(កំពង់ស្ពឺ)៖ ដោយអនុវត្តតាមបទរបស់លោក វ៉ី សំណាង ប្រធានគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ ក្រោយកិច្ចប្រជុំគណៈកម្មការរៀបចំ បុណ្យអុំទូកថ្នាក់ខេត្ត និងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ក្នុងពិធីប្រណាំងទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី១៨-១៩ ខែវិច្ឆិកា ឆ្នាំ២០២៣ នាពេលខាងមុខនេះ នៅតាមដងស្ទឹងព្រែកត្នោត សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

កម្លាំងកងរាជអាវុធត្ថខេត្តកំពង់ស្ពឺ យោងបទបញ្ជាដ៏ម៉ឺងម៉ាត់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានប្រមូលផ្តុំត្រួតពិនិត្យ កម្លាំង មធ្យោបាយ គ្រឿងបំពាក់ សម្រាប់ត្រៀមធ្វើអន្តរាគមន៍ក្នុងការ បង្ការ បង្រ្កាប សង្រ្គោះ និងការពារសន្តិសុខ សុវត្ថិភាព រៀបចំសណ្តាប់ធ្នាប់ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។

លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានដាក់បទបញ្ជាដល់កងកម្លាំងអាវុធហត្ថត្រូវចល័តបំពេញភារកិច្ចក្នុងពិធីមហាជន និងកម្លាំងត្រៀមអន្តរាគមន៍ ត្រូវចូលរួមថែរក្សា សន្តិសុខ សុវត្តិភាព ក្តាប់ឲ្យបានរាល់សកម្មភាពបង្កអសន្តិសុខក្នុងពិធី ជាងនេះត្រូវវាងវៃលើការងារសម្រួលចរាចរណ៍ជូនថ្នាក់នាំដែលត្រូវចូលរួមក្នុងពិធីផងដែរ

លោកឧត្តមសេនីយ៍ត្រី មេបញ្ជា បានឲ្យដឹងថា នៅពេលរាត្រីមានការតាំងពិរព័រណ៌ និងលក់ដូរ មានការប្រគុំតន្ត្រី ជាងនេះក៏មានការអុជកាំជ្រួច ព្រមទាំងមានការរៀបចំកម្មវិធីផ្សេងៗ នៅបរិវេណសួនច្បារមុខសាលាខេត្ត ដូច្នេះកងកម្លាំងត្រូវការពារឲ្យបានដាច់ខាតជនឆ្លាតឱកាសបន្លំខ្លួនលួចឆក់មកលើប្រជាពលរដ្ឋដើរលេងភ្លេចខ្លួនក្នុងពិធី៕