(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ មន្ទីរពេទ្យព្រះអង្គឌួង បានទទូលម៉ាស៊ីនឡាសែព្យាបាលជំងឺបាតភ្នែក (Laser indirect ophthalmoscope) «Vitra 2 laser 532nm , LIO Keeler» ពីអង្គការ Sight For All ដែលជាជំនួយរបស់ប្រទេសអូស្ត្រាលី ទំហំជាទឹកប្រាក់ ៦ម៉ឺនដុល្លារ។

ពិធីប្រគល់ និងទទួលនេះបានធ្វើឡើងក្រោមអធិបតីភាព នាយកមន្ទីរពេទ្យព្រះអង្គឌួង លោកសាស្ដ្រាចារ្យ លូ លីឃាង​ និងលោក សិត សំអាត មន្ត្រីប្រចាំប្រទេសរបស់អង្គការ Sight For All កម្ពុជា-ឡាវ។

លោកនាយកមន្ទីរពេទ្យព្រះអង្គឌួង បានសម្ដែងការថ្លែងអំណរគុណដល់អង្គការ Sight For All ដែលបានផ្ដល់អំណោយជាសម្ភារៈបរិក្ខារពេទ្យជាបន្ដបន្ទាប់ សរុបជិត ២០ម៉ឹនដុល្លារ ក្នុងឆ្នាំ២០២៣នេះ។

លោកនាយកមន្ទីរពេទ្យព្រះអង្គឌួងបានថ្លែងបន្ដថា «សម្រាប់ម៉ាស៊ីនដ៏ទើបនៅថ្ងៃនេះ គិតជាទឹកប្រាក់មានតម្លៃ ៦ម៉ឺនដុល្លារ សម្រាប់ព្យាបាលជំងឺបាតភ្នែកដល់ទារកកើតមិនគ្រប់ខែ រួមទាំងសរសៃបាតភ្នែកផងដែរ»។

ទន្ទឹមនឹងនោះ លោកនាយកមន្ទីរពេទ្យព្រះអង្គឌួងបានគូសបញ្ជាក់ថា ឧបករណ៍បរិក្ខារពេទ្យដ៏ទំនើបមួយនេះ នឹងបានចូលរួមចំណែកមួយដ៏ធំមួយទៀត ជួយពិនិត្យព្យាបាលជំងឺបាតភ្នែក សរសៃបាតភ្នែកដល់ទារកទើបកើត និងកុមារ បានឱ្យសុខភាពល្អប្រសើរឡើង។

លើសពីនោះលោកសាស្ដ្រាចារ្យ លូ លីឃាង បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបញ្ហាភ្នែក សូមអញ្ជើញមកមន្ទីរពេទ្យព្រះអង្គឌួងបាន ដែលមានទទួលពិនិត្យព្យាបាលជំងឺភ្នែកគ្រប់ប្រភេទ និងគ្រប់វ័យ ពិសេសទារកទើបកើតមានបញ្ហាភ្នែក៕