(ភ្នំពេញ)៖ ប្ដីជនជាតិចិន ទាស់ពាក្យសម្ដីគ្នាជាមួយប្រពន្ធដែលជនជាតិវៀតណាម រហូតឈានដល់ការប្រើប្រាស់អំពើហិង្សាដាក់គ្នាទៅវិញទៅមក បណ្ដាលឲ្យប្ដី និងកូនតូចអាយុជាង១ខួប ធ្លាក់ពីលើអគារខុនដូរជាន់ទី២២ បណ្ដាលឲ្យស្លាប់ ខណៈប្រពន្ធរងរបួសធ្លាយពោះដោយសារប្ដីចាក់មុនធ្លាក់ចុះក្រោម។

ហេតុការណ៍នេះ បានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ នៅចំណុចអាគារខុនដូរបាលី២ តាមផ្លូវ៧៨ ក្រុម៧៨ ស្ថិតនៅភូមិ១៤ សង្កាត់ ទន្លេបាសាក់ ខណ្ឌចំការមន។

ស្រ្តីជាប្រពន្ធឈ្មោះ TRUONGNGOCI-TRAM អាយុ២៨ឆ្នាំ ជនជាតិវៀតណាម ដែលរងរបួសធ្លាយពោះវៀន នៅពេលបញ្ជូនដល់ពេទ្យបានប្រាប់សមត្ថកិច្ចថា កាលពីម្សិលមិញ គាត់បានទាស់ពាក្យសម្ដីជាមួយប្ដីឈ្មោះ ZHONGSHAN BO អាយុ២៩ឆ្នាំម្ដងរួចមកហើយ។

ក្រោយមកប្ដីបានចេញពីបន្ទប់ទៅបាត់ យប់ឡើងក៏មិនឃើញត្រលប់មកដេកវិញ លុះដល់ខ្ទង់ម៉ោងប្រហែល១០ លឺសំឡេងចាក់សោទ្វារបន្ទប់នឹកថាប្ដីមកវិញ ក៏មិនហ៊ានមាត់កតែពេលប្ដីចូលមកដល់ក្នុងបន្ទប់បន្តការឈ្លោះប្រកែកតឹងសរសៃកដាក់គ្នាទៅវិញទៅមក។

ពេលនោះប្ដីបានចូលបន្ទប់ចង្រ្កានបាយ យកកូនកាំបិតតូចមួយមកគំរាមអារកសម្លាប់ប្រពន្ធ និងកូន ហើយខ្លួនចង់ការពារខ្លួនក៏រត់ទៅបន្ទប់ចង្រ្កានបាយ យកកូនកាំបិត១ដែរកាន់ដៃ។ តែពេលរត់ទៅយកកាំបិត ប្ដីរត់ទៅយកកូនស្រីតូចឱបនឹងទ្រូង ដោយខ្លាចគ្រោះថ្នាក់ក៏រត់សំដៅទៅបើកទ្វារបន្ទប់ចេញមកក្រៅ គោលបំណងហៅឲ្យអ្នកជិតបន្ទប់ជួយ។

ពេលនោះ ប្ដីទុកកូនលើកពូករត់មកដេញតាមចាប់ខ្លួនឲ្យចូលបន្ទប់វិញ តែគាត់មិនព្រម ប្ដីបានយកកាំបិតមកចាក់ចំពោះ បណ្ដាលធ្លាយ។ ទើបប្ដីភ័យក៏រត់ចូលបន្ទប់វិញ ចំណែកខ្លួនរត់ចូលជណ្ដើរយន្ត គោលបំណងចុះទៅជាន់ទី១៣មាន ជនជាតិខ្មែរស្នាក់នៅ ដើម្បីឲ្យប្ដឹងសមត្ថកិច្ច ប៉ុន្ដែពេលគាត់កំពុងឈរនិយាយជាមួយនារីជនជាតិខ្មែរ ក៏មានគេប្រាប់ថា បុរសជនជាតិចិន និងកូនតូចលោត ពីអាគារជាន់ទី២២ស្លាប់បាត់ហើយ។

លឺបែបនេះខ្លួនរឹតតែភ័យ មិនហ៊ានចុះទៅមើល ណាមួយរបួសហូរឈាមផង ក្រោយមកក៏សមត្ថកិច្ចបានមកដល់នាំចុះទៅខាងក្រោមដើម្បីជូនគាត់ទៅមន្ទីរពេទ្យកាល់ម៉ែត។

សមត្ថកិច្ចផ្នែកជំនាញបានពិនិត្យសពថា ជនរងគ្រោះទាំង២នាក់ករណីមានមនុស្សធ្លាក់ពីលើទីខ្ពស់បណ្ដាលប៉ះទង្គិចខ្លួនប្រាណធ្ងន់ធ្ងរ និងស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ។ ជុំវិញករណីនេះ សមត្ថកិច្ចកំពុងបន្ដស្រាវជ្រាវបន្ថែមទៀត៕