(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មិនត្រឹមមានបង្ហាញទៅកាន់អន្តរជាតិអំពីការរីកចម្រើនរបស់កម្ពុជា នៅក្រោយសង្គ្រាមនោះទេ តែបានគាស់រំលើងស្មារតីអង្គរ និងជំរុញឱ្យប្រជាពលរដ្ឋខ្មែរ គ្រប់និន្នាការនយោបាយទាំងក្នុង និងក្រៅប្រទេសបំផុសស្មារតីឱ្យស្រឡាញ់ជាតិ។

ការថ្លែងបែបនេះ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត បានធ្វើឡើងនៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចម និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរជោគជ័យ នៃការរៀបចំការ ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលរៀបចំឡើងនៅកម្ពុជាជាលើកដំបូង។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «ព្រឹត្តិការណ៍នៃការប្រកួតកីឡាស៊ីអាស៉ីអាគ្នេយ៍លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ មិនត្រឹមមានបង្ហាញទៅកាន់អន្តរជាតិអំពីការរីកចម្រើនរបស់កម្ពុជា នៅក្រោយសង្គ្រាម ក៏ដូចជាការបង្ហាញនូវអត្តសញ្ញាណ និងបេតិភណ្ឌជាតិមួយចំនួនដូចជាប្រាសាទអង្គរ និងកីឡាល្បុកតោនោះទេ»

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ក៏បានបំផុសស្មារតី ស្រឡាញ់ជាតិ ស្រឡាញ់កីឡា ស្រឡាញ់សុខភាព និងចលនាជាតិនិយមយ៉ាងផុសផុលដល់បងប្អូនជនរួមជាតិខ្មែរគ្រប់ស្រទាប់វណ្ណៈ គ្រប់ៗរូបឱ្យចងចាំថាកម្ពុជា ពិតជាជាតិមួយថ្កើនថ្កាន មានអរិយធម៌ខ្ពង់ខ្ពស់ ហើយយើងគ្រប់គ្នាត្រូវតែមានមោទនភាព។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា តាមរយៈការចូលរួមគាំទ្រពីសំណាក់បងប្អូនជនរួមជាតិ គ្រប់ស្រទាប់ វណ្ណៈ និងគ្រប់និន្នាការនយោបាយទាំងក្នុង និងក្រៅប្រទេស ព្រឹត្តិការណ៍នេះបានបំផុសស្មារតីឱ្យស្រឡាញ់ជាតិ ដល់បងប្អូនខ្មែរដែលរស់នៅក្រៅប្រទេស ហើយថែមទាំងបានជំរុញឱ្យបងប្អូនខ្មែរគ្រប់រូបឱ្យកាន់តែមានសាមគ្គីភាព និងកាន់តែជិតស្និទ្ធគ្នាទៅវិញទៅមក។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តថា ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម បានកន្លងផុតទៅហើយក្តី តែហាក់ស្ថិតនៅថ្មីៗនៅឡើយក្នុងក្រអៅបេះដូងប្រជាពលរដ្ឋខ្មែរ។ សម្រាបប់ព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ទទួលបានការចាប់អារម្មណ៍ខ្ពស់ សូម្បីអ្នកមិនចេះមើលកីឡា ក៏ចេះមើលដែរ។

សូមជម្រាបថា កម្ពុជារង់ចាំរយៈពេល ៦៤ឆ្នាំ ដើម្បីទទួលធ្វើជាម្ចាស់ផ្ទះនៃការប្រកួតស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែលនេះគឺជាប្រវត្តិសាស្រ្តដ៏កក្រើក មានតម្លៃបំផុត និងជាចំណែកដ៏ធំបំផុតដើម្បីលុបបំបាត់ប្រវត្តិសាស្រ្តវាលពិឃាតដែលជាស្លាកស្នាមប្រវត្តិសាស្រ្តឈឺចាប់របស់ជាតិខ្មែរ។ ពិភពលោកកំពុងសម្លឹងមើលមកកម្ពុជា ហើយបានកែប្រែទស្សនល្អៗមកលើកម្ពុជាក្រោមដំបូលនៃសុខសន្តិភាព ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា៕