(កោះកុង)៖ អាជ្ញាធរខេត្តកោះកុង កំពុងតែស្រាវជ្រាវរកមុខអ្នកដែលចូលឈូសឆាយដីព្រៃរបស់រដ្ឋ នៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ក្រោយមានព័ត៌មានថា មានជនខិលខូច អ្នកមានលុយលួចកាប់ទន្រ្ទានយកដីព្រៃជាច្រើនហិចតា ជាសម្បត្តិរដ្ឋមកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានឱ្យដឹងនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ថា លោកកំពុងចាត់ឱ្យមន្ត្រីជំនាញ និងអាជ្ញាធរស្រុកស្រែអំបិល ព្រមទាំងមន្រ្តីជំនាញបរិស្ថាន ស្រាវជ្រាវរកមុខបុគ្គល ដែលហ៊ានដាក់គ្រឿងចក្រឈូសឆាយដីព្រៃគ្រប់គ្រងដោយរដ្ឋបាលខេត្តកោះកុងស្ថិតនៅចំណុចកំពង់ខ្លឹម ចំណុចពាមត្រែង និងចំណុចគងឆា ភូមិបាក់អង្រុត ស្រុកស្រែអំបិល ខេត្តកោះកុង។

លោកអភិបាលរងខេត្ត បានបន្តថា ទីតាំងដីកើតដែលហេតុនេះ ស្ថិតនៅក្នុងភូមិសាស្ត្រ ក្រោយត្រូវបានកាត់ឆ្វៀលរួចរាល់ហើយ តាមរយៈអនុក្រឹត្យលេខ៣០។ ទោះបីបែបនេះក្តី អាជ្ញាធរកំពុងពិនិត្យមើលលម្អិតថា ដីនោះមានបណ្ណកម្មសិទ្ធិ ឬគ្មានបណ្ណកម្មសិទ្ធិ ឬកំពុងអាស្រ័យផលកសិកម្ម។

លោក សុខ សុទ្ធី បានបញ្ជាក់ថា ប៉ុន្តែប្រសិនបើដីនោះនៅតែជាដីព្រៃឈើដដែល ហើយគ្មានការដំាដុះកសិកម្ម អាជ្ញាធរនឹងចាត់វិធានការច្បាប់តាមនីតិវិធីជាពុំខាន។ សូមបញ្ជាក់ថា ២ថ្ងៃមកនេះ មានព័ត៌មានជាច្រើន ត្រូវបានផ្សព្វផ្សាយថា ដីព្រៃឈើដែលសម្បត្តិរបស់រដ្ឋជាច្រើនហិចតា ស្ថិតនៅក្នុងភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ត្រូវបានក្រុមជនខិលខូចកាប់ឆ្ការយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន។

ប្រជាពលរដ្ឋសូមសុំមិនបញ្ចេញឈ្មោះបានឱ្យដឹងថា ឈ្មោះ ប៊ុន លូន ហៅតា លូន នៅស្រុកស្រែអំបិលជាអ្នកបញ្ជាឱ្យគ្រឿងចក្រចូល វ៉ៃព្រៃឈើយកដីរដ្ឋធ្វើកម្មសិទ្ធិឯកជន គ្មានច្បាប់ណាមួយអនុញ្ញាតនោះទេ។
ភ្នាក់ងារអង្គភាព Fresh News មិនអាចសុំការបកស្រាយបំភ្លឺលោក ប៊ុន លូន ហៅតា លូន បានទេនៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក ហុង ប្រុស អភិបាលរងស្រុកស្រែអំបិល ឲ្យដឹងថា ក្រោយពីលោកទទួលបានព័ត៌មាន លោកបានសហការជាមួយមន្រ្តីជំនាញស្រុក បានចុះពិនិត្យដល់ទីតាំងជាក់ស្តែងកាលពីម្សិលមិញ តែមិនឃើញមានគ្រឿងចក្រ ឬមនុស្សកំពុងធ្វើសកម្មភាពឈូសឆាយរំលោភបំពានទៀតទេ ដោយក្រុមជនសង្ស័យជម្លៀសយកគ្រឿងចក្រចេញពីតំបន់កើតហេតុបាត់ទៅហើយ។

លោកអភិបាលរងស្រុក លើកឡើងថា អាជ្ញាធរក៏មិនទាន់ក្តោបក្តាប់ព័ត៌មានច្បាស់នៅឡើយទេថា ពិតជាឈ្មោះ ប៊ុន លូន ជាអ្នកបំពានយ៉ាងណា គ្រាកំពុងស្រាវជ្រាវលម្អិតជាមុនសិន ខណៈរកឃើញផ្ទៃដីជាង១ហិចតា ដែលរងការទន្រ្ទានបំផ្លាញ។

ទាក់ទងបញ្ហាដីព្រៃឈើនេះដែរ Fresh News បានសុំការពន្យល់ពីលោក វ៉េត សុនីម អនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង ទទួលបន្ទុកការងារតំបន់អភិរក្សធនធានធម្មជាតិ ជួរភ្នំក្រវ៉ាញខាងត្បូង ដើម្បីចង់ដឹងពីចំណាត់ច្បាប់យ៉ាងណាចំពោះបុគ្គលដែលហ៊ានទន្រ្ទានដីព្រៃរបស់រដ្ឋ តែទូរស័ព្ទរបស់លោកមិនទាក់ទងហៅចូលបាន៕