(ភ្នំពេញ)៖ អង្គកឋិនទានរបស់រដ្ឋបាលរាជធានីភ្នំពេញបាននាំយកបច្ច័យចំនួន១៥៧,២៨៤ដុល្លារ ទៅវេរប្រគេនព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងពុទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម ដើម្បីបន្តកសាងព្រះវិហារ និងសមិទ្ធផលនានានៅក្នុងទីអារាមនេះ ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១៧ វិច្ឆិកា មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្រោមការផ្តួចផ្តើមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ បានធ្វើអង្គកឋិនមួយដោយបានជួបជុំពុទ្ធបរិស័ទរៀបចំពិធីក្រុងពាលីមនសិការព្រះរតនត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅសាលារាជធានីភ្នំពេញ។

ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វាទស្សមាសដែលផ្សព្វផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិតបានបង្ហាញថា៖ ពុទ្ធបរិសទ្ទ័នាំគ្នាធ្វើបុណ្យកឋិននេះគឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនាស្តីពីកឋិនទានថាជាកាលទានដ៏មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល៣ខែដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។

លោក ឃួង ស្រេង បានថ្លែងថា យើងទាំងអស់គ្នា មានឧិកាសជួបជុំធ្វើបុណ្យទាននាពេលនេះ គឺដោយសារយើងមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណ នៃអណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

បុណ្យកឋិនទាននេះ ក៏ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿង និងគង់វង់យូអង្វែង។ ម៉្យាងទៀត ក៏បានបង្ហាញឲ្យឃើញពីការជួបជុំរបស់ពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ដោយក្តីជ្រះថ្លា និងបង្កើនសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចំរើន។

តាមទំនៀមទំលាប់ ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោក ក្នុងអនាគត។
កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

បច្ចយ័ដែលប្រមូលបានពីអង្គកឋិនទាននេះ បានចំនួន១៥៧.២៨៤ដុល្លារ វេរប្រគេនព្រះសង្ឃ ក្នុងពុទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម ដើម្បីបន្តកសាងព្រះវិហារ និងសមិទ្ធិផលនានានៅក្នុងទីអារាមនេះ ។ ក្រៅពីនេះបច្ច័យខាងលើ ក៏មានបច្ច័យចំនួន៤០ម៉ឺនរៀល ប្រគេនដល់ព្រះចៅអធិការវត្ត គ្រូសូត្រស្តាំចំនួន៣០ម៉ឺនរៀល ព្រះសង្ឍចំនួន២២អង្គ ក្នុង១អង្គៗចំនួន២០ម៉ឺនរៀល៕