(បាត់ដំបង)៖ ក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា ភូមិភាគ១ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានរៀបចំសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នៅខេត្តបាត់ដំបង ដែលមានគ្រូគង្វាលមកពី៧ខេត្ត សរុបចំនួន២០០នាក់ ហើយក៏ជាសនិ្នបាតទី២ បន្ទាប់ពីរៀបចំសន្និបាតទី១ បានរៀបចំនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២៣កន្លងទៅ។

លោក អ៊ួង យូហាន ប្រធានក្រុមប្រឹក្សាបណ្ដាញព្រះវិហារគ្រីស្ទបរិស័ទកម្ពុជា បានអរព្រះគុណដល់ព្រះយេស៊ូវគ្រីស្ទ និងថ្លែងទៅកាន់អង្គសន្និបាតទាំងមូលថា យើងអាចរៀបចំសន្និបាតនៅពេលនេះបាន ក៏ដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

លោកក៏បានគូសបញ្ជាក់ថា គ្រីស្ទបរិស័ទបានចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល អភិវឌ្ឍប្រទេសជាតិដែលកន្លងមកក្រុមប្រឹក្សាបានចូលរួមជាមួយនឹងរាជរដ្ឋាភិបាលពិសេសសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀនបណ្តុះបណ្តាលជនបង្គោលជាគ្រីស្ទបរិស័ទ គ្រូគង្វាលជាង៥០០នាក់ ដើម្បីចូលរួមចំណែកគោលនយោបាយភូមិឃុំមានសុវត្ថិភាព និងយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់របស់រាជរដ្ឋាភិបាល ការងារសង្គម ក៏ដូចជាការចូលរួមលើកតម្កើងសុខដុមនីយកម្មសាសនាផងដែរ។

ជាមួយនឹងការកោតសរសើរដល់ថ្នាក់ដឹកនាំក្នុងភូមិភាគ១ និងតាមបណ្តាខេត្តចំពោះកិច្ចខិតខំប្រឹងប្រែងជួយដល់សមាជិក សមាជិកា នោះ លោក អ៊ួង យូហាន ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ គ្រូគង្វាល ឱ្យបន្តព្យាយាមចែកចាយនូវសេចក្តីស្រឡាញ់ និងចូលរួមក្នុងសកម្មភាពផ្សេងៗជាមួយអាជ្ញាធរមូលដ្ឋានសំដៅដល់ការចូលរួមជាមួយរាជរដ្ឋាភិបាលរក្សានូវសុខសន្តិភាព សណ្តាប់ធ្នាប់ និងការអភិវឌ្ឍប្រទេសកម្ពុជាស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល៕