(កំពត)៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ ២០២៣ស្អែកនេះ ខេត្តចំនួន៦ទៀត រួមមានរដ្ឋបាលខេត្តកំពត កែប ព្រះសីហនុ កោះកុង កំពង់ស្ពឺ តាកែវ ព្រមទាំងសមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក) នឹងចុះអនុស្សារណៈ យោគយល់គ្នា(MOU)ជាមួយក្រសួងបរិស្ថាន និងបើកយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ»នៅតាមសាលារៀនទូទាំង៤៣៨សាលា ដែលមានគ្រូសរុប៥៨២៦នាក់ និងសិស្សានុសិស្សចំនួន១៣១,២០៣ នាក់។

សូមបញ្ជាក់ថា បើបូករួមជាមួយខេត្តចំនួន៦ទៀតគ្រោងនឹងចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានស្តីពីយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកនៅថ្ងៃស្អែកនេះ នឹងមានខេត្តចំនួន១៣ដែលក្នុងនេះរួមមានដូចជា៖ខេត្តកំពង់ឆ្នាំង កណ្តាល, ពោធិ៍សាត់ ,ក្រចេះ, ស្ទឹងត្រែង, រតនគិរី, មណ្ឌលគិរី,កំពត កែប, ព្រះសីហនុ កោះកុង, កំពង់ស្ពឺ, តាកែវ។

ដោយឡែកស្ថាប័នធំៗចំនួន៥ហើយដែល បាននិងគ្រោងចុះអនុស្សារណៈយោគយល់គ្នាជាមួយក្រសួងបរិស្ថានផងដែររួមមាន កាកបាទក្រហមកម្ពុជា កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP), អង្គការស្បៀងអាហារពិភពលោក (UNFAO) ,សមាគមកាយឫទ្ធិនារីកម្ពុជា និងសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក)។

គួរបញ្ជាក់ថា ក្រសួងបរិស្ថាន ពិតជាមានសុទិដ្ឋិនិយម និងការជឿជាក់យ៉ាងមុតមាំថា ស្មារតីនៃយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» នឹងនៅចងចាំជានិច្ចចំពោះ ការចូលរួមក្នុងពេលនេះ និងបន្តការផ្សព្វផ្សាយទៅមិត្តភក្តិ បងប្អូន ក្រុមគ្រួសារពីការមិនប្រើប្រាស់ថង់ប្លាស្ទិក យ៉ាងតិច១ថ្ងៃ និងពង្រីកទៅ២ថ្ងៃ ៣ថ្ងៃ ឬ ៤ថ្ងៃ ក្នុង១សប្តាហ៍ ដើម្បីឱ្យសាលារៀនយើង លំនៅស្ថានយើង និងភូមិ-ឃុំយើង គ្មានសំរាមប្លាស្ទិក សំដៅធានាបានការរស់នៅស្អាត បរិស្ថានបៃតង និងការអភិវឌ្ឍចីរភាព និងអព្យាក្រឹត្យកាបូន។

នាកន្លងមកនេះដែរ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នាកន្លងមកបានវាយតម្លៃខ្ពស់ចំពោះយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលបានបញ្ជ្រាបទៅដល់ប្រជាពលរដ្ឋទូទាំងប្រទេស តាមរយៈលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ទៅដល់សហគមន៍ និងមូលដ្ឋានរស់នៅរបស់ប្រជាពលរដ្ឋ។

លោករដ្ឋមន្រ្តីបានចាត់ទុកថា យុទ្ធនាការនេះ បានកំពុងដោះស្រាយបញ្ហាប្លាស្ទិកយ៉ាងសំខាន់នៅកម្ពុជា ហើយនឹងជួយឱ្យកម្ពុជាស្អាត នាពេលដ៏ខ្លីខាងមុខនេះ។

គួរឱ្យដឹងថា យុទ្ធនាការដំបូងបានរៀបចំដំបូងនៅតាមសាលារៀន ទូទាំងស្រុកចំនួន៤៤ នៅក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ និងមានលោកគ្រូ អ្នកគ្រូ សរុបចំនួន ៥៤៩នាក់ ស្រី ២៦៣នាក់ និងសិស្សានុសិស្សសរុប ១៨,៧៣៥នាក់ ស្រី ៩,៣៥៣នាក់។

ក្រសួងបរិស្ថានបានឱ្យដឹងដែរថា គិតចាប់ពីថ្ងៃទី១ ខែកញ្ញា រហូតមកដល់ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មានអ្នកចូលរួម ផ្ទាល់សរុបចំនួន ២,៩៤៩,៤៥១ អង្គ/នាក់។ សម្រាប់ទិន្នន័យការចូលរួមដោយប្រយោលមានចំនួនសរុប ៨,៨៤៨,៣៥៣ អង្គ/នាក់ (មាតាបិតាមនុស្សក្នុងគ្រួសារ) ដូចនេះ ចំនួនអ្នកចូលរួមក្នុងយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ស្មើនឹង ៥២% នៃចំនួនប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា៕