(ភ្នំពេញ)៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានចាប់ដៃគូជាមួយសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ(AA​DCC) និងអង្គការមូលនិធិ ឌីភីប៊ី (DPB​ Foundation) គ្រោងរៀបចំកម្មវិធីសប្បុរសធម៌ដ៍ធំមួយ ដើម្បីរៃអង្គាសមូលនិធិជួយដល់កុមារកម្ពុជាដែលកំពុងរង់ចាំការព្យាបាល។

បើយោងតាមការឱ្យដឹងពីស្ថាបន័ទាំង៣បានបញ្ជាក់ថា ប្រទេសកម្ពុជានៅបន្តមានកុមារមួយចំនួនទៀត ដែលកំពុងប្រឈមនឹងបញ្ហាសុខភាព ហើយពួកគេកំពុងរង់ចាំជំនួយ។ មានកុមារមួយចំនួនធំដែលប្រឈមនឹងការវាយប្រហារពីជំងឺផ្សេងៗ ហើយពុំមានលទ្ធភាពព្យាបាលដោយសារវិបត្តិសេដ្ឋកិច្ចគ្រួសារ។ ដោយសារតែភាពក្រីក្រនិងកង្វះសម្ភារៈបរិក្ខារពេទ្យចាំបាច់នេះហើយ គឺជាមូលហេតុបណ្តាលឱ្យកុមារជាច្រើន មិនអាចទទួលបានការព្យាបាលទាន់ពេលវេលា។

បើតាមប្រភពដដែលបានបញ្ជាក់ថា បើទោះបីជាប្រទេសកម្ពុជាកំពុងបោះជំហានឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយស្ថិរភាពយ៉ាងណាក៏ដោយ ប៉ុន្តែនៅថ្ងៃនេះពន្លឺនៃក្តីសង្ឃឹមនឹងលេចឡើងនៅចំពោះមុខគ្រប់គ្នា។

ជាមួយគ្នាផងដែរ សម្រាប់ព្រឹត្តិការណ៍ដែលនឹងរៀបចំឡើងរួមគ្នាដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ជាមួយនឹងសមាគមក្រុមប្រឹក្សាវប្បធម៌ឌីជីថលអង្គរ និងអង្គការមូលនិធិ ឌីភីប៊ីគឺស្ថិតក្រោមប្រធានបទ "សេចក្ដីស្រឡាញ់ដ៏ធំធេងរបស់ខ្មែរ រាត្រីសមោសរសប្បុរសធម៌" ដែលប្រារព្ធឡើងនៅថ្ងៃទី ១៣ ខែធ្នូ ឆ្នាំ២០២៣ វេលាម៉ោង ៥:៣០ ល្ងាច នៅប្រាសាទបាពួន ខេត្តសៀមរាប។
បន្ថែមពីនេះស្ថាបន័ទាំងបីមានក្តីរំពឹងថា នឹងមានសប្បុរសជនមកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់ទិសទីមកជួបជុំគ្នានៅទឹកដីអង្គរ ដើម្បីរៃអង្គាសមូលនិធិសប្បុរសធម៌ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា។​

យ៉ាងណាក៏ដោយ ក្រសួងវប្បធម៌ និងសិល្បៈ ក៏ជាកម្លាំងមួយដែលអាចមានឥទ្ធិពលយ៉ាង ខ្លាំងទៅលើសប្បុរសជនគ្រប់មជ្ឈដ្ឋានក្នុងសង្គម ដូច្នេះទាំងអស់គ្នាមានការជឿជាក់ថា សិល្បៈវប្បធម៌ ប្រពៃណីដ៏រស់រវើករបស់កម្ពុជា នឹងទាក់ទាញសប្បុរសជនកាន់តែច្រើនឱ្យទៅចូលរួម​ក្នុង ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌ដែល​ពោរពេញ​ដោយ​ក្តី​ស្រឡាញ់មួយ​នេះ។​

សូមបញ្ជាក់ថា ព្រឹត្តិការណ៍រាត្រីសមោសរសប្បុរសធម៌នេះ នឹងមានការសម្តែងទស្សនីយភាពសិល្បៈ វប្បធម៌ខ្មែរយ៉ាងអស្ចារ្យ។ តាមរយៈការសម្តែងទស្សនីយភាពសិល្បៈវប្បធម៌ដ៏ល្អឥតខ្ចោះនេះ ហើយ ជាការទាក់ទាញទឹកចិត្ត​សប្បុរសជនពីគ្រប់មជ្ឈដ្ឋានឱ្យចូលរួមក្នុងការចែករំលែកនូវ សេចក្តីស្រលាញ់ក៏ដូចជាការបរិច្ចាគថវិកា។

សម្រាប់​​មូលនិធិដែលរៃអង្គាសបាន នឹងប្រគល់ជូនដល់ មន្ទីរពេទ្យគន្ធបុប្ផា ប្រើប្រាស់សម្រាប់ទិញសម្ភារៈបរិក្ខារពេទ្យ និងថ្នាំសង្កូវចាំបាច់ផ្សេងៗដើម្បី ជួយដល់កុមារក្រីក្រឱ្យទទួលបាននូវសេវាព្យាបាលដោយឥតគិតថ្លៃ និងទាន់ពេលវេលា៕