(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប និងគណៈកម្មាធិការជាតិជំរុញចលនាភូមិមួយផលិតផលមួយ រៀបចំសិក្ខាសាលាផ្សព្វផ្សាយ ស្តីពីការចងក្រងសមាជិកចលនាភូមិមួយ ផលិតផលមួយឆ្នាំ២០២៣ និងចែកវិញ្ញាបនបត្រ ទទួលស្គាល់ផលិតផលភូមិមួយ ផលិតផលមួយ ខេត្តសៀមរាប ក្រោមអធិបតីរបស់លោក ផល សុជាតិ អគ្គលេខាធិការនៃគណៈកម្មាធិការជាតិ ជម្រុញចលនាភូមិមួយផលិតផលមួយ និងលោក យុន លីនណេ អភិបាលរង ខេត្តសៀមរាប នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ព្រមទាំងមានការចូលរួពីលោក លោកស្រី ជាអាជ្ញាធរ ក្រុង-ស្រុក ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត បងប្អូនអាជីវករ និងអ្នកផលិតផងដែរ។

ក្នុងកិច្ចស្វាគមន៍របស់លោក យុន លីនណេ បានលើកឡើងថា សិក្ខាសាលាផ្សព្វផ្សាយស្តីពីការចងក្រងសមាជិកភូមិមួយ ផលិតផលមួយខេត្តសៀមរាប ក្នុងគោលបំណង ដើម្បីឲ្យរកទីផ្សារផលិតផលក្នុងស្រុក ព្រមទាំងការចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិមួយផលិតផលមួយ និងអង្គភាព-ស្ថាប័នពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការជាតិជម្រុញចលនាភូមិមួយផលិតផលមួយ។ ម៉្យាងវិញទៀត គោលការណ៍ណែនាំនេះ ក៏មានបំណងជម្រុញឲ្យអ្នកពាក់ព័ន្ធធ្វើការណែនាំ និង ពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឲ្យបានយល់ច្បាស់បន្ថែមទៀត អំពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមចលនាភូមិ១ផលិតផល១ និងធ្វើយ៉ាងណាជម្រុញពួកគាត់ចូលជាសមាជិកចលនានេះបានទូលំទូលាយ។

លោកអភិបាលរងខេត្ត បានបន្តថា ដើម្បីសម្រេចផែនការសកម្មភាពនេះ រដ្ឋបាលខេត្ត និងគណៈកម្មាធិការជម្រុញចលនាភូមិ១ផលិតផល១ និងខិតខំប្រឹងប្រែងសហការជាមួយរដ្ឋបាលក្រុង-ស្រុក និងមន្ទីរ-អង្គភាពពាក់ព័ន្ធ ដើម្បីអនុវត្តការងារឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងការចូលរួមផ្សព្វផ្សាយជម្រុញ និងចងក្រងផលិតករ សេវាករ និងសិប្បករ នៅតាមមូលដ្ឋានឲ្យចូលជាសមាជិកចលនាភូមិមួយ ផលិតផលមួយ ព្រមទាំងអភិវឌ្ឍន៍ធនធានមនុស្សទាក់ទងនឹងការជំរុញចលនាភូមិ១ផលិតផល១ នៅថ្នាក់ខេត្ត ដើម្បីទទួលបានចំណេះដឹង បទពិសោធន៍ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្រ កាត់បន្ថយចំណាកស្រុក លើកកម្ពស់ជីវភាពរស់នៅ និងគុណភាពជីវិតរបស់ប្រជាជនតាមសហគមន៍ ព្រមទាំងបានណែនាំដល់ម្ចាស់ផលិតផល អាជីវករដែលទទួលបានវិញ្ញាបនបត្រ និងអនុញ្ញាតពីថ្នាក់ជាតិ ឲ្យបន្តខិតខំបំពេញបច្ចេកទេស និងទទួលការណែនាំរបស់ថ្នាក់ជាតិ ដើម្បីរក្សាបាននូវគុណភាព អនាម័យ និងបច្ចេកទេសផ្សេងៗរបស់ផលិតផលរបស់ខ្លួន។

លោក ផល សុជាតិ បានលើកឡើងថា  ការចងក្រងសមាជិកចលនាភូមិមួយផលិតផលមួយមានសារៈប្រយោជន៍សំខាន់ ដល់ការអនុវត្តគោលនយោបាយជាតិជម្រុញចលនាភូមិមួយផលិតផលមួយ ព្រោះវានឹងផ្ដល់លទ្ធភាពឲ្យយើងអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវព័ត៌មាន និងបញ្ហានានា ដើម្បីរៀបចំផែនការ និងដាក់ចេញសកម្មភាពអន្តរាគមន៍មានប្រសិទ្ធភាព។ លោកក៏បានជម្រុញឲ្យអ្នកពាក់ព័ន្ធ ក្នុងការអនុវត្តន៍ធ្វើការណែនាំ និងពន្យល់ដល់ប្រជាពលរដ្ឋ និងអ្នកផលិត តាមការដ្ឋានឲ្យបានយល់ច្បាស់ថែមទៀត អំពីសារៈសំខាន់ និងផលប្រយោជន៍សំខាន់ៗ ក្នុងការចូលរួមក្នុងការងារជម្រុញចលនាភូមិមួយផលិតផលមួយ។ 

លោក ផល សុជាតិ ក៏បានធ្វើការណែនាំដល់បងប្អូនផលិតករទាំងអស់ ត្រូវមានគំនិតកែច្នៃ ក្នុងការរចនាលើការវិចខ្ចប់ ប្រកបទៅដោយសោភណ្ឌ អនាម័យ គុណភាព ដោយផ្តោតដល់ការលើកកម្ពស់ផ្នែកវប្បធម៌ ប្រពៃណី តាមរយៈការផ្តល់ការយកចិត្តទុកដាក់ ទៅលើផលិតផលតាមមូលដ្ឋាន ដែលមានចរិកឆ្លុះបញ្ចាំងពីលក្ខណៈវប្បធម៌ ប្រពៃណីរបស់តំបន់ និងបង្កើតមោទនភាពដល់ប្រជាសហគមន៍ និង មូលដ្ឋានដែលខ្លួនកំពុងរស់នៅ។ 

លោកបញ្ជាក់ថា ការចងក្រងសមាជិកចលនាភូមិ១ផលិតផល១ នឹងផ្តល់លទ្ធភាពឲ្យយើងអាចប្រមូលផ្តុំផលិតករ ប្រមូលចងក្រងនូវព័ត៌មាន និងបញ្ហានានាដើម្បីរៀបចំផែនការ និងដាក់ចេញនូវសកម្មភាពអន្តរាគមន៍ប្រកបដោយប្រសិទ្ធិភាព ព្រមទាំងជម្រុញឲ្យអ្នកពាក់ព័ន្ធក្នុងការអនុវត្តន៍ ធ្វើការណែនាំ និងពន្យល់ប្រជាពលរដ្ឋ និងអ្នកផលិតតាមមូលដ្ឋានឲ្យយល់ច្បាស់ថែមទៀតពីសារៈសំខាន់ និងផលប្រយោជន៍ក្នុងការចូលរួមក្នុងការងារជំរុញចលនាភូមិ១ផលិតផល១៕