(ពោធិ៍សាត់)៖ លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តពោធិ៍សាត់ បានរៀបចំដំណើរទស្សនកិច្ចសិក្សា ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ក្នុងក្រុងពោធិ៍សាត់ ប្រមាណ៧០៣នាក់ ស្រី៣៦៦នាក់ ដែលទើបបញ្ចប់ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២២-២០២៣ ឆ្ពោះទៅកាន់តំបន់រមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រក្នុងខេត្តសៀមរាប ទឹកដីអង្គរដ៏បវរនៃយើង។

ដំណើរទស្សនកិច្ចសិក្សានេះដែរ ត្រូវបានធ្វើឡើង ចាប់ពីថ្ងៃទី១៧-១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ ដែលមានរយៈពេល ១យប់ ២ថ្ងៃ ក្រោមប្រធានបទ​ «យុវជនពោធិសាត់​ រួមគ្នាលើកស្ទួយទេសចរណ៍វប្បធម៌អង្គរមរតកជាតិ» ដោយបានការសម្របសម្រួលពី លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ថ្នាក់ដឹកនាំ ក្រុមយុវជន លោកគ្រូ អ្នកគ្រូ និងក្រុមការងារគណបក្សប្រជាជនកម្ពុជាមួយចំនួនទៀត។

ទស្សនកិច្ចសិក្សានេះ ធ្វើឡើងក្នុងគោលបំណង ផ្ដល់​ឱកាស​ដល់ប្អូនៗក្មួយៗសិស្សានុសិស្ស ​បាន​ក្រេប​ជញ្ជក់​ចំណេះដឹង​ជាក់​ស្តែង ​ដែល​ទទួលបានតាមរយៈការទស្សនា ​ឬសិក្សា​ឈ្វេងយល់ ​អំពីតំបន់​រមណីយដ្ឋាន​វប្បធម៌​ប្រវត្ដិសាស្ដ្រដ៏​ល្បីល្បាញ​នានា ដែលជាកេរមរតកវប្បធម៌ជាតិខ្មែរ នៅក្នុងទឹកដីអង្គរនៃយើង។

លោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជា ខេត្តពោធិ៍សាត់ តំណាងដ៏ខ្ពង់ខ្ពស់ លោក កែវ រតនៈ និងលោក ខូយ រីដា បានថ្លែងឱ្យដឹងថា ចំពោះដំណើរទស្សនកិច្ចសិក្សា ជូនសិស្សានុសិស្ស ថ្នាក់ទី១២ ក្នុងក្រុងពោធិ៍សាត់ នាឱកាសនេះ គឺជាការឆ្លើយតបទៅនឹងការសន្យារបស់ថ្នាក់ដឹកនាំយើង នាឱកាសជួបសំណេះសំណាល ជាមួយសិស្សានុសិស្ស ថ្នាក់ទី១២ទូទាំងខេត្ត និងរៀបចំរាត្រីសមោសរ បាញ់កាំជ្រួច អបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី នៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ កាលពីពេលកន្លងទៅ។

លោកអភិបាលរងខេត្តរូបនេះ បាននាំនូវការផ្តាំផ្ញើសេចក្តីនឹករលឹក និងចូលរួមសប្បាយរីករាយពីចំងាយ ពីសំណាក់លោក កែវ រតនៈ និងលោក ខូយ រីដា ទោះបីជាលោកទាំង២ មិនបានមកដោយផ្ទាល់ក៏ដោយ ក៏លោកទាំង២បានចាត់តំណាង និងក្រុមការងារយុវជន រៀបចំទទួលក្មួយៗ ទាំងការស្នាក់នៅ ហូបចុក និងទស្សនាកំសាន្តតំបន់រមណីយដ្ឋានរប្បធម៌ប្រវត្តិសាស្ត្រនានា ប្រកបដោយសុខសុវត្ថិភាព និងទំនួលខុសត្រូវខ្ពស់។

លោក ងួន ប៉ោសេង ក៏បានឱ្យដឹងផងដែរថា លោក កែវ រតនៈ និងលោក ខូយ រីដា ក៏ដូចជារូបលោកផ្ទាល់ ធ្លាប់បានជួបនូវបញ្ហាលំបាកនានា ក្នុងរបបខ្មែរក្រហម រហូតរួចផុតពីការកាប់សម្លាប់ អាចរស់រានមានជីវិត ទទួលបានសុខសន្តិភាព និងមានឱកាសបានសិក្សារៀនសូត្រ ឈានទៅសម្រេចគោលបំណង ក្លាយជាថ្នាក់ដឹកនាំមកដល់បច្ចុប្បន្ន។ នេះដោយសារការខិតខំប្រឹងប្រែង តស៊ូពុះពារគ្រប់ឧបសគ្គ មិនថាមានបញ្ហាលំបាកយ៉ាងណា ក៏មិនថ្អូញថ្អែរដែរ។

លោកក៏បានផ្តាំផ្ញើដល់ក្មួយៗសិស្សានុសិស្ស ថ្នាក់ទី១២ ទូទាំងក្រុងពោធិ៍សាត់ទាំងអស់ ដែលទើបនឹងបញ្ចប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទោះបីជាលទ្ធផលជាប់ ឬធ្លាក់យ៉ាងណា ក៏មិនត្រូវមោទនភាព ឬតូចចិត្តនោះឡើយ ត្រូវបន្តតស៊ូអភិវឌ្ឍសមត្ថភាពខ្លួន ទាំងចំណេះដឹង ចំណេះធ្វើ និងភាសាបរទេសបន្ថែមទៀត ដើម្បីកសាងអនាគតខ្លួន គ្រួសាររបស់ខ្លួន និងសង្គមជាតិទាំងមូល ជាពិសេសចូលរួមដើម្បីធ្វើការអភិវឌ្ឍទឹកដីកំណើត របស់យើង។

ជួសមុខឱ្យលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សថ្នាក់ទី១២ មកពីវិទ្យាល័យពោធិ៍សាត់ និងវិទ្យាល័យទាចំរ៉ាត់ ទូទាំងក្រុងពោធិ៍សាត់ និងយុវជនឃុំស្វាយលួង ស្រុកកណ្តៀងទាំងអស់ សូមគោរពថ្លែងអំណរគុណ ជូនចំពោះលោក កែវ រតនៈ, លោក ខូយ រីដា និងលោក ងួន ប៉ោសេង សូមលោកទាំង៣ មានសុខភាពល្អបរិបូរណ៌ កម្លាំងពលំមាំមួន ប្រាជ្ញាវាងវៃ ដើម្បីដឹកនាំ និងអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ឱ្យមានការរីកចម្រើនឡើង និងទទួលបានជោគជ័យគ្រប់ភារកិច្ច ទាំងកិច្ចការងារបក្ស និងរដ្ឋ ក្រោមម្លប់សន្តិភាព ដែលដឹកនាំដោយ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា៕