(ភ្នំពេញ)៖ ការរាតត្បាតជំងឺកូវីដ១៩ បូករួមនឹងវិបត្តិសេដ្ឋកិច្ចសកល បានធ្វើឱ្យវិស័យទេសចរណ៍នៅកម្ពុជា ជាពិសេសខេត្តសៀមរាប បានជួបស្ថានភាពយ៉ាប់យឺនខ្លាំងចាប់តាំងពីឆ្នាំ២០២០មក។
មកដល់ឆ្នាំ២០២៣នេះ ស្ថានភាពទេសចរណ៍នៅកម្ពុជា និងខេត្តសៀមរាប មានសកម្មភាពល្អប្រសើរឡើងវិញខ្លះហើយ។ រាជរដ្ឋាភិបាលកម្ពុជាដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ទើបនឹងបានសម្រេចដាក់ចេញកម្មវិធី «ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤» និងកិច្ចអន្តរាគមន៍ជាច្រើនទៀត ដើម្បីជំរុញសកម្មភាពទេសចរណ៍ខេត្តសៀមរាបឱ្យល្អប្រសើរឡើងវិញ។
ក្នុងបទសម្ភាសន៍ជាមួយ Fresh News លោកស្រី ឆាយ ស៉ីវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា (CATA) បានបង្ហាញការកត់សម្គាល់របស់ខ្លួនថា សកម្មភាពទេសចរណ៍ក្នុងខេត្តសៀមរាប កម្រើកឡើងវិញខ្លះហើយនៅក្នុងឆ្នាំ២០២៣នេះ។ លោកស្រីបន្តថា ប្រតិបត្តិករផ្នែកទេសចរណ៍ដែលផ្អាកសកម្មភាពពេលជួបវិបត្តិជំងឺកូវីដ១៩ ក៏ចាប់ផ្តើមត្រឡប់មកកាន់អាជីវកម្មទេសចរណ៍ឡើងវិញផងដែរ។
លោកស្រី ឆាយ ស៊ីវលីន បានបង្ហាញសុទិដ្ឋិនិយមថា វត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ និងការដាក់ចេញកម្មវិធី «ទស្សនាខេត្តសៀមរាប ឆ្នាំ២០២៤» បូករួមនឹងកិច្ចអន្តរាគមន៍ដទៃទៀតរបស់រាជរដ្ឋាភិបាល នឹងក្លាយជាថាមពលថ្មីសម្រាប់វិស័យទេសចរណ៍នៅខេត្តសៀមរាប។
ប្រធានសមាគមទេសចរណ៍កម្ពុជា លោកស្រី ឆាយ ស៊ីវលីន ក៏បានបង្ហាញក្តីសង្ឃឹមថា វត្តមានអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ដែលសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នឹងផ្តល់លំហូរទេសចរណ៍ពីអឺរ៉ុប និងអាមេរិក ក៏ដូចជាបណ្តាប្រទេសដទៃទៀត ដែលពីមុនពួកគេមិនអាចហោះត្រង់មកកាន់សៀមរាបបាននោះ។
ជាមួយគ្នានេះ លោកស្រី ឆាយ ស៊ីវលីន ក៏បានសម្តែងការស្វាគមន៍ និងរីករាយជាខ្លាំងចំពោះការដាក់ចេញនូវកិច្ចអន្តរាគមន៍នានារបស់រាជរដ្ឋាភិបាល ដើម្បីស្រោចស្រង់វិស័យទេសចរណ៍នៅខេត្តសៀមរាប។
លោកស្រី ចាត់ទុកការដាក់ចេញចំណាត់ការ និងវិធានការទាំងឡាយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ជាការបង្ហាញឱ្យពីភាពវាងវៃ និងរហ័សរហួនមួយ។ ជាពិសេសជាការបង្ហាញឱ្យឃើញនូវការគិតគូរខ្ពស់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី លើបញ្ហារបស់ជាតិ និងប្រជាពលរដ្ឋដែលពឹងអាស្រ័យលើវិស័យទេសចរណ៍៕