(ភ្នំពេញ)៖ ដើម្បីគ្រប់គ្រងស្ថាប័នឱ្យមានវឌ្ឍនភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា លោកស្រី ទេព កុលាប សាកលវិទ្យាធិការសាកលវិទ្យាល័យភ្នំពេញអន្ដរជាតិ (PPIU) បានអញ្ជើញលោកទេសរដ្ឋមន្ដ្រី ព្រុំ សុខា មកចែករំលែកនូវគន្លឹះ ភាពជាអ្នកដឹកនាំ ដល់គណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ និងនិស្សិតរបស់ខ្លួន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោកស្រីសាកលវិទ្យាធិការ បានថ្លែងថា កាលដែលឱ្យគណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ និងនិស្សិត ទទួលបានការបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំនេះ ដើម្បីបំពេញបន្ថែមនូវចំណេះដឹងមួយកម្រិតទៀត ក្រៅពីចំណេះជំនាញបច្ចុប្បន្ន។

លោកស្រីបានបន្ដថា «ក្នុងបរិបទនៃបច្ចេកវិទ្យាឌីជីថលនេះ សាកលវិទ្យាល័យភ្នំពេញអន្ដរជាតិនៃយើងទាំងអស់គ្នា ពិតជាត្រូវការចាំបាច់នូវចំណេះដឹងអំពី «ភាពជាអ្នកដឹកនាំ និងនវានុវត្ដន៍» មិនអាចខ្វះបាន ដើម្បីគ្រប់គ្រង ដឹកនាំស្ថាប័នឱ្យមានវឌ្ឍភាពស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា»។

ភាពជាអ្នកដឹកនាំ និងនវានុវត្ដន៍នេះ គឺត្រូវយល់ដឹងតាំងពីគណៈគ្រប់គ្រង បុគ្គលិក សាស្ដ្រាចារ្យ រហូតដល់និស្សិត ទើបធ្វើឱ្យធនធានមនុស្សនៃសាកលវិទ្យាល័យកាន់តែរឹងមាំ និងទទួលបានជោគជ័យលើការងារ និងការរៀនសូត្របន្ថែមទៀត។

ដូច្នេះបាឋកថាខាងលើនេះពិតជាមានសារៈសំខាន់ណាស់ ក្រោយពីបានរៀនចប់ នឹងដឹងថាខ្លួនឯងបានដើរដល់ចំណុចណា ហើយប្រសិនបើយើងយកទ្រឹស្តីមកបូកបន្ថែមអ្វីដែលបានអនុវត្តរាល់ថ្ងៃ នឹងធ្វើឱ្យកិច្ចការនោះរឹតតែល្អប្រសើរ៕