(ភ្នំពេញ)៖ លោក ឡាវ វ៉ាន់ ប្រធានក្រុមការងារគ្រប់គ្រងនិស្សិតក្រៅប្រទេសប្រចាំសាធារណរដ្ឋប្រជាមានិតចិន (អ.ម.ត ចិន) និងសហការី នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញទទួលស្វាគមន៍ និងជួបពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យ Zhejiang Ocean នៃខេត្តជឺជាំង ប្រទេសចិន ដឹកនាំដោយលោកសាស្ត្រាចារ្យ ZHANG ZHENZHU សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យ Zhejiang Ocean។

ក្នុងជំនួបនោះដែរលោក ឡាវ វ៉ាន់ បានសម្តែងនូវស្វាគមន៍យ៉ាងកក់ក្តៅចំពោះដំណើរទស្សនកិច្ចរបស់សាកលវិទ្យាល័យមកកាន់ប្រទេសកម្ពុជា និងបានពាំនាំនូវការសួរសុខទុក្ខពីលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រយ៍សមាគម អ.ម.ត ជូនចំពោះគណៈប្រតិភូ។ លោកបញ្ជាក់ដែរថា តាមរយៈកិច្ចសហប្រតិបត្តិការល្អប្រសេីររវាងសមាគម អ.ម.ត និងសាកលវិទ្យាល័យ នឹងអាចបង្កេីតឱកាសសិក្សាកាន់តែល្អៗបន្ថែមទៀត សម្រាប់និស្សិតកម្ពុជា។

លោកសាស្ត្រាចារ្យ ZHANG ZHENZHU បានលេីកឡេីងថា នេះជាដំណើរទស្សនកិច្ចលេីកដំបូងរបស់លោក មកកាន់ប្រទេសកម្ពុជា។ លោកជឿជាក់ថា ភាគីទាំងពីរនឹងបន្តលើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីនាំមកនូវផលប្រយោជន៍កាន់តែច្រើនដល់និស្សិត និងយុវជននៃប្រទេសទាំងពីរ ជាពិសេសពង្រឹងដល់ការអភិវឌ្ឍវិស័យអប់រំ និងធនធានមនុស្សទៅវិញទៅមកឱ្យកាន់តែស៉ីជម្រៅ។ សាកលវិទ្យាល័យនឹងបន្តគាំទ្រ និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយ អ.ម.ត ទាំងកម្មវិធីអាហារូបករណ៍ និងសកម្មភាពផ្សេងៗទៀតឱ្យបានទូលំទូលាយ។

ភាគីទាំងពីរបានបង្ហាញពីសុឆន្ទៈក្នុងការខិតខំប្រឹងប្រែងរួមគ្នា ដេីម្បីជំរុញការជ្រេីសរេីសនិស្សិតទៅបន្តការសិក្សានៅសាកលវិទ្យាល័យក្រោមកម្មវិធីអាហារូបករណ៍ដែលមានស្រាប់ ឱ្យប្រព្រឹត្តទៅដោយរលូន និងជោគជ័យ។ សាកលវិទ្យាល័យ ប្ដេជ្ញានឹងយកចិត្តទុកដាក់បណ្ដុះបណ្ដាលនិស្សិតកម្ពុជា ប្រកបដោយគុណភាព និងស្ដង់ដារ ដេីម្បីជាពុទ្ធិសម្រាប់យុវជនកម្ពុជាក្នុងការចូលរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច-សង្គមជាតិ និយាយជារួម និងនិយាយដោយឡែករឹតចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរអោយកាន់តែរឹងមាំ ទៅថ្ងៃអនាគត។

បន្ទាប់ពីកិច្ចពិភាក្សា ភាគីទាំងពីរបានឯកភាពគ្នាចុះហត្ថលេខាលើឯកសារបំពេញបន្ថែមឱ្យខ្លឹមសារនៃអនុស្សរណៈយោគយល់គ្នាស្ដីពីការទទួលបណ្ដុះបណ្ដាលនិស្សិតកម្ពុជា នៅសាកលវិទ្យាល័យ Zhejiang Ocean ដែលស្ថាប័នទាំងពីរបានចុះហត្ថលេខានៅរដ្ឋធានីប៉េកាំង កាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ថ្មីៗនេះ៕