(កំពង់ឆ្នាំង)៖ លៀសចម្រុះគ្រប់ប្រភេទ បច្ចុប្បន្នត្រូវបានក្រុមឈ្មួញដឹកតាមទូកខ្នាតធំយកមកឡើងនៅតាមបណ្តាទីតាំងមួយចំនួន តាមជួរមាត់ទន្លេក្នុងខេត្តកំពង់ឆ្នាំង ដែលលៀសចម្រុះទាំងអស់នោះ ត្រូវបានគេដឹកចេញមកពីតំប ន់ទន្លេ នៃខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ដែលក្រុមឈ្មួញបានធ្វើសកម្មភាពអូសកាវនៅទីនេះហើយដឹកតាមទូកយកមកឡើងនៅទឹកដីនៅខេត្តកំពង់ឆ្នាំង។

បើទោះជាការនេសាទ និងការដឹកជញ្ជូនលៀសចម្រុះទ្រង់ទ្រាយធំបែបនេះ ត្រូវបានច្បាប់ស្ដីពីជលផលហាមមិនឱ្យមានការនេសាទ និងដឹកជញ្ជូនក៏ដោយ ក៏គេនៅតែសង្កេតឃើញក្រុមឈ្មួញមួយចំនួននៅតែមានការដឹកជញ្ជូន យកមកឡើងរថយន្ត និងគោយន្តនៅតាមទីតាំងមួយចំនួនជួរមាត់ទន្លេ នៃខេត្តកំពង់ឆ្នាំង បន្ទាប់មកគេបានដឹកបន្តមកឡើងរថយន្តធន់ធំដែលចតរង់ចាំនៅលើថ្នល់ជាតិដើម្បីដឹកចេញបន្ត។

ករណីនេះបានធ្វើឲ្យមតិសាធារណជន មានការងឿងឆ្ងល់ និងរិះគន់ផងដែរ ចំពោះសកម្មភាពនេសាទលៀស និងការដឹកជញ្ជូនលៀសចម្រុះក្នុងរូបភាពទ្រង់ទ្រាយធំបែបនេះ ដែលសកម្មភាពនេះគេសង្កេតឃើញកើត មានតាំងពីរដូវបិទនេសាទរហូតដល់រដូវបើកចំណែកអ្នកនេសាទលៀស គឺគេបានប្រើនូវឧបករណ៍កាវលៀសវែងៗដែលអាចកាវចូលដល់ជម្រៅបាតទន្លេជ្រៅធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ីនិងជីវចម្រុះយ៉ាងធ្ងន់ធ្ងរ។ ចំណែកម៉ាស៊ីនដែលគេប្រើបំពាក់ឧបករណ៍អូស និងកាវលៀសវិញទូកខ្លះ គឺចាប់ ពី៤ទៅដល់៦ម៉ាស៊ីន ដែលធ្វើឱ្យខុសច្បាប់ស្ដីពីជលផលដែលអនុញ្ញាតឲ្យរកបានតែដោយដៃតែប៉ុណ្ណោះ។

ពាក់ព័ន្ធនឹងករណីដែលកើតមានការនេសាទលៀស និងការដឹកជញ្ជូនលៀសខុសច្បាប់ខាងលើនេះលោក តាត សីហាក់ នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា ករណីការដឹកជញ្ជូនលៀសចម្រុះ និងការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនបច្ចុប្បន្ននេះលោកទទួលស្គាល់ថា គឺពិតជាកើតមានប្រាកដមែន។ តែដោយឡែកនៅក្នុងទឹកដីខេត្តកំពង់ឆ្នាំង គឺគ្រាន់ តែជាទីកន្លែងសម្រាប់ក្រុមឈ្មួញដឹកលៀសយកមកឡើងរថយន្តតែប៉ុណ្ណោះ។ រីឯប្រភពដើមនៃការនេសាទលៀសវិញ គឺក្រុមឈ្មួញគេបានធ្វើសកម្មភាពនៅក្នុងទឹកដីនៃខេត្តផ្សេង គឺខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា លៀសដែលដឹកយកមកឡើងនៅទឹកដីខេត្តកំពង់ឆ្នាំង គឺត្រូវឆ្លងកាត់ការត្រួតពិនិត្យពីមន្ត្រីជំនាញរបស់លោក ដោយបានត្រួតពិនិត្យយ៉ាងល្អិតល្អន់ថា តើលៀសនោះជាប្រភេទលៀសអ្វីបើជាលៀ សសម្រាប់ផ្គត់ផ្ផ្គង់ទីផ្សារក្នុងស្រុកលោកក៏មានការយោគយល់ និងបានអនុញ្ញាតឲ្យដឹកបានតាមរថយន្តតូចៗឬក៏គោយន្ត តែមិនឲ្យលើសពី៣០ការ៉ុងក្នុងមួយរថយន្តនោះឡើយ។

