គួបផ្សំនឹងភាពស៊ីវិល័យរបស់សង្គមនិងការរស់នៅ បានធ្វើឱ្យការប្រើប្រាស់សម្ភារប្លាស្ទិកមានកើនឡើងក្នុងកម្រិតខ្ពស់ ពិសេសថង់ប្លាស្ទិកដែលប្រជាជនកម្ពុជា ម្នាក់ប្រើថង់ប្លាស្ទិកជាមធ្យម ៤ថង់ ក្នុង១ថ្ងៃ គឺប្រមាណជា ៥៥លានថង់ប្លាសិកប្រើប្រាស់ក្នុង១ថ្ងៃនៅកម្ពុជា។ ក្រៅពីថង់ប្លាស្ទិកនៅមានសម្ភារប្លាស្ទិកប្រើក្នុងសេវាអាហារ និងភេសជ្ជៈ ដូចជា៖ ចាន ប្រអប់ស្នោរ កែវ ស្លាបព្រា សម កាំបិត បំពង់បឺត ប្រអប់ជ័រ ដែលកំពុងពេញនិយមប្រើប្រាស់កាន់តែច្រើនឡើងៗ។ សម្ភារប្លាស្ទិក ដែលប្រើរួចត្រូវបានចោលលាយឡំជាមួយសំរាម សំណល់រឹងទីប្រជុំជន និងមានភាពរាយប៉ាយនៅតាមទីវាល និងប្រភពទឹកស្ទើរគ្រប់ទីកន្លែង។

ក្រសួងបរិស្ថាន ពិតជាមានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះ ការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន។

ក្រសួងបរិស្ថានបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតមកដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ មានអ្នកចូលរួម ផ្ទាល់ប្រមាណ ៣លាន អង្គ/នាក់។ សម្រាប់ទិន្នន័យការចូលរួមដោយប្រយោលមានចំនួនសរុប ៨,៨៤៨,៣៥៣ អង្គ/នាក់ (មាតាបិតាមនុស្សក្នុងគ្រួសារ) ដូចនេះ ចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្មើនឹង ៥២% នៃចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា៕