(ភ្នំពេញ)៖ នៅខែកញ្ញា ខាងមុខនេះ កម្ពុជា និងឥណ្ឌា នឹងបើកពិព័រណ៍ពាណិជ្ជកម្មរួមគ្នា ដើម្បីបង្កើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំង ពីរ។
ក្នុងជំនួបពិភាក្សាការងារ ជាមួយរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្តិ នាថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ លោក សានឌីប ម៉ាជុមដា (Sandeep Majumdar) ស្ថាបនិក និងជាប្រធានសភាពាណិជ្ជកម្ម នៃសាធារណរដ្ឋឥណ្ឌាប្រចាំ នៅកម្ពុជាបានថ្លែងថា ពិព័រណ៍ពាណិជ្ជកម្មនេះ នឹងក្លាយជាជំនួបដ៏ធំដែលមានការចូលរួមពីក្រុមធុរជន និងវិនិយោគិនដែលភាគច្រើន ជាសមាជិកនៃសភាពាណិជ្ជកម្ម របស់ឥណ្ឌា និងសភាពាណិជ្ជកម្មរបស់កម្ពុជា។ លោកសានឌីប ម៉ាជុមដា បានរំពឹងថា ពិព័រណ៍នេះ នឹងផ្តល់ឱកាសដល់ក្រុមពាណិជ្ជករ នៃប្រទេសទាំងពីរ ក្នុងការដោះដូរពាណិជ្ជកម្ម ទៅវិញទៅមក។
លោករដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានសំដែងការអបអរ និងស្វាគមន៍ចំពោះការផ្តួចផ្តើមរៀបចំឲ្យមានពិព័រពាណិជ្ជកម្មនេះឡើង។ លោករដ្ឋមន្រ្តីថា ព្រឹត្តិការណ៍នេះនឹងជួយទាក់ទាញ ការបណ្តាក់ទុនវិនិយោគថ្មីៗ បន្ថែមទៀត ពីប្រទេសឥណ្ឌាចូល មកកាន់ប្រទេសកម្ពុជា ដើម្បីធ្វើពិពិធកម្មការងារ និងជំនាញ ដែលអាចឈានទៅកាត់បន្ថយភាពក្រីក្រ និងពន្លឿនការអភិវឌ្ឍ កំណើនសេដ្ឋកិច្ច។
លោក ប៉ាន សូរស័ក្តិ បានស្នើសភាពាណិជ្ជកម្មឥណ្ឌាជ្រើសរើស យកថ្ងៃទី២៣ ខែកញ្ញា ដើម្បីរៀបចំព្រឹត្តិការណ៍ ពិព័រពាណិជ្ជកម្មនេះ ដោយសហការជាមួយ អគ្គនាយកដ្ឋានជម្រុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ដើម្បីកំណត់ពីទំហំការងារ របៀបវារៈ និងប្រធានបទដែលត្រូវលើកយក មកបង្ហាញដល់ក្រុមធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ។
បន្ថែមលើសនេះ លោករដ្ឋមន្ត្រី ក៏បានជម្រាបលោកសានឌីប អំពីនិតិវិធីក្នុងការនាំចូលសាច់គោ និង ផលិតផលកសិកម្មមួយចំនួន ចូលមកកាន់ប្រទេសកម្ពុជា ហើយលោកស្នើដល់លោកសានឌីប ដឹកនាំក្រុមធុរជនឥណ្ឌា ធ្វើការជួបពិភាក្សាដោយផ្ទាល់ ជាមួយថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីស្វែងយល់អំពីតម្រូវការ ផ្នែកភូតគាមអនាម័យ និងអនាម័យរបស់កម្ពុជា៕