ចំពោះរថយន្តធំៗគឺហាមមិនអនុញ្ញាតឱ្យដឹកជាដាច់ខាត បើមានលោកនឹងធ្វើការផាកពិន័យអន្តរការណ៍ចំនួនពីរដងករណីមិនរាងចាលនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ ម្យ៉ាងទៀតចំពោះលៀសទាំងអស់នោះ បើពិនិត្យឃើញមានលៀសចម្រុះប្រភេទឆាកា ឬគេហៅថា ជាលៀសចំណីទា លោកនឹងមិនអនុញ្ញាតឲ្យដឹកចេញនោះឡើយ ដោយត្រូវចាក់លៀសនោះចូលទៅក្នុងទន្លេវិញ ព្រោះលៀសប្រភេទនេះមិនអាចយកទៅបរិភោគ កើតនោះទេ គឺគេអាចដឹកឆ្លងដែនយកទៅលក់ប្រទេសជិតខាងសម្រាប់ធ្វើជាចំណីសត្វផ្សេងៗ។

តាមរយៈបណ្ដាញព័ត៌មាន Fresh News នាយផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង សូមសំណូមពរដល់ថ្នាក់ដឹកនាំរដ្ឋបាលជលផលថ្នាក់ជាតិ បើចង់លុបបំបាត់ការនេសាទលៀសដោយប្រើកម្លាំងម៉ាស៊ីនធំៗ ឬក៏ការដឹកជញ្ជូនលៀស ខុសច្បាប់ដូចសព្វថ្ងៃនេះបានគឺត្រូវធ្វើការហាមឃាត់ និងទប់ស្កាត់ពីប្រភពដើម ដែលក្រុមឈ្មួញកំពុងធ្វើសកម្មភាពរាល់ថ្ងៃនៅក្នុងផ្ទៃបឹងទន្លេនៃខេត្តកំពង់ធំ និងខេត្តពោធិ៍សាត់ ដែលក្រុមឈ្មួញទាំងអស់នោះកំពុងតែប្រើប្រាស់ ទូកនេសាទធំៗ និងប្រើដោយកម្លាំងម៉ាស៊ីនមានទំហំជាច្រើន សេសអូស និងកាវយកលៀសគ្រប់ប្រភេទទាំងតូចទាំងធំពីបាតទន្លេដែលធ្វើឲ្យបាត់បង់នូវប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះគ្រប់ប្រភេទដែលជាចំណីរបស់ត្រី និងជាកន្លែងត្រីពងកូនផងដែរ។

