(ព្រះសីហនុ)៖ ក្រុមចោរដែលតែងតែលួចយកទ្រព្យសម្បត្តិរបស់ក្រុមភ្ញៀវបរទេស នៅឆ្នេរសមុទ្រពយតាម៉ូងស្ថិតនៅសង្កាត់លេខ៤ ក្រុងព្រះសីហនុ ចំនួន៣នាក់នោះ ឥឡូវត្រូវអស់លក្ខ័ហើយ ក្រោយពីកម្លាំងនគរបាលបានតាមក្របួចជាប់ ព្រមទាំងដកហូតយកសម្ភារជាច្រើនផងដែរ។
លោក កុល ផល្លី ស្នងការរងនគរបាល និងជាប្រធានការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌខេត្ត បានឲ្យដឹងនៅព្រឹកថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦នេះថា នៅរសៀលថ្ងៃម្សិលមិញ កម្លាំងជំនាញការិយាល័យកណ្តាលនគរបាលព្រហ្មទណ្ឌ បានទទួលពត័មានថា នៅឆ្នេរសមុទ្រពយតាម៉ូង មានភ្ញៀវទេសចរណ៍បរទេស ចុះមុជទឹក មានជនសង្ស័យចូលទៅលួចយកសម្ភារ សម្រេចហើយរត់គេច។
ខណៈនោះកម្លាំងការិយាល័យកណ្តាលនគរបាលព្រហ្ម បានសហការជាមួយ កម្លាំងអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ និងកម្លាំងជំនាញពាក់ព័ន្ធ ក្រោមការបញ្ជាផ្ទាល់ពីលោកស្នងការ ជួន ណារិន្ទ បានធ្វើការស្រាវជ្រាវ រហូតតាម ចាប់ជនសង្ស័យបានចំនួន៣នាក់ និងវត្ថុតាង។
លោក កុល ផល្លី បានបញ្ជាក់ទៀតថា ជនសង្ស័យទាំង៣នាក់រួមមាន៖
១.ខៀវ សុផាត ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរកម្មករ ស្នាក់នៅផ្ទះជួល ភូមិ១ សង្កាត់៤ (ដៃដល់)
២. ឈុំ ឆៃ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅគ្មាន (សហចារី)
៣. នួន កុសល់ ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ ប៉ះកង់ ស្នាក់នៅផ្ទះជួល ភូមិ៤ សង្កាត់៤ (សហចារី)។ ដោយឡែកសម្ភាដែលចាប់យកបានរួមមាន៖
១. កាបូបស្ពាយ ១
២. ទូរស័ព្ទ ស៉ាំសុង ម៉ាកថេប ១គ្រឿង
៣. ទូរស័ព្ទ ស៉ាំសុង ពណ៍ខ្មៅ ១គ្រឿង
៤. លិខិតឆ្លងដែន ១
៥. កាំបិត ១
៦. សម្ភារប្រើប្រាស់ មួយចំនួន។
សម្រាប់ទ្រព្យសម្បត្តិទាំងនេះ កម្លាំងនគរបាលកំពុងតាមរកជនរងគ្រោះជាជនបរទេស ដើម្បីប្រគល់អោយវិញ។
សម្រាប់ជនសង្ស័យកំពុងបន្តនីតិវិធី នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបញ្ជូនទៅតុលាការ៕