(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅយប់ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា សម្តេចទើបចារឯកភាព លើកសំណើរបស់បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ដោយសម្រេចឱ្យកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយជូនជាតិមាតុភូមិ ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣២ ជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ដោយស្វ័យប្រវត្តិ។

សម្តេចនាយករដ្ឋមន្ត្រី ចាត់ទុកការសម្រេចនេះ គឺជាការសមស្របមួយ ដើម្បីតបស្នងលើការខិតខំប្រឹងប្រែងរបស់កីឡាករ កីឡាការិនីកម្ពុជា ដែលខិតខំរហូតយកបាននូវមេដាយមាស ប្រាក់ សំរិទ្ធ ជូនប្រទេសជាតិ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ទៀតថា ការលើកទឹកចិត្តដល់កីឡាករ កីឡាការិនី ដែលត្រូវប្រឡងបាក់ឌុប តាមរយៈការឱ្យជាប់ដោយស្វ័យប្រវត្តិនេះ មិនមែនជាលើកទី១ទេ កាលពីព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី៣១ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏សម្រេចឱ្យកីឡាករ កីឡាការនីចំនួន ៨នាក់ ជាប់បាក់ឌុប ដោយស្វ័យប្រវត្តិផងដែរ។

ការថ្លែងរបស់សម្តេចមហាបវរធិបតី យ៉ាងដូច្នេះធ្វើឡើងក្នុងឱកាសអញ្ជើញជា អធិបតីក្នុងពិធីអបអរសាទរ​ជោគជ័យនៃការរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម នារសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានមរតកតេជោ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងយ៉ាងដូច្នេះថា «ល្ងាចមិញនេះ ឯកឧត្តម ហង់ជួន ណារ៉ុន បានស្នើសុំគោលការណ៍ គឺចំពោះកីឡាករ កីឡាការនីយើងចំនួន ២៦រូប ដែលបានទទួលមេដាយមាស មេដាយប្រាក់ និងសំរិទ្ធ នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៉ីហ្គេមលើកទី ៣២ កន្លងទៅនេះ ហើយឆ្នាំនេះត្រូវប្រឡងបាក់ឌុប ហើយសុំគោលការណ៍ជាប់ដោយស្វ័យប្រវត្តិ ខ្ញុំបានចារឯកភាពល្ងាចមិញ សុំជាការលើកទឹកចិត្ត ព្រោះបងប្អូនខិតខំប្រឹងប្រែង ដើម្បីយកមេដាយជូនជាតិ ហើយខិតខំរៀបផង អីចឹងខ្ញុំគិតថាសមណាស់ហើយ ហើយកាលពីការប្រកួតស៉ីហ្គេមលើកទី៣១ យើងបានប្រគល់ជូនចំនួន៨នាក់ សម្តេចតេជោបានផ្តល់ ហើយនេះជាការលើកទឹកចិត្ត ហើយសមស្រប»

សូមជម្រាបថា ដំណើរការប្រឡងសញ្ញបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ០៦ វិច្ឆិកា ២០២៣ បានប្រព្រឹត្តទៅរយៈពេលពីរថ្ងៃ នៅថ្ងៃទី៦ និងទី៧ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយមានបេក្ខជនចុះឈ្មោះប្រឡងសរុបចំនួន ១៣៧ ៤១២នាក់ ស្រី៧៣ ២៧៨នាក់។

តាមការគ្រោងទុកលទ្ធផលប្រឡងនឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងនៅតាមមណ្ឌលប្រឡង ក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣៕