(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចាប់ផ្តើមរៀបចំពិធីប្រណាំងទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ និងការដាក់តាំងលក់ផលិតផល ដើម្បីបង្កការសប្បាយរីករាយជូនបងប្អូន ប្រជាពលរដ្ឋបានចូលទស្សនាកំសាន្ត រយៈពេល២ថ្ងៃ នៅរម្មណីយដ្ឋានទំនប់៩៥ ស្ថិតក្នុងភូមិទំនប់ សង្កាត់ប៉ាលហាល ក្រុងព្រះវិហារ។

ពិធីបើកការប្រណាំងទូកនាព្រឹកនេះ បានធ្វើឡើងក្រោមវត្តមានលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រី ជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះវិហារ ជាទីប្រឹក្សារាជរដ្ឋាភិបាល ជាសមាជិកក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ តាមមន្ទីរជុំវិញខេត្ត លោកអភិបាល ក្រុង ស្រុក និងស្ថាប័នពាក់ព័ន្ធជាច្រើនទៀត។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តព្រះវិហារ បានជូនដំណឹងថា ដើម្បីអបអរសាទរព្រះរាជពិធីបុណ្យ អ៊ុំទូក បណ្តែតប្រទីប អកអំបុក សំពះព្រះខែ រដ្ឋបាលខេត្ត បានរៀបចំពិធីប្រណាំងទូក «ង» រយៈពេល២ថ្ងៃចាប់ពីថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ ហើយក៏មានការដាក់តាំងលក់ផលិតផល កសិផល ក្នុងនិងក្រៅស្រុក គ្រឿងឧបភោគ បរិភោគ ជាច្រើនផងដែរ។

តាមការឱ្យដឹងពីគណៈកម្មការប្រណាំងទូក «ង», ពិធីអ៊ុំទូកនៅខេត្តព្រះវិហារឆ្នាំនេះ មានទូកចូលរួមប្រណាំងសរុប៤៧ទូក មានកីឡាករសរុបចំនួន៦១៤នាក់ ដោយចែកចេញជាប្រភេទទូកចំនួន៤ប្រភេទ រួមមាន៖

*ទី១៖ ទូកសហគមន៍ មានចំណុះ៥នាក់ មានចំនួន១៥ទូក
*ទី២៖ ទូកផ្កាចា មានចំនួន៨ទូក មានចំណុះ៥នាក់
*ទី៣៖ ទូកនាគចំនួន១៦ទូក ក្នុងនោះមានទូកឈើចំនួន១
*ទី៤៖ ទូកចំណុះ២២នាក់ មានចំនួន៧ទូកផងដែរ។

រដ្ឋបាលខេត្ត សូមឲ្យបងប្អូនប្រជាពលរដ្ឋ ចូលរួមទស្សនាកំសាន្តពីធីប្រណាំងទូកនៅខេត្តព្រះវិហារ រយៈពេល២ថ្ងៃ នេះឱ្យបានច្រើនកុះករ៕