(សៀមរាប)៖ ដើម្បីជាការចូលរួមលើកស្ទួយនូវវិស័យអប់រំឲ្យកាន់តែរីកចម្រើន និងប្រកបដោយគុណភាពខ្ពស់ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ គណៈគ្រប់គ្រងសាលាបឋមសិក្សាក្រសាំងរលើង អាជ្ញាធរសង្កាត់សៀមរាប និងសប្បុរសជន បានរៀបចំពិធីចែករង្វាន់ និងប័ណ្ណសរសើរលើកទឹកចិត្តដល់សិស្សពូកែប្រចាំឆ្នាំសិក្សា ចាប់ពីថ្នាក់មត្តេយ្យសិក្សាដល់ថ្នាក់ទី៦នៃសាលាបឋមសិក្សាក្រសាំងរលើង ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប ក្រោមវត្តមាននិមន្ត និងអញ្ជើញចូលរួមពីព្រះតេជគណព្រះសរណញាណធម្មបិយធម្ម ភ្លឿង រដ្ឋ គ្រូសូត្រស្តាំវត្តអធ្វារ និងលោក ម៉ៃ សាម៉េត ចៅសង្កាត់សៀមរាប ព្រមទាំងអស់លោក លោកស្រីជាសប្បុរសជន អាណាព្យាបាលសិស្សចូលរួមផងដែរ។

ក្នុងកិច្ចស្វាគមន៍របស់លោក ស ស៊ីណន នាយកសាលាបឋមសិក្សាក្រសាំងរលើង បានលើកឡើងថា សាលាបឋមសិក្សា ក្រសាំងរលើងនេះ មានសិស្សចូលមកសិក្សាចំនួន ៣៥០នាក់ (ស្រី១៨៦នាក់) ចាប់ពីថ្នាក់មត្តេយ្យ សិក្សាដល់ថ្នាក់ទី៦ មានអគារសិក្សា ២ខ្នង ១០បន្ទប់ និងមានគ្រូបង្រៀន១៣នាក់ផង​ដែរ។ នៅរៀងរាល់បញ្ចប់ឆ្នាំសិក្សា ត្រូវបានរៀបចំធ្វើការលើកទឹកចិត្តចែករង្វាន់ និងប័ណ្ណសរសើរដល់សិស្សពូកែដែល ប្រឡងជាប់ចំណាត់ថ្នាក់ពីលេខ១ ដល់លេខ៥។

មានសង្ឃដិកានោះដែរ ព្រះសរណញាណធម្មបិយធម្ម ភ្លឿង រដ្ឋ គ្រូសូត្រស្តាំវត្តអធ្វារ បានផ្តល់នូវឱវាទទូន្មានដល់ចៅៗជាសិស្សានុសិស្ស ក៏ដូចអាណាព្យាបាលសិស្ស ត្រូវរួមគ្នាជម្រុញដល់កូនៗរបស់ខ្លួន ឲ្យខិតខំសិក្សារៀនសូត្រ ឲ្យបានពូកែ ក្លាយជាធនធានមនុស្សដ៏សំខាន់នៅក្នុងសង្គម។ ការសិក្សា គឺមានតម្លៃយ៉ាងធំធេងណាស់ ហើយថា ចំពោះអ្នកដែលមានចំណេះដឹង ដែលជាលទ្ធផលកើតចេញពីការសិក្សា គឺវាមានតម្លៃស្មើនឹងគ្រាប់ពេជ្រ។ ដូច្នេះសូមក្មួយៗសិស្សានុសិស្សត្រូវខិតខំសិក្សារៀនសូត្រឲ្យបានសកម្មបំផុត ដោយមិនត្រូវយកពេលវេលាដ៏ល្អនេះ ទៅប្រព្រឹត្តនូវអំពើអ្វីដែលជាការឥតប្រយោជន៍នោះឡើយ។ សូមឲ្យអាណាព្យាបាលទាំងអស់ ត្រូវធ្វើការអប់រំកូនរបស់ខ្លួនបន្ត និងសូមឲ្យក្មួយៗទាំងអស់ ជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេង។

លោក ម៉ៃ សាម៉េត បានណែនាំសិស្សឲ្យបន្តខិតខំរៀនសូត្រ និងស្រាវជ្រាវបន្ថែមទៀត។ ម៉្យាងវិញទៀត ដោយសារបច្ចុប្បន្ននេះ បច្ចេកវិទ្យាមានការរីកចម្រើន ដូច្នេះសិស្សានុសិស្សអាចសិក្សាស្រាវជ្រាវមេរៀន និងរូបមន្តនានាបន្ថែមទៀត ដែលគេបានចងក្រងនៅលើប្រព័ន្ធអ៊ីនធឺណិត។ លោកបន្តថា ដើម្បីឲ្យសិស្សានុសិស្សទទួលបានលទ្ធផលសិក្សាល្អ គឺត្រូវតែមានការចូលរួមចំណែកសំខាន់ពីលោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងខ្លួនឯងផ្ទាល់ផងដែរ។ ក្នុងនោះដែរ បញ្ហាបរិស្ថានអនាម័យ សោភណភាពក្នុងសាលាក៏ត្រូវបានរៀបចំឲ្យបានស្អាត ដូចជានៅក្នុងបន្ទប់រៀន និងបរិវេណសាលាជាដើម។ 

លោក ម៉ៃ សាម៉េត ក៏បានណែនាំឲ្យអាណាព្យាបាលសិស្ស ត្រូវចេះលើកទឹកចិត្តកូនៗឲ្យខិតខំសិក្សា ដើម្បីក្លាយជាធនធានដ៏មានតម្លៃទៅថ្ងៃអនាគត។ ម៉្យាងទៀត អាណាព្យាបាលសិស្សត្រូវមានទំនាក់ទំនងជាមួយគ្រូប្រចាំថ្នាក់ ដើម្បីតាមដានការសិក្សារបស់កូនៗ ក្នុងការជម្រុងឲ្យកូនៗបានធ្វើកិច្ចការផ្ទះដែលគ្រូដាក់ឲ្យបានទៀងទាត់ និងលើកទឹកចិត្តកុមារឲ្យស្រឡាញ់ការអានសៀវភៅ និងឲ្យចូលអានសៀវភៅនៅតាមបណ្ណាល័យ ឬក៏យកទៅអាននៅផ្ទះ ដើម្បីឲ្យពួកគេក្លាយទៅជាទម្លាប់ក្នុងការអាន នោះកូនរបស់លោកអ្នក និងក្លាយទៅជាធនធានមនុស្សដ៏មានតម្លៃនាថ្ងៃអនាគត ដោយប្រើប្រាស់ចំណេះដឹង ដើម្បីធ្វើឲ្យជីវភាពគ្រួសារធូរធារ និងជួយអភិវឌ្ឍដល់សង្គមជាតិផងដែរ។

លោកសង្កាត់ ក៏បានសំណូមពរដល់សិក្សានុសិស្សទាំងអស់ ត្រូវជៀសឲ្យឆ្ងាយពីគ្រឿងញៀន និងអំពើឧបាយមុខផ្សេងៗ ដែលប្រាស់ចាកនឹងច្បាប់ និងសូមឲ្យចូលរួមក្នុងការធ្វើអនាម័យ បរិស្ថាននៅតាមដងផ្លូវ ក្នុងភូមិដ្ឋានរបស់ខ្លួន ជាពិសេសលើការទុកដាក់សម្រាមឲ្យបានត្រឹមត្រូវ ដោយសារខេត្តសៀមរាប ជាខេត្តទេសចរណ៍វប្បធម៌ធម្មជាតិប្រវត្តិសាស្ត្រ ដែលមានភ្ញៀវ ទេសចរណ៍ជាតិ និងអន្តរជាតិ ចូលមកទស្សនាកម្សាន្តជាហូរហែផងដែរ៕