(ព្រៃវែង)៖ នៅព្រឹកថ្ងៃសៅរ៍ ទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អនុប្រធាន ស.ស.យ.ក ខេត្តព្រៃវែង និងជាប្រធានក្រុមការងារចុះជួយ ស.ស.យ.ក ស្រុកពោធិ៍រៀង តំណាងលោកអភិសន្ដិបណ្ឌិត ស សុខា អនុប្រធាន ស.ស.យ.ក ទទួលបន្ទុក៣ខេត្ត ខេត្តព្រៃវែង បាត់ដំបង និងខេត្តបន្ទាយមានជ័យ ចូលរួមជាអធិបតីភាព ក្នុងពិធីវាស់ភ្នែក និងកាត់វ៉ែនតា ជូនប្រជាពលរដ្ឋ៣០០នាក់ មកពី៦ឃុំ ទូទាំងស្រុកពោធិ៍រៀង ខេត្តព្រៃវែង។

នាឱកាសនោះលោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានថ្លែងអំណរគុណក្រុមហ៊ុន អុបទិច ដែលចំណាយពេលមួយថ្ងៃពេញ ដើម្បីពិនិត្យ ព្យាបាលភ្នែក ជូនបងប្អូនប្រជាពលរដ្ឋ ទាំងមិនគិតការនឿយហត់ និងការចំណាយថវិកាផ្សេងៗ។

ជាមួយគ្នានេះ បងប្អូនប្រជាពលរដ្ឋ បានសម្តែងនូវទឹកចិត្ត ត្រេកអរយ៉ាងក្រៃលែង និងបានថ្លែងអំណអរគុណបំផុត ចំពោះលោកអភិសន្ដិបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី ក៏ដូចជាលោកបណ្ឌិត ដែលតែងតែយកចិត្ត ទុកដាក់ខ្នះខ្នែង គិតគូរដល់សុខភាពភ្នែករបស់ប្រជាពលរដ្ឋ ដោយបានចុះមកពិនិត្យជំងឺភ្នែក ដោយគ្មានបង់ថ្លៃដូចពេលនេះ។

ជាចុងក្រោយលោកបានថ្លែងផ្ដាំផ្ញើដល់បងប្អូនទាំងអស់ សូមថែរក្សា សុខភាព តាមរយៈការ រស់នៅស្អាត ផឹកស្អាត បរិភោគស្អាត នាំមកនូវសុខភាពប្រសើរគ្រប់ៗគ្នា។

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានបញ្ជាក់ថា ការចុះវាស់ភ្នែក និងកាត់វ៉ែនតា ជូនបងប្អូនប្រជាពលរដ្ឋទាំង ៣០០នាក់នេះ បានការឧបត្ថម្ភគាំទ្រដោយអភិសន្ដិបណ្ឌិត ស សុខា និងលោកស្រី កែ សួនសុភី និងដោយមានការសហការពីក្រុមហ៊ុនអុបទិច៕