បងប្អូនខ្មែរនៅអូស្ត្រាលី៖ តំណាងរាស្រ្ត ហុង លីម បន្តមើលងាយបងប្អូនខ្មែរនៅក្រៅប្រទេស ដោយប្រើពាក្យថា «ទោះបងប្អូនខ្មែរមិនបោះឆ្នោតឲ្យខ្ញុំ ក៏ខ្ញុំជាប់ឆ្នោតដែរ» (Video inside)
19-08-2016 08:55
(ភ្នំពេញ)៖ ការប្រមាថជាតិសាសន៏ខ្មែរខ្លួនឯងថា ជា «តិរច្ឆាន» ពីសំណាក់តំណាងរាស្រ្តជាតិ ហុង លីម ត្រូវបានគេសង្កេតឃើញថា មានប្រតិកម្មពីប្រជាពលរដ្ឋ ខ្មែរទាំងក្នុង និងក្រៅប្រទេស ព្រមទាំងក្រសួងការបរទេសកម្ពុជា ដោយមិនអាចទទួលយកបាននូវពាក្យសម្តីនេះ។
បងប្អូនខែ្មរដែលរស់នៅប្រទេសអូស្រ្តាលី បានថ្លែងប្រាប់សារព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៩ ខែសីហានេះថា ការប្រតិកម្មកន្លងទៅនេះ មិនត្រឹមតែមិនធ្វើឲ្យតំណាងរាស្រ្ត ហុង លីម ម្នាក់នេះភ្ញាក់រលឹកកែប្រែខ្លួននោះទេ ថែមទាំងធ្វើអត្ថាធិប្បាយបន្ថែមទៀត ជាមួយវិទ្យុអាស៊ីសេរី ដោយប្រើសម្តី មាក់ងាយបងប្អូនខ្មែរ នៅក្រៅប្រទេសយ៉ាងធ្ងន់ធ្ងរ ជាពិសេសបងប្អូនដែលកំពុងរស់នៅប្រទេសអូស្រ្តាលី រដ្ឋវិតួរីយ៉ាថា «ទោះខ្មែរមិនបោះឆ្នោតឲ្យខ្ញុំ ក៏ខ្ញុំនៅជាប់ឆ្នោតដែរ» Sic !! ពាក្យសម្តីខាងលើនេះមានន័យស្មើនឹង «បើខ្មែរឯងមិនបោះឆ្នោតឲ្យអញ ក៏ធ្វើក្តអីអញមិនបានដែរ អញនៅតែជាប់ឆ្នោតដដែល ដោយមានសាសន៏ដទៃបោះឲ្យហើយ»។
តើបងប្អូនខ្មែរក្រៅប្រទេស ជាពិសេសបងប្អូនខ្មែរនៅអូស្ត្រាលី ឈឺចាប់ទេនូវពាក្យសម្តីមើលងាយមើលថោក ដល់បងប្អូនខ្មែរយើង នៅក្រៅប្រទេសបែបនេះ? តើបុគ្គល ហុង លីម នឹងបន្តមើលងាយជាតិសាសន៏ខ្លួនឯង ដល់ពេលណាទៀត?។
សូមស្តាប់នូវសម្តីដែលជាការមើលងាយបងប្អូនពីសំណាក់បុគ្គល ហុង លីម ដូចក្នុងវីដេអូខាងក្រោមនេះ!