(ភ្នំពេញ)៖ សម្តេចមហាបរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវឱ្យប្រជាជន កីឡាករត្រូវរួមគ្នាបន្តស្មារតី «កីឡារស់ក្នុងសន្តិភាព» បើទោះបីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានកន្លងផុតទៅហើយក្តី។

ការអំពាវនាវបែបនេះធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យនៃការរៀបចំការ​ប្រកួត​កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្ដេចធិបតីបានឱ្យដឹងថា «យើងបានជ្រើសរើសយកពាក្យស្លោកដ៏ត្រឹមត្រូវបំផុតសម្រាប់ការប្រកួតកីឡាអាស៉ីអាគ្នេយ៍លើកទី៣២នេះ គឺកីឡារស់ក្នុងសន្តិភាព»

សម្ដេចធិបតីបានបន្តថា កម្ពុជាបានជ្រើសរើសយកពាក្យស្លោកនេះ ព្រោះយល់ថា គុណតម្លៃនៃសន្តិភាពពិតជាធំធេងសម្រាប់កម្ពុជា ក៏ដូចជាគ្រប់បណ្ដាប្រទេសទាំងអស់ ប៉ុន្តែគុណតម្លៃនេះត្រូវបានគេមើលរំលង។

ជាក់ស្ដែង ដោយសារសង្គ្រាមស៉ីវិលប៉ុន្មានទសវត្សរ៍មុននេះ កម្ពុជាធ្លាប់តែរុងរឿងហើយថែមទាំងធ្លាប់បានធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាហ្កានីហ្វូលើកទី២ ដែលជាព្រឹត្តិការណ៍កីឡាលំដាប់ពិភពលោក នៅឆ្នាំ១៩៦៦ នាសម័យសង្គមរាស្ត្រនិយម បានវិនាសខ្ទេចខ្ទាំ បានក្លាយជាវាលពិឃាតដ៏គួរឱ្យខ្លាចរអា ខណៈដែលវិស័យកីឡារបស់កម្ពុជា បានបាត់បង់ស្ទើរតែទាំងស្រុង កីឡាករ កីឡាការនីទាំងអស់បានបាត់បង់ជីវិត ហើយចាំបាច់ត្រូវខិតខំប្រមែប្រមូលអតីតកីឡាករ កីឡាការនី ដែលរស់នៅសេសសល់ពីការកាប់សម្លាប់ចូលមកបម្រើការងារ និងស្ដារវិស័យកីឡាឡើងវិញ រហូតមានធនធានអត្តពលិក និងហេដ្ឋារចនាសម្ពន្ធកីឡា ព្រមទាំងមានសមត្ថភាពចូលរួមឡើងវិញក្នុងការប្រកួតកីឡាកម្រិតជាតិ តំបន់ និងអូឡាំពិកដូចសព្វថ្ងៃនេះ។

ក្នុងន័យនេះប្រសិនបើគ្មានសន្តិភាពដែលត្រូវបានកសាងយ៉ាងលំបាកដោយសម្ដេចតេជោ ស្ថាបនិក មគ្គទេសក៍ឯកនៃនយោបាយឈ្នះ-ឈ្នះ ក៏ដូចជាប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះគ្រប់រូបដទៃទៀត ដែលបានតស៊ូលះបង់សាច់ស្រស់ឈាមស្រស់យកជីវិតធ្វើដើមទុន ដើម្បីស្វែងរកសន្តិភាព ការបង្រួបបង្រួមជាតិ និងការអភិវឌ្ឍពីបាតដៃទទេរនោះទេ យើងក៏គ្មានថ្ងៃនេះ គ្មានថ្ងៃដែលអាចធ្វើជាម្ចាស់ផ្ទះនៃការប្រកួតកីឡាកម្រិតអន្តរជាតិបានដែរ ប្រទេសយើងក៏ប្រហែលជាកំពុងលិចលង់ក្នុងភ្លក់ភ្លើងសង្គ្រាម ហើយយើងដែលជាអ្នកជំនាន់ក្រោយ ក៏ប្រហែលជាមិនអាចរស់រានបានប្រកបដោយសុភមង្គល ហើយមិនអាចលេងកីឡា ឬទស្សនាកីឡាយ៉ាងសប្បាយរីករាយដូចសព្វថ្ងៃនេះទេ ដូច្នេះកីឡាពិតជារស់នៅក្នុងសន្តិភាព ហើយយើងត្រូវរក្សាស្មារតីនេះជាបន្តបន្ទាប់ទៀត ទោះព្រឹត្តិការណ៍នៃការប្រកួតកីឡានេះបានបញ្ចប់ក៏ដោយ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងទៀតថា កីឡារស់ក្នុងសន្តិភាព កីឡាដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកីឡា៕