(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំកម្ពុជា បានផ្តល់ថវិកាចំនួន ២៥២,១៣៦ដុល្លារអាមេរិក ក្រោមគ្រោងការ ណ៍ ជំនួយឥតសំណងសម្រាប់ គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (គូសាណូណិ) សម្រាប់ការកែលម្អបរិក្ខារនៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង និងលទ្ធកម្មបរិក្ខារពេទ្យនៅមន្ទីរពេទ្យកុមារ ក្នុងខេត្តសៀមរាប។

ពិធីចុះហត្ថលេខាផ្តល់ជំនួយឥតសំណងនេះ បានធ្វើឡើងនៅស្ថានទូតជប៉ុន ក្រោមអធិបតីភាពលោក តានិណៃ អ៉ិឈិតុម៉ុ ឧបទូតនៃស្ថានទូតជប៉ុន ប្រចាំកម្ពុជា
និងអ្នកតំណាងស្ថាប័នទទួលជំនួយទាំងពីរ។

គម្រោងដែលផ្ដល់ជំនួយដោយរដ្ឋាភិបាលជប៉ុននាពេលនេះ ដើម្បីអនុវត្តគម្រោងដូចតទៅ៖

១៖ គម្រោងសាងសង់អគារស្នាក់នៅ និងដំឡើងឧបករណ៍នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង (ថវិកាចំនួន ១២៨,៣០១ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង

ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីដំឡើងឧបករណ៍ចំនួន១៣ប្រភេទ សម្រាប់ផលិតឧបករណ៍សិប្បនិមិ្មត និងស្តារនីតិសម្បទា និងដើម្បីសាងសង់អគារស្នាក់នៅ រួមជាមួយផ្ទះបាយ សម្រាប់អ្នកជំងឺដែលមកព្យាបាល នៅមជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្តព្រៃវែង (PRC) ក្នុងខេត្តព្រៃវែង។

PRC នេះ បាននឹងកំពុងជួបបញ្ហាប្រឈមដូចជាភាពសឹករិចរិលនៃឧបករណ៍ចាំបាច់ ដើម្បីផលិតឧបករណ៍សិប្បនិម្មិត និងរណប និងកង្វះសមត្ថភាពនៃអគារស្នាក់នៅបច្ចុប្បន្ន និងមានការលំបាកចំពោះផ្លូវទៅបង្គន់ និងអគារធំ។ តាមរយៈគម្រោងនេះរំពឹងថាអ្នកជំងឺប្រមាណ ៨៥០នាក់ជារៀងរាល់ឆ្នាំនឹងទទួលបានអត្ថប្រយោជន៍ពីបរិក្ខារ និងសេវាកម្ម ដែលមានភាពប្រសើរជាងមុន។

ទី២៖ គម្រោងលទ្ធកម្មបរិក្ខារពេទ្យនៅមន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប (ថវិកាចំនួន ១២៣,៨៣៥ ដុល្លារអាមេរិក) ស្ថាប័នទទួលជំនួយ៖ មន្ទីរពេទ្យកុមារអង្គរ។ជំនួយនេះនឹងត្រូវបានប្រើប្រាស់ដើម្បីទិញបរិក្ខារពេទ្យចំនួន ៤ ប្រភេទ (គ្រែវះកាត់ចំនួន១ ម៉ាស៊ីនតាមដានចង្វាក់បេះដូងចំនួន១ ម៉ាស៊ីនតាមដានអ្នកជំងឺដាក់ថ្នាំសណ្តំចំនួន១ សឺរ៉ាំងអេឡិចត្រូនិកចំនួន២) ដើម្បីបង្កើនគុណភាពនៃការថែទាំសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យកុមារអង្គរ។ ឧបករណ៍ទាំងនេះនឹងពង្រឹងសក្តិសិទ្ធភាព និងផលិតភាពរបស់បុគ្គលិកពេទ្យ ដែលព្យាបាលកុមារដែលមានលក្ខខណ្ឌធ្ងន់ធ្ងរ។ តាមរយៈសេវាវេជ្ជសាស្រ្ត ដែល មានភាពប្រសើរជាងមុន រំពឹង ថាគម្រោងនេះនឹងផ្តល់អត្ថប្រយោជន៍ដល់កុមារប្រមាណ ៦,៣០០នាក់ ជារៀងរាល់ឆ្នាំ។

 
ជំនួយឥតសំណងគូសាណូណិ របស់ជប៉ុន បានចាប់ផ្តើមនៅប្រទេសកម្ពុជាក្នុងឆ្នាំ១៩៩១ ដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជាក្នុងការអភិវឌ្ឍ និងស្ថាបនាប្រទេសឡើងវិញ នៅកម្រិតមូលដ្ឋាន។ ជំនួយឥតសំណងនេះ មានទិសដៅការពារជនងាយរងគ្រោះពីកត្តាមួយចំនួនដូចជា ភាពក្រីក្រ និងភាពអកុសលនានា ដែលអាចគំរាមកំហែងដោយផ្ទាល់ដល់អាយុជីវិត ជីវភាពរស់នៅ និងសេចក្តីថ្លៃថ្នូររបស់ពួកគេ ក៏ដូចជាជួយជំរុញនូវភាពម្ចាស់ការលើខ្លួនឯងរបស់ប្រជាសហគមន៍។ ចាប់តាំងពីឆ្នំា១៩៩១ រដ្ឋាភិបាលជប៉ុនបានផ្តល់ថវិកា ជាង៦៩លានដុល្លារអាមេរិក ដល់អាជ្ញាធរមូលដ្ឋាន និងអង្គការក្រៅរដ្ឋាភិបាល ដើម្បីអនុវត្តគម្រោងគូសាណូណិចំនួន ៦៨៧គម្រោង នៅទូទាំងប្រទេសកម្ពុជា៕