(សៀមរាប)៖ នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ស្ថានទូតចិនប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័ត កម្ពុជា-ចិនដ៏ឆ្នើមលើកទី៧» នៅខេត្តសៀមរាប ក្រោមវត្តមានរបស់លោក Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងលោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប និងលោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំ ខេត្តសៀមរាប នៃស្ថានទូតចិនប្រចាំនៅកម្ពុជាចូលរួមផងដែរ។

ថ្លែងក្នុងពិធីបើក លោក Hu Jinjun បានលើកឡើងថា ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើមលើកទី៧» មិនគ្រាន់តែធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជន ក្នុងតំបន់មានភាពសម្បូរបែបប៉ុណ្ណោះទេ ក៏ បានបង្ហាញពីប្រវត្តិសាស្ត្រ វប្បធម៌ មនុស្សជាតិ និងអភិវឌ្ឍន៍ទំនើប រវាងប្រទេសចិន និងកម្ពុជាផងដែរ។ បច្ចុប្បន្នបានក្លាយទៅជា មិត្តសំខាន់សម្រាប់ការផ្លាស់ប្តូរ វប្បធម៌មនុស្សជាតិ និងជំរុញយ៉ាងវិជ្ជមាននូវការផ្លាស់ប្តូរ វប្បធម៌ និងតភ្ជាប់ចិត្តគ្នារវាងប្រទេសទាំង២ផង​ដែរ។

លោក Hu Jinjun បានបន្តថា កាលពីខែតុលា លោក Xi Jinping ប្រធានរដ្ឋចិន និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដែលបានអញ្ជើញចូលរួមវេទិកាកំពូល «ខ្សែក្រវាត់និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការ អន្តរជាតិលើកទី៣ បានចេញសេចក្ដីប្រកាសរួមថា «ឆ្នាំ២០២៤ ជា ឆ្នាំផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាង ចិននិងកម្ពុជា»។ ក្នុងនាមជាស្ពានដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរ ប្រជាជន និងប្រជាជន រវាងប្រទេសចិន និងកម្ពុជា ហើយកិច្ចសហប្រតិបត្តិការ ផ្នែកប្រព័ន្ធផ្សព្វផ្សាយនៃប្រទេសទាំងពីរ និងជំរុញ និងពង្រឹងបន្ថែមទៀតផង​ដែរ។

លោក Hu Jinjun សង្ឃឹមថា តាមរយៈកិច្ចខិតខំប្រឹងប្រែងរួមគ្នា ពួកយើងអាចជំរុញ និងពង្រឹង កិច្ចសហប្រតិបត្តិការ រវាងប្រព័ន្ធផ្សព្វផ្សាយ របស់ប្រទេសទាំងពីរ លើវិស័យការផ្លាស់ប្តូរព័ត៌មាន ការផ្លាស់ប្តូរធនធានមនុស្ស នវានុវត្តន៍បច្ចេកទេសជាដើម ដើម្បីជួយ ការអភិវឌ្ឍន៍ ប្រកបដោយគុណភាពខ្ពស់ នៃប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ ព្រមទាំងជាកម្លាំងចលករថ្មី ក្នុងការជំរុញទំនាក់ទំនងចិន-កម្ពុជា ឱ្យកាន់តែប្រសើរឡើង។

លោកស្រី យូ សុភា អភិបាលរងខេត្តសៀមរាប បានលើកឡើង ក្នុងនាមក្រុមប្រឹក្សាខេត្ត និងគណៈអភិបាលខេត្ត មានសេចក្តី សោមនស្សរីករាយ ដោយបានចូលរួមក្នុងពិធីសម្ពោធ «ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើមលើក ទី៧» ឆ្នាំ២០២៣ ដ៏មហោឡរិកនាពេលនេះ ដើម្បីអបអរសាទរខួបលើក៦៥ នៃការបង្កើតទំនាក់ទំនង ការទូតរវាងកម្ពុជា-ចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជា-ចិនផងដែរ។ ព្រឹតិ្តការណ៍ «ដំណើរភាពយន្តចល័ត កម្ពុជា-ចិនដ៏ឆ្នើមលើកទី៧» ឆ្នាំ២០២៣ ដ៏មានអត្ថន័យ នៅលើទឹកដីអង្គរ-ខេត្តសៀមរាប នៃ ព្រះរាជាណាចក្រកម្ពុជា នាឱកាសនេះ។

