(ភ្នំពេញ)៖ សហភាពសហព័ន្ធអ្នកសារព័តមានកម្ពុជា ដែលទើបនឹងបង្កើតបានរយៈពេល១០ថ្ងៃ ទទួលបានសមាជិកសរុបជាង៦០០នាក់ ដោយគិតត្រឹមថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ នេះបើយោងតាមការឲ្យដឹងពីលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជាថ្លែងឲ្យដឹងនៅព្រឹកថ្ងៃសុក្រនេះ។
ប្រធានសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា រូបនោះបានបញ្ជាក់ថា ចំនួនសមាជិកចូលរួមសកម្មភាពការងារជាមួយសហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា នឹងមានការកើនឡើងបន្តទៀត, ដោយក្នុងពេលនេះរួមមាន៖ ទីប្រឹក្សា៦នាក់, សមាជិកស្ថាបនិក២០នាក់ និងសមាជិកពេញសិទ្ធិ៥៧៥នាក់។
សូមជំរាបថា សហភាពសហព័ន្ធ អ្នកសារព័ត៌មានកម្ពុជា ត្រូវបាន បង្កើតឡើងដោយការរួមដៃគ្នារវាងអ្នកកាសែត និងអតីតអ្នកកាសែត ដែលមានបទពិសោធន៍ បំរើការងារនៅស្ថាប័នជាតិនិងអន្តរជាតិផ្សេងៗគ្នា ដូចជាវិទ្យុ ទូរទស្សន៍ កាសែតបោះពុម្ព និងកាសែតអនឡាញ (Online) ដែលមានមូលដ្ឋាននៅក្នុង ព្រះរាជាណាចក្រកម្ពុជា។ ការរួមគ្នាបង្កើតសហព័ន្ធនេះឡើង ក្នុងគោលបំណងជំរុញ និងពង្រឹងវិស័យព័ត៌មាននៅកម្ពុជាឲ្យកាន់តែល្អប្រសើរថែមទៀត និងជាពិសេសការពារ និងបំរើផលប្រយោជន៍អ្នកសារព័ត៌មាន។
សហភាពសហព័ន្ធ អ្នកសារព័តមានកម្ពុជា ត្រូវបានទទួលស្គាល់ជាផ្លូវការពីក្រសួងព័ត៌មាននៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៦នាពេលថ្មីៗ។
ថ្នាក់ដឹកនាំស្ថាប័នព័ត៌មាន ដែលបានរួមគ្នាចងក្រង សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជានេះ ឡើងមានមកពីទូរទស្សន៍ CTN CNC My TV OneTV, CTN International, BTV TV9 TV11 TV8 Hang Meas TV SEATV TV5 TV3 TVK NTV, សារព័ត៌មាន Fresh News (App+Website), សារព័ត៌មាន Khmer Times, Kampuchea Thmey សារព័ត៌មាននគរបាល និងសារព័ត៌មានភ្នំពេញថែមស៍៕