(កំពង់ធំ)៖ លោកស្រី ឃួន ឃុនឌី សមាជិកព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកកំពង់ស្វាយ បានថ្លែងថា សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាទាំងអស់ ត្រូវរួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ។

លោកស្រី ឃួន ឃុនឌី បានថ្លែងក្នុងកិច្ចប្រជុំប្រចាំខែ ក្នុងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅស្នាក់ការគណបក្សស្រុកកំពង់ស្វាយ។

នៅក្នុងកិច្ចប្រជុំនោះ លោកស្រីបានកោតសរសើរក្រុមការងារ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំរួមគ្នាសម្រេចបានសមិទ្ធផលល្អៗជាច្រើន លើគ្រប់វិស័យរក្សាបានសុខសន្តិភាព ស្ថិរភាព នយោបាយ សន្តិសុខសណ្តាប់ ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម និងខិតខំជំរុញការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម បានល្អប្រសើឆ្ពោះទៅមុខ តែនៅមានមន្ត្រីមួយចំនួនហាក់មើលស្រាលការងាររបស់ខ្លួន ពិសេសត្រូវពង្រឹងការងារនៅមូលដ្ឋានឡើងវិញ។

ទន្ទឹមនឹងលទ្ធផលនេះ លោកស្រីបានស្នើឱ្យក្រុមការងារ ត្រូវខិតខំបន្តអភិវឌ្ឍសមត្ថភាពបន្ថែមទៀត ត្រូវរួមសហការគ្នាក្នុងការអនុវត្តការងារ សំខាន់ៗរួមមាន៖ ត្រូវថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពបច្ចាមិត្តនានា។

លោកស្រី ឃួន ឃុនឌី ជំរុញឲ្យអាជ្ញាធរ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាព សង្គមឱ្យបានល្អប្រសើរ ក្នុងការចូលរួមអនុវត្តគោលនយោបាយភូមិ ឃុំ ឱ្យមានសុវត្ថិភាព និងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់ និងជួញដូរគ្រឿងញៀន និងចូលរួមអនុវត្ត និងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

មួយវិញទៀត ត្រូវយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈ និងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានត្រូវបន្តជំរុញ និងលើកកម្ពស់ការផ្តល់សេវាសាធារណៈនានា ជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាពតម្លាភាព និងគណនេយ្យភាពដើម្បី ឆ្លើយតបតម្រូវការរបស់ប្រជាពលរដ្ឋ ដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិកំពុងមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពិសេសនោះសម្តេចបានខិតខំប្រឹងប្រែងតាំងពីបាទដៃទទេ ដើម្បីឱ្យប្រទេសបានឈរលើឆាកអន្តរជាតិទទួលស្គាល់៕