(ភ្នំពេញ)៖ ថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា ក្នុងព្រះបរមនាមសម្តេចព្រះមហាសង្ឃរាជ បួរ គ្រី ជាព្រះសាកលវិទ្យាធិការ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលបដិសណ្ឋារកិច្ចយ៉ាងកក់ក្តៅចំពោះបណ្ឌិត លី ធុច ទេសរដ្ឋមន្ត្រី ទទួលបន្ទុកជាអនុប្រធានទី១ អាជ្ញាធរមីនកម្ពុជា រួមទាំងថ្នាក់ដឹកនាំជាសហការីជាច្រើនរូបទៀត។

ក្នុងជំនួបសំណេះសំណាល និងពិភាក្សានេះ ថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យ បានសម្តែងក្តីរីករាយ និងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដែលលោកទេសរដ្ឋមន្រ្តី បានផ្តល់កិត្តិយសទទួលភារកិច្ចជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ នៃពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជា។

ស្របជាមួយគ្នានេះ លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរចំពោះស្នាព្រះហស្តដ៏ថ្លៃថ្លា របស់សម្តេចព្រះសាកលវិទ្យាធិការ និងថ្នាក់ដឹកនាំពុទ្ធិកសាកលវិទ្យាល័យ ដែលសម្រេចបាននូវសមិទ្ធផលជាផ្លែផ្កាជាច្រើន ដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រ នៃពុទ្ធិកសិក្សានៅកម្ពុជា ហើយក៏បានសម្តែងនូវភាពត្រេកអរ និងថ្លែងអំណរគុណ ចំពោះការប្រទាននូវសេចក្តីទុកចិត្តតែងតាំង ជាប្រធានក្រុមប្រឹក្សាបណ្ឌិតវិទ្យាសាស្ត្រ ដែលជាមុខតំណែងសំខាន់ក្នុងការដឹកនាំពុទ្ធិកសាកលវិទ្យាល័យ ឱ្យទទួលបាននូវការអភិវឌ្ឍស្របតាមផែនការយុទ្ធសាស្ត្រ ជាបន្តបន្ទាប់ទៅមុខទៀត។

លោកទេសរដ្ឋមន្ត្រីបានបង្ហាញពីការតាំងចិត្ត និងការខិតខំប្រឹងប្រែង ស្វែងរកដៃគូអភិវឌ្ឍទាំងក្នុង និងក្រៅប្រទេស បច្ជេកទេស និងវិធីសាស្ត្រផ្សេងៗ ក្នុងការរួមចំណែកដឹកនាំពុទ្ធិកសាកលវិទ្យាល័យឱ្យមានភាពល្បីល្បាញទាំងក្នុងតំបន់ និងអន្តរជាតិ។

ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី ក៏បានថ្លែងកោតសរសើរចំពោះស្នាដៃផលិតភាពយន្តឯកសារ ដែលមានចំណងជើងថា «អ្នកសរសេរកូដជនជាតិគ្រឹង» របស់និស្សិតពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាផងដែរ។

បន្ទាប់ពីកិច្ចប្រជុំសំណេះសំណាលរួច លោកទេសរដ្ឋមន្ត្រី ក៏បានអញ្ជើញទស្សនកិច្ចតាមថ្នាក់រៀន និងសំណេះសំណាលជាមួយសមណនិស្សិត និស្សិត ដោយស្នាមញញឹម ភាពរីករាយ និងក្តីសង្ឃឹម៕