(ភ្នំពេញ)៖ លោក អាន ស៊ីថាវ ដែលជាគ្រូបង្គោល និងជាអ្នកជំនាញផ្នែកព័ត៌មានសេដ្ឋកិច្ច ជាង១៥ឆ្នាំ បានបង្ហាញចំណុចសំខាន់ចំនួន៣ នៅក្នុងការបញ្ចប់ព័ត៌មានសេដ្ឋកិច្ចមួយប្រកបដោយវិជ្ជាជីវៈ។ ការបង្ហាញ ក៏ដូចជាការរំលឹកមេរៀននេះ ធ្វើឡើងមុនការប្រឡងបញ្ចប់ថ្នាក់សិក្សា ដែលនឹងធ្វើឡើងនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២៣ ខាងមុខ ក្រោយការសិក្សាអស់រយៈពេល៣ខែកន្លងមក។

ចំពោះចំណុចសំខាន់ៗ ទាំង៣ចំណុច ដែលអ្នកជំនាញព័ត៌មានសេដ្ឋកិច្ចរបស់យើង រំលឹកទៅកាន់សិក្ខាកាមនោះរួមាន៖

១៖ ការបញ្ចប់ដោយសម្រង់ក្វូតណាមួយដែលពាក់ព័ន្ធនឹងប្រធានបទ ហើយនៅមិនទាន់យកមកប្រើក្នុងតួសេចក្ដី ឬនៅសម្រង់ដើមនៅឡើយ។

២៖ ការបញ្ចូលនូវទិន្ន័យ ដែលពាក់ព័ន្ធនឹងប្រធានបទ ក៏ជាចំណុចមួយដែលសំខាន់ ក្នុងការបញ្ចប់ព័ត៌មានសេដ្ឋកិច្ចមួយដ៏ល្អដែរ។

៣៖ នៅក្នុងករណីមិនមានក្វូតល្អ ឬទិន្នន័យរួមដែលល្អទេ នោះគឺយើងអាចសរសេរ សេចក្ដីបញ្ចប់រួមមួយ ដោយសង្ខេបនូវ ខ្លឹមសារនៅក្នុង lead ឬ Body នៃសាច់រឿងរបស់យើង ថ្មីមួយនៅក្នុងសេចក្ដីបញ្ចប់នេះបាន។

សូមបញ្ជាក់ថា វគ្គសិក្សាស្តីពី «មូលដ្ឋានគ្រឹះ នៃការសរសេរព័ត៌មានសេដ្ឋកិច្ច និងជំនួញ» គឺជាថ្នាក់សិក្សាមួយក្នុងចំណោមថ្នាក់សិក្សាទាំង៣ របស់មជ្ឈមណ្ឌលបណ្ដុះបណ្ដាលព័ត៌មាន Fresh News (FTC) បន្ទាប់ពីថ្នាក់សិក្សាអំពី «របៀបសរសេរព័ត៌មានទូទៅ» និងថ្នាក់សិក្សាអំពី «ជំនាញថតរូប»។

នៅក្រោយការបញ្ចប់វគ្គសិក្សា លោកអ្នកនឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សាមួយ ដែលចេញដោយអង្គភាព និងគ្រូបង្គោល ជាពិសេសសម្រាប់សិក្ខាកាមដែលឆ្នើម មានទេពកោសល្យល្អ នឹងទទួលបានឱកាសចូលហាត់ការណ៍ និងបម្រើការនៅក្នុងអង្គភាពព័ត៌មាន Fresh News ទៀតផង។

FTC ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ដែលត្រូវបានបង្កើតឡើង នៅឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយ ក្នុងវិស័យព័ត៌មានជាដើម។

FTC មាន លោក ម៉ារ យ៉ារិទ្ធ ជាប្រធាន ដោយលោកមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជិត៤០ឆ្នាំមកហើយ។ លោកធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ លោកក៏ជាអតីតនិស្សិតខ្មែរ ដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុងសហរដ្ឋអាមេរិក៕