(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានកន្លងផុតទៅហើយក្តី តែហាក់ស្ថិតនៅថ្មីៗនៅឡើយ និងស្ថិតស្ថិរក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរ ជោគជ័យ នៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នៅល្ងាចថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្តេចនាយករដ្ឋមន្ត្រី មានប្រសាសន៍បញ្ជាក់យ៉ាងដូច្នេះថា «ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលកម្ពុជាទទួលជាម្ចាស់ផ្ទះ ជាមហាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ ដែលកម្ពុជាទន្ទឹងរង់ចាំអស់ ៦៤ឆ្នាំ ទោះបីព្រឹត្តិការណ៍នេះទើបបានបិទបញ្ចប់ កាលពីខែមិថុនា ឆ្នាំ២០២៣កន្លងទៅ ក៏លទ្ធផល ស្នាដៃ កត្តិយស និងកិត្យានុភាពជាតិ កើតចេញពីព្រឹត្តិការណ៍ទាំងនេះ គឺហាក់ដូចជាស្ថិតនៅថ្មីៗ ហើយស្ថិតស្ថិរជានិច្ចនៅក្នុងក្រអៅបេះដូង របស់ប្រជាជនកម្ពុជាយើង»

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ក៏បានគាស់រំលើងស្មារតីអង្គរ ធ្វើឱ្យកូនខ្មែរបានដឹងថា ខ្មែរជាប្រទេសដ៏អស្ចារ្យ។ សម្តេច ក៏បានជំរុញឲ្យត្រូវរួមគ្នាបន្តស្មារតី «កីឡារស់ក្នុងសន្តិភាព» បើទោះបីព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមនៅកម្ពុជា បានកន្លងផុតទៅហើយក្តី ហើយកីឡារស់ក្នុងសន្តិភាព កីឡាដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីកីឡា។

ក្នុងឱកាសនោះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចឱ្យកីឡាករ កីឡាការិនី ចំនួន២៦រូប ដែលទទួលបានមេដាយមាស ប្រាក់ និងសំរឹទ្ធ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ជាប់បាក់ឌុបស្វ័យប្រវត្តិ។

សូមជម្រាបថា ការទទួលជាម្ចាស់ផ្ទះ រៀបចំការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ គឺជាប្រវត្តិសាស្រ្តដ៏កក្រើក មានតម្លៃបំផុត និងជាចំណែកដ៏ធំបំផុតដើម្បីលុបបំបាត់ប្រវត្តិសាស្រ្តវាលពិឃាត ដែលជាស្លាកស្នាមប្រវត្តិសាស្រ្តឈឺចាប់របស់ជាតិខ្មែរ។ ពិភពលោក បានសម្លឹងមើលមកកម្ពុជា ហើយបានកែប្រែទស្សនល្អៗមកលើកម្ពុជាក្រោមដំបូលនៃសុខសន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