(សៀមរាប)៖ សាកលវិទ្យាល័យជាតិបាត់ដំបង នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំពិធីបើកសន្និសីទអន្តរជាតិ ស្តីពីការងារវិស័យធនធានទឹកសម្រាប់និរន្តរភាពបរិស្ថានតំបន់អាស៊ីអាគ្នេយ៍ នៅខេត្តសៀមរាប ក្រោមអធិបតីភាពលោក សាន វឌ្ឍនា អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា។

សន្និសីទដែលមានការចូលរួមពីភ្ញៀវជាតិ និងអន្តរជាតិប្រមាណជាង១០០នាក់ និងមកពីបណ្តា៥ប្រទេសនេះ ស្ថិតនៅក្រោមការគាំទ្ររបស់គម្រោងកសាង សមត្ថភាពឧត្តមសិក្សា Erasmus + INOWASIA និងឧបត្ថម្ភដោយ គម្រោង IRD-JEAI ព្រមទាំងក្រុមហ៊ុន ស៊ី.ភី ខេមបូឌា ចំកាត់។

លោក សុខ ឃន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្នុងនាមជាម្ចាស់ផ្ទះក្នុងពិធីនេះ ដោយចាប់ផ្តើមពីលទ្ធផលគួរអោយកត់សំគាល់របស់គម្រោងកសាងសមត្ថភាពឧត្តមសិក្សា Erasmus + INOWASIA រយៈពេល៣ឆ្នាំគឺ (1) online courses ជាង១០ មុខវិជ្ជាត្រូវបានដាក់ឱ្យដំណើរការ (2) 6 មុខវិជ្ជា ក្នុងថ្នាក់ក្រោយបរិញ្ញាបត្រដោយប្រើវិធីសាស្ត្របង្រៀនថ្មីដោយយកបញ្ហាជាមូលដ្ឋាន (Problem Based Learning- PBL) (3) ការបង្កើតLiving labs ចំនួន៦ (4) លោកគ្រូអ្នកគ្រូ ជាង២០០ នាក់ត្រូវបានបំពាក់បំប៉នការប្រប្រាស់វិធីសាស្ត្របង្រៀនថ្មី PBL។ សំខាន់ជាងនេះទៅទៀត ដើម្បីធានាបាននូវនិរន្តរភាពនៃលទ្ធផលគម្រោង INOWASIA យើងបានបង្កើតបណ្តាញថ្នាក់តំបន់ស្តីពីការគ្រប់គ្រងធនធានទឹក និងនិរន្តរភាពបរិស្ថានក្នុងតំបន់អាស៊ីអាគ្នេយ៍ទៀតផង។

លោកសាស្ត្រាចារ្យ អ៊ីញ៉ាស៊ី រូឌ្រីហ្គេ រ៉ូដែស ប្រធានគម្រោង INOWASIA សាកលវិទ្យាល័យជីរ៉ូណា ប្រទេសអេស្ប៉ាញ បានថ្លែងអំណរគុណចំពោះគ្រប់ដៃគូដែលបានសហការយ៉ាងមានប្រសិទ្ធភាព រហូតដឹកនាំគម្រោងនេះមកដល់ទីបញ្ចប់យ៉ាងជោគជ័យជាទីមោទនៈ។

លោក សាន វឌ្ឍនា បានលើកឡើងថា លទ្ធផលពីគម្រោង INOWASIA ពិតជាត្រូវគ្នានឹងផែនទីបង្ហាញផ្លូវនៃឧត្តមសិក្សានៅកម្ពុជា ដែលមានគោលបំណងលើកកម្ពស់គុណភាព និងភាពពាក់ព័ន្ធនៃកម្មវិធីបណ្តុះបណ្តាល និងការស្រាវជ្រាវនៅក្នុងគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា (HEIs) ដើម្បីគាំទ្រដល់ផែនការអភិវឌ្ឍន៍ឧស្សាហកម្ម (IDP) របស់រាជរដ្ឋាភិបាល។

ក្នុងន័យនេះ សាកលវិទ្យាល័យទាំងអស់ត្រូវអនុវត្តកំណែទម្រង់កម្មវិធីបណ្ដុះបណ្ដាលជំនាញស្រាវជ្រាវ និងសមត្ថភាពរបស់ខ្លួន ដើម្បីផ្គូរផ្គងនឹងតម្រូវការទីផ្សារការងារ ទន្ទឹមនឹងនោះផងដែរ ដើម្បីលើកកម្ពស់ឥរិយាបថសិក្សាពេញមួយជីវិត ស្របទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពទី 4 (SDG4) សម្រាប់ការអប់រំ។

លោកបានបញ្ជាក់ទៀតថា សន្និសីទនាថ្ងៃនេះ គឺជាសកម្មភាពនៃការលើកកម្ពស់វេទិកាស្រាវជ្រាវ និងអប់រំវិទ្យាសាស្ត្រក្នុងការបណ្តុះបណ្តាលវិជ្ជាជីវៈទឹក និងនិរន្តរភាពបរិស្ថាន ដែលផ្តល់ឱកាសសម្រាប់អ្នកស្រាវជ្រាវ និងនិស្សិតកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍ ដើម្បីជួប និងផ្លាស់ប្តូរចំណេះដឹង បទពិសោធន៍របស់ពួកគេជាមួយអ្នកជំនាញក្នុងស្រុក និងអន្តរជាតិ សម្រាប់តំបន់អាស៊ីអាគ្នេយ៍ និងអឺរ៉ុប។ លោកពិតជាកោតសរសើរចំពោះការគាំទ្រជាអចិន្ត្រៃយ៍ពីសហភាពអឺរ៉ុប ជាពិសេសកម្មវិធី Erasmus+ ដល់មកពីអឺរ៉ុប និងអាស៊ីទាំងអស់។ ក៏ដូចជាសូមអរគុណដល់បណ្តាដៃគូរពាក់ព័ន្ធ ដែលបាននឹងកំពុងចូលរួមចំណែកយ៉ាងធំធេងក្នុងការលើកកម្ពស់គុណភាពនៃការអប់រំឧត្តមសិក្សានៅកម្ពុជា ក៏ដូចជានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល៕