លោកស្រី បានបន្តថា តាមរយៈនៃព្រឹត្តិការណ៍សម្ភោធ ភាពយន្តចល័តនេះដែរ ខ្ញុំមានទស្សនសុទិដ្ឋិយមថា និងជួយឱ្យប្រជាពលរដ្ឋកម្ពុជា ស្គាល់ចិនបានកាន់តែច្រើន និងមានទំនាក់ទំនង ជាមួយគ្នាបានកាន់តែល្អប្រសើរថែមទៀត។ ព្រោះថា ភាពយន្តសិល្បៈសម្រាប់ផ្សារភ្ជាប់វប្បធម៌ប្រកបដោយប្រសិទ្ធភាព និងជាភ្នាក់ងារដ៏សំខាន់ក្នុងការបណ្តុះបណ្តាលចិត្ត និងគំនិតរបស់មនុស្ស។

លោក ស៊ុន រតនា និងលោក ហេង ពិសិដ្ឋ តំណាងអ្នកបញ្ចាំងភាពយន្តមកពីក្រុមចាក់បញ្ចាំងភាពយន្ត និងកញ្ញា យឿន សាវារីយ៍ តំណាងប្រិយមិត្តអ្នកស្តាប់នៃវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានចែករំលែករឿងរ៉ាវ អំពីការរួមគ្នាចាក់បញ្ចាំងភាពយន្ត និងការរៀនសូត្រភាសាចិនតាមវិទ្យុមិត្តភាពកម្ពុជាចិន ហើយបានច្រៀងបទចម្រៀងភាសាចិន  ចំណងជើងថា «ព្រះច័ន្ទតំណាងឱ្យបេះដូងខ្ញុំ» ដែលពួកគេទាំងបីនាក់ស្រឡាញ់ចូលចិត្តនៅក្នុងកម្មវិធីផងដែរ។

ការច្រៀងបទចម្រៀងដែលតភ្ជាប់ដួងចិត្តនឹងចិត្ត បានធ្វើឱ្យទស្សនិកជនសប្បាយរីករាយ ហើយក៏បានចូលរួមច្រៀងជាមួយគ្នា ធ្វើឱ្យបរិយាកាសកម្មវិធីពោរពេញដោយភាពសប្បាយរីករាយ និងរំជួលចិត្ត។ បទចម្រៀង «ព្រះច័ន្ទតំណាងឱ្យបេះដូងខ្ញុំ» ជាបទចម្រៀងភាសាចិនដ៏ល្បីឈ្មោះ មិនថា ច្រៀងដោយប្រើភាសាណា ឬច្រៀងដោយជនជាតិណាក៏ដោយ សុទ្ធតែអាចធ្វើឱ្យអ្នកស្ដាប់រំជួលចិត្ត   អាចបង្ហាញពីក្តីស្រឡាញ់ដ៏ជ្រាលជ្រៅ និងមនោសញ្ចេតនាដ៏ស្មោះស្ម័គ្រ ហើយថែមទាំងបង្ហាញពីមិត្តភាពដ៏ជ្រាលជ្រៅរវាងប្រទេសចិន និងកម្ពុជាថែមទៀត។ ព្រឹត្តិការណ៍ «ដំណើរភាពយន្តចល័តកម្ពុជា-ចិនដ៏ឆ្នើម» បានចាប់ផ្តើមតាំងឆ្នាំ២០១៦មកហើយ និងបានចាក់បញ្ចាំងទៅគ្រប់ភូមិស្រុក ក្រុង ខេត្តនៅប្រទេសកម្ពុជា។

បន្ទាប់ពីព្រឹត្តិការណ៍ពិធីសម្ពោធ ទស្សនិកជនបានរួមគ្នាទស្សនាភាពយន្ត «ឆ្លងកាត់ទន្លេយ៉ាលូ» ដែល ផលិតដោយអគ្គស្ថានីយវិទ្យុនិង ទូរទស្សន៍មជ្ឈិមចិនផង​ដែរ៕