(ភ្នំពេញ)៖ អ្នកវិភាគសង្គម លោកបណ្ឌិត គិន ភា មើលឃើញថា ការដាក់ចេញនូវការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលក្នុងអាណាត្តិទី៧នេះ គឺជាឱកាសមាសសម្រាប់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ដែលត្រូវតែចាប់យកនូវឱកាសនេះឱ្យបាន។

ការលើកឡើងបែបនេះ បន្ទាប់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីបានប្រកាសដាក់ឱ្យអនុវត្តនូវការរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣។

ទន្ទឹមនឹងនេះ លោកបណ្ឌិតក៏បានអំពាវនាវឲ្យយុវជនគោលដៅ រួសរាន់ចុះឈ្មោះចូលរៀនព្រោះការបណ្តុះបណ្តាលនេះ នឹងឱ្យយុវជនក្រុមគោលដៅ មានជំនាញច្បាស់លាស់ដើម្បីទទួលបានឱកាសការងារសមរម្យ។

លោកថា៖ «បងប្អូនកូនក្មួយដែលជាយុវជនដែលមកពីគ្រួសារក្រីក្រ និងកូនគ្មួយដែលទើបប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បើទោះបីធ្លាក់ក្តី ជាប់ក្តី សូមកុំមើលរំលងឱកាសក្នុងការទទួលយកការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈរបស់រាជរដ្ឋាភិបាល ។ វាជាការផ្តល់ឱ្យនូវជំនាញ បំណិនមួយច្បាស់លាស់ម្រាប់ជីវិត»

លោកបណ្ឌិតបន្ថែមថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស គឺជាយន្តការមួយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់ជីវភាពរបស់ពលរដ្ឋក្រីក្រ និងងាយរហានិភ័យដើម្បីប្រែក្លាយពីកម្លាំងពលកម្មអតិពលកម្មក្នុងទីផ្សារទៅជាកម្លាំងពលកម្មដែលមានជំនាញជាក់ដើម្បីបង្កើនផលិតភាពក្នុងសង្វាក់ផលិតកម្មរបស់រោងចក្រសហគ្រាស ក៏ដូចជាការត្រៀមកម្លាំងពលកម្មទាក់ទាញអ្នកវិនិយោគថ្មីៗបន្ថែម។

ថ្លែងក្នុងកម្មវិធីដាក់ឱ្យអនុវត្តរបបសន្តិសុខសង្គម ផ្នែកថែទាំសុខភាពតាមរបបភាគទានដោយស្ម័គ្រចិត្ត និងប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវកម្មវិធីបណ្តុះបណ្តាលវិជ្ជាជីវៈ និងបច្ចេកទេសកាលពីថ្ងៃទី១៤ វិច្ឆិកា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានអំពាវនាវឱ្យយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ទៅចុះឈ្មោះចូលរៀនវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដើម្បីមានជំនាញមួយច្បាស់លាស់។

ដើម្បីឱ្យការបណ្តុះបណ្តាលកាន់តែមានប្រសិទ្ធភាព សម្តេចធិបតីបានណែនាំឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សហការជាមួយរាជធានី-ខេត្ត និងភាគីពាក់ព័ន្ធទាំងអស់ដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ៕