(ភ្នំពេញ)៖​ លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ​ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី «ការប្រើប្រាស់កម្មវិធីប្រព័ន្ធព័ត៌មាន BRUTIS សម្រាប់គ្រប់គ្រងទិន្នន័យហេដ្ឋារចនាសម្ព័ន្ធក្រុង ក្នុងខេត្តកំពត» រៀបចំដោយធនាគាអភិវឌ្ឍអាស៊ី (ADB) នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងក្នុងមហាអនុតំបន់ទន្លេមេគង្គទី២។

គម្រោងនេះនឹងគាំទ្រដល់ការគ្រប់គ្រង និងអនុវត្តការរចនាប្លង់លម្អិត និងការត្រួតពិនិត្យការសាងសង់ (កញ្ចប់ទី១) និងការពង្រីកសមត្ថភាព (កញ្ចប់ទី២) សហការជាមួយ អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់នៃក្រសួងសាធារណការ និងដឹកជញ្ជូន។

គោលបំណងនៃសិក្ខាសាលានេះផ្តោតសំខាន់លើការចែករំលែកបទពិសោធន៍ បច្ចេកវិទ្យាថ្មីៗ ពិសេសសារៈសំខាន់នៃការប្រើប្រាស់កម្មវិធី BRUTIS ដែលបានប្រើនៅប្រទេសហូឡង់ដ៏ និងបណ្តាប្រទេសមួយចំនួន ពាក់ព័ន្ធប្រព័ន្ធចម្រោះទឹកកខ្វក់ ការគ្រប់គ្រងប្រព័ន្ធលូ ការផ្សព្វផ្សាយសមិទ្ធិផលថ្មី ថែមទៀតលើបទដ្ឋានគតិយុត្ត និងពង្រឹងបន្ថែមសមត្ថភាពដល់មន្ត្រីពាក់ព័ន្ធថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ តាមរាជធានី-ខេត្ត និងជាការប្រើប្រាស់សាកល្បងអនុវត្តក្នុងក្រុងកំពតផងដែរ។

សិក្ខាសាលានេះ ធ្វើឡើងដោយមានការចូលរួមធ្វើបទបង្ហាញពីអ្នកជំនាញបច្ចេកទេសការគ្រប់គ្រងប្រព័ន្ធរំដោះទឹកកខ្វក់ មកពីប្រទេសហូឡង់ដ៍ និងមានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្តីបច្ចេកទេស របស់អគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់ និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្ត និងអង្គភាពក្រោមឱវាទក្រសួង ដែលមានជំនាញពាក់ព័ន្ធផងដែរ៕