លោក ឈិន តួ កម្លាំងរបស់អធិការរដ្ឋានជលផលខាងត្បូងបឹងទន្លេសាប បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅព្រឹកថ្ងៃទី១៨ ខែវិច្ឆិកាថា ការនេសាទលៀសប្រើដោយកម្លាំងម៉ាស៊ីន គឺច្បាប់ស្ដីពីជលផល មិនអនុញ្ញាតដាច់ខាត បច្ចុប្បន្នដែលមានការអនុញ្ញាតឱ្យពលរដ្ឋនៅក្នុងភូមិឆ្នុកទ្រូមួយចំនួន ដឹកជញ្ជូនលៀសយកទៅផ្គត់ផ្គង់ក្នុងទីផ្សារ ដោយសារតែយល់ឃើញថា ពួកគាត់មិនមានដីសម្រាប់ធ្វើស្រែ ហេតុនេះហើយទើបបានអនុ គ្រោះឲ្យពួកគាត់ខ្លះ តែសុំឲ្យពួកគាត់អនុវត្តទៅតាមការណែនាំរបស់មន្ត្រីជំនាញ ដោយមិនអនុញ្ញាតឲ្យពួកគាត់ដឹកលៀសឆាកា ឬលៀសចំណីសត្វយកទៅលក់នោះឡើយ។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់លោកក៏បានឃាត់រថយន្តធន់ធំ១គ្រឿងនៅចំណុចភូមិដើមជ្រៃ ឃុំខុនរ៉ង ស្រុកបរិបូណ៌ ដែលរថយន្តនេះបម្រុងដឹកលៀសចំណី សត្វយកទៅលក់នៅប្រទេសវៀតណាម និងបានឡើងលៀសដាក់លើរថយន្តបានចំនួនជាង១០០ការ៉ុងទៅហើយ តែត្រូវមន្ត្រីជំនាញរបស់លោកឃាត់ទាន់ និងបានហៅម្ចាស់ធ្វើការពិន័យអន្តរការណ៍ចំនួន៤លានរៀល និងបានធ្វើកិច្ចសន្យាបញ្ឈប់ការដឹកជញ្ជូនលៀសដោយខុសច្បាប់ដូចនេះជាបន្តទៀត។ ករណីនៅតែមិនរាងចោលបើនៅតែប្រព្រឹត្តបែបនេះលើសពី២ដងនឹងត្រូវកសាងសំណុំរឿងបញ្ជូនទៅតុលាការ។

បើតាមមន្ត្រីជំនាញរដ្ឋបាលជលផលម្នាក់បានប្រាប់ថា ករណីការនេសាទលៀស ខ្យង ខ្ចៅ គ្រុំ នៅបាតទន្លេគឺច្បាប់ស្ដីពីជលផលហាមដាច់ខាត ការនេសាទប្រើដោយកម្លាំងម៉ាស៊ីនធំៗដូចខាងលើនេះ ព្រោះវាបានធ្វើឲ្យមានផល ប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ ដល់ប្រព័ន្ធអេកូឡូស៉ី និងប្រព័ន្ធជីវៈចម្រុះនៅបាតទន្លេ ព្រោះថា៖ លៀស ខ្យង ខ្ចៅ និងគ្រុំ នៅបាតទន្លេយូរៗទៅវានិងរលួយ ហើយក្លាយជាចំណីរពពួកត្រីធំៗជាច្រើនប្រភេទ ដូចជាប្រភេទត្រី ប្រាខ្ចៅ ត្រីប្រម៉ា ត្រីដំរី ត្រីគល់រាំង ត្រីសណ្ដាយ ត្រីក្រពាត់ ត្រីគ្រុំ និងពពួកត្រីល្អៗជាច្រើនប្រ ភេទទៀត។ល។។

មិនតែប៉ុណ្ណោះផ្ទៃបាតផុកនៃទន្លេសាប ក៏ជាកន្លែងយ៉ាងសំខាន់សម្រាប់ពពួកត្រីទាំងអស់ខាងលើនេះ ពងកូននៅក្នុងដីល្បាប់នៃបាតទន្លេទាំងនោះផងដែរ។ ចំណែកឧបករណ៍កាវលៀសប្រើដោយកម្លាំងម៉ាស៊ីនរបស់ក្រុមឈ្មួញ ដែលពួកគេបាននឹងកំពុងតែធ្វើសកម្មភាពដូច សព្វថ្ងៃនេះ គឺបានប៉ះពាល់យ៉ាងធ្ងន់ធ្ងរណាស់ រួមទាំងពងនិងកូនត្រីប្រភេទខាងលើនេះនៅបាតទន្លេផងដែរ។

ហេតុនេះហើយទើបគេមានច្បាប់ហាមឃាត់ការនេសាទប្រើដោយកម្លាំងម៉ាស៊ីន ដែលមានចែងនៅក្នុងច្បាប់ស្ដីពីជលផល។ ដូច្នេះបើសមត្ថកិច្ចយើងមិនអាចទប់ស្កាត់ចំពោះការនេសាទលៀស ប្រើកម្លាំងម៉ាស៊ីនដូចសព្វថ្ងៃនេះ តាមច្បាប់ស្ដីពីជលផលបាននោះទេ ពូជត្រីល្អៗដូចដែលបានរៀបរាប់ខាងលើ នឹងត្រូវវិនាសបាត់បង់ពីផ្ទៃបឹងទន្លេ សាបថ្ងៃណាមួយជាក់ជាមិនខាននោះឡើយ៕