(កំពង់ស្ពឺ)៖ រសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក ហ៊ុន ម៉ានី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ អមដំណើរដោយ លោក យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត និងលោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានអញ្ជើញទស្សនាពិធីអុំទូក អកអំបុក សំពះព្រះខែ ដែលរៀបចំដោយរដ្ឋបាលខេត្តកំពង់ស្ពឺ។

រដ្ឋបាលខេត្តកំពង់ស្ពឺ បានបង្កើតបរិយាកាសសប្បាយរីករាយជូនដល់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ អន្តរជាតិ តាមរយៈការរៀបចំពិធីអុំទូក អកអំបុក សំពះព្រះខែ ប្រណាំងទូកង អុំប្រណាំងខ្ទះត្នោត នៅក្នុងស្ទឹងព្រែកត្នោត ចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ដើម្បីឲ្យពិធីនេះ មានភាពសប្បាយរីករាយ និងមហោឡារឹក រដ្ឋបាលខេត្តកំពង់ស្ពឺ និងមន្ទីរពាក់ព័ន្ធ បានរៀបចំពិធីប្រណាំងទូក ប្រណាំងខ្ទះត្នោត ពិព័រណ៍ផលិតផល ប្រគុំតន្ត្រី សម្តែងសិល្បៈ និងផ្ទាំងទស្សនីយភាពជាច្រើនទៀត ហើយក្នុងនោះក៏មានការបាញ់កាំជ្រួចអបអរពិធីបីថ្ងៃជាប់គ្នាផងដែរ។

ក្នុងពិធីប្រណាំងទូកឆ្នាំនេះ ក្រោមការការពារសន្តិសុខ សណ្តាប់ធ្នាប់ យ៉ាងយកចិត្តទុកដាក់ពីកម្លាំងសមត្ថកិច្ចទាំងបីប្រភេទយ៉ាងសកម្ម ដោយមិនឲ្យកើតមានអំពើចោរកម្មលួចឆក់ផ្សេងឡើយ។

ដោយឡែក សម្រាប់ព្រឹត្តិការណ៍ប្រណាំងទូកង ប្រណាំងខ្ទះត្នោត នៅក្នុងស្ទឹងព្រែកត្នោតក្នុងឆ្នាំនេះ មានទូកចូលរួមប្រកួតចំនួន៥២ទូក ក្នុងនោះទូកអន្តរជាតិ៦ទូក, ទូកកិត្តិយស២ទូក, ទូកផ្កាចារចំនួន៣២ទូក (ទូកនារី១ទូក), ទូកត្នោតចំនួន៦ទូក និងទូកខ្ទះចំនួន៨ទូក (ទូកនារី៤ទូក) និងមានកីឡាករ កីឡាការិនី៦០១នាក់